មន្រ្តីគណបក្សភ្លើងទៀនឱ្យដឹងថាសកម្មជនម្នាក់នៅខេត្តបាត់ដំបងត្រូវបានដាក់សម្ពាធឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ទើបអាចត្រូវបានដោះលែង។
តុលាការខេត្តបាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀន លោក ឡី សុខុន ក្នុងករណីរឿងថតវីដេអូមន្រ្តីបក្សកាន់អំណាចកាន់បញ្ជីឈ្មោះអ្នកបោះឆ្នោត នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយបង្ហោះនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។ សកម្មជនរូបនោះត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើលំនៅឋានគេ និងត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមអ្នកនាំពាក្យរបស់តុលាការខេត្តបាត់ដំបង។
អនុប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង លោក ឌឹម សារឿន ដែលបានតាមដាន និងបានជួបលោក ឡី សុខុន ដែលជាប្រធានក្រុមការងារស្រុកឯកភ្នំសម្រាប់គណបក្សភ្លើងទៀន នៅតុលាការ កាលពីថ្ងៃព្រហស្បតិ៍ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ដើមបណ្តឹងបានសម្រេចដកពាក្យបណ្តឹង ប៉ុន្តែលោក សុខុន នៅតែជាប់បណ្តឹងអាជ្ញា ដែលចៅក្រមស៊ើបសួរនៅតែបន្តចោទប្រកាន់ ហើយសម្រេចឃុំខ្លួនរូបលោក។ លោកចាត់ទុកករណីនេះជារឿងនយោបាយសុទ្ធសាធ ព្រោះវាមិនមែនជារឿងធំដុំអ្វីឡើយ។
លោក ឌឹម សារឿន បន្ថែមថាសកម្មជន លោក សុខុន ត្រូវបានប្រាប់ឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ទើបអាចត្រូវដោះលែង។
លោកប្រាប់វីអូអេថា៖ «ប៉ុនយើងមានតម្រុយខ្លះ គេឱ្យគាត់ចូលរួមជាមួយគណបក្សប្រជាជនហ្នឹង អាហ្នឹងបានគេដោះលែង អាហ្នឹងខ្ញុំមានតម្រុយខ្លះ មិនមែនស្មានទេណា យើងមានតម្រុយពិតប្រាកដមួយ យើងអាចទទួលយកបាន ប៉ុន្តែសាមីខ្លួនគាត់ គាត់មិនអាចក្បត់ឆន្ទៈ ក្បត់មនសិការ ក្បត់ឆន្ទៈ ក្បត់គណបក្សភ្លើងទៀនបានទេ»។
សកម្មជនគណបក្សភ្លើងទៀន លោក ឡី សុខុន អាយុ៤៩ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែមិថុនា វេលាម៉ោង៩ព្រឹក ខណៈលោកកំពុងតែចុះពីលើរថយន្ត ឆ្ពោះទៅរកហាងកាហ្វេមួយកន្លែងនៅក្នុងក្រុងបាត់ដំបង។ នេះបើតាមការអះអាងរបស់ភរិយាលោក។
អ្នកស្រី លី លីនដា អាយុ២៩ឆ្នាំ ជាភរិយារបស់សកម្មជនរូបនោះ ប្រាប់វីអូអេនៅថ្ងៃសុក្រថាអ្នកស្រីមិនទាន់ត្រូវបានមន្រ្តីពន្ធនាគារអនុញ្ញាតឱ្យចូលសួរសុខទុក្ខស្វាមីនៅឡើយទេ។ អ្នកស្រីចាត់ទុកករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយ ហើយវាជារឿង«អយុត្តិធម៌ខ្លាំងមែនទែន»សម្រាប់ស្វាមីដែលសកម្មនឹងរឿងនយោបាយ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់អស់ចិត្ត ចង់និយាយថាអ្នកដែលដាក់ពាក្យបណ្តឹងហ្នឹង គាត់បានដកពាក្យបណ្តឹងអស់ហើយ ហើយនៅតែបន្តចាប់ខ្លួនគាត់ទៅឃុំឃាំងទៀត ដល់ពេលអញ្ចឹង វាពិបាកទទួលយក ពិបាកទទួលយកមែនទែន»។
បើតាមភរិយា លោក ឡី សុខុន ត្រូវបានបុគ្គលម្នាក់ឈ្មោះ លោក ឡាញ់ ជុន ប្តឹងពីបទ«ចូលផ្ទះដោយគ្មានការអនុញ្ញាត និងឆក់យកលុយ»។ ករណីនេះពាក់ព័ន្ធនឹងស្វាមីរបស់អ្នកស្រីដែលថតវីដេអូនៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បង្ហាញសកម្មភាពមន្រ្តីគណបក្សប្រជាជនកម្ពុជាកាន់បញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយប្រមូលផ្តុំគ្នាកត់ឈ្មោះប្រជាពលរដ្ឋ។ ប៉ុន្តែអ្នកស្រីបានការពារថាស្វាមីមិនបានចូលទៅក្នុងផ្ទះនោះទេ ដោយគ្រាន់តែឈរនៅខាងមុខផ្ទះ ហើយក៏មិនបានឆក់យកលុយដែរ។
វីដេអូបង្ហាញថាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានដាក់តុអង្គុយក្បែរការិយាល័យបោះឆ្នោត ដោយមានតារាងបញ្ជីឈ្មោះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីបញ្ជាក់ថា តើពលរដ្ឋណាខ្លះមកបោះឆ្នោត ហើយតើនរណាខ្លះដែលមិនមកបោះឆ្នោត។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ធ្លាប់ប្រាប់វីអូអេថា គណបក្សប្រជាជនកម្ពុជាមិនបានគំរាមកំហែងឱ្យសកម្មជនបក្សប្រឆាំងចុះចូលជាមួយគណបក្សកាន់អំណាចឡើយ ហើយលោកថាសកម្មជនបក្សប្រឆាំង ឬប្រជាពលរដ្ឋដែលចូលរួមជាមួយគណបក្សកាន់អំណាច គឺជាការចូលរួមដោយស្ម័គ្រចិត្ត ស្រឡាញ់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យរបស់តុលាការខេត្តបាត់ដំបង លោក ដួង សារ៉ន ប្រាប់វីអូអេថា លោក សុខុន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទរំលោភលើលំនៅឋាន តាមមាត្រា២៩៩នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនរូបលោក។ មាត្រា២៩៩នៃបទរំលោភលើលំនៅឋាន ចែងថាអំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល។
លោក ដួង សារ៉ន បន្ថែមថាការសម្រេចឃុំខ្លួនជាសិទ្ធិរបស់ចៅក្រមស៊ើបសួរ។
លោក ឡាញ់ ជុន ដែលជាដើមបណ្តឹង ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានដកបណ្តឹងវិញហើយ ដូច្នេះលោកមិនចង់អធិប្បាយច្រើនលើករណីនេះ។
គួរបញ្ជាក់ថា សកម្មជនគណបក្សភ្លើងទៀនមួយចំនួនត្រូវបានចាប់ខ្លួន នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ហើយគណបក្សបានចាត់ទុកថាការណ៍នេះជាការបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញដល់សកម្មជនថ្នាក់ក្រោម៕