សកម្មជន​គណបក្ស​ភ្លើង​ទៀនក្នុង​ខេត្ត​កណ្តាល​បង្ហាញ​ការ​សោកស្តាយ និង​មិន​នឹកស្មាន​ដល់ ក្រោយ​មិន​បាន​ឈ្នះ​តំណែង​មេឃុំ

លោក នួន អាត បេក្ខជនឈរឈ្មោះឲ្យគណបក្សភ្លើងទៀន ក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុនណារិន/វីអូអេ)

លោក នួន អាត បង្ហាញ​ការ​អស់​ទឹក​ចិត្ត​របស់​លោក​នឹង​ការ​ធ្វើ​នយោបាយ​នា​ពេល​នេះ ក្រោយ​គណ​បក្ស​ភ្លើង​ទៀន​របស់​លោក​មិន​បាន​ឈ្នះ​តំណែង​មេឃុំ​ពាមឧក​ញ៉ាអុង​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ថ្ងៃ​អាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២។

លោក អាត អាយុ​៧១​ឆ្នាំ ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​មក​ពី​គណបក្ស​ភ្លើង​ទៀន ឲ្យ​ដឹង​ថា​គណបក្ស​ឈ្នះ​តែ​មួយ​អាសនៈ​ប៉ុណ្ណោះ​ក្នុង​ចំណោម​៧​អាសនៈ​ក្នុង​ឃុំ​ពាម​ឧកញ៉ាអុង។

លោក​ប្រាប់​វីអូអេ​ថា៖«តាំង​ពី​មាន​គណបក្ស​មក(គណបក្ស សម រង្ស៊ី)​ ឃុំ​ពាម​ឧកញ៉ា​អុង​មិន​ដែល​ធ្លាក់​ដល់មួយ​កៅ​អី​ទេ​ អត់​ដែល​មាន​ទេ។ មាន​តែ​៣កៅ​អី​រហូត​តាំង​ពី​គណបក្ស​សម រង្ស៊ី​ ភ្លើង​ទៀន​នេះមក​ ៣​កៅ​អី​រហូត...អ៊ីចឹ​ងមក​អាណត្តិ​នេះ ខ្ញុំ​ថា​តស៊ូជាមួយ​ភ្លើងទៀន​ក្រែង​លោ​សើ​រើ​បាន​វិញ​ខ្លះ បាន​ពីរ​ឬ​បី​កៅ​អី​ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ​ ស្រាប់​តែ​បាន​មួយ​កៅ​អី​វា​ហួស​ការ​គិត​ស្មាន​របស់​ខ្ញុំ»។

លោក អាត ស្ថិត​ក្នុង​ចំណោម​បេក្ខជន​របស់​គណបក្ស​ភ្លើង​ទៀន​រាប់​ពាន់​នាក់​ដែល​មិន​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ដូច​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៧។ ក្តី​សង្ឃឹម​ពួក​គេ​ប្រែ​ជា​ការ​នឹក​ស្មាន​មិន​ដល់ នៅ​ពេល​គណបក្ស​ទទួល​បាន​ការ​គាំទ្រ​តិច​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក អាត ជា​អតីត​មេឃុំ​ពាម​ឧកញ៉ាអុង កាល​ពី​ឆ្នាំ​២០១៧ នា​ពេល​គណបក្ស​ប្រឆាំង គឺ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មាន​សំឡេង​គាំទ្រ​ច្រើន។ អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ប្រមាណ​៥០០ និង​អាសនៈ​ក្រុម​ប្រឹក្សា​ប្រមាណ​៥​ពាន់​នៅ​ទូទាំង​ប្រទេស​។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​លើក​នេះ បាន​ធ្វើ​ឲ្យ​លោក ​នួន អាត ​សោកស្តាយ​ជា​ទីបំផុត។

លោក​ថ្លែង​ថា៖«ខ្ញុំ​សោក​ស្តាយ​ៗ បើ​ធ្វើ​ត្រឹម​ត្រូវ យុត្តិធម៌ គឺ​ខ្ញុំ​អត់​សោក​ស្តាយ​ទេ។ នេះវា​អយុត្តិធម៌ អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​ដែល​លោកខំ​ទៅ​បោះ​ឆ្នោតឱ្យ ធ្វើ​ឱ្យ​ខ្ញុំ​សោក​ស្តាយ»។

លោក អាត ដែល​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ជាង​១០​ឆ្នាំ​មក​ហើយ បាន​លើក​ឡើង​ថា​សកម្ម​ជន​ថ្នាក់​ក្រោម​រង​ការ​គំរាម​កំហែង​នៅ​មុន​ការ​បោះ​ឆ្នោត មាន​ការ​ផ្តល់​ប្រាក់​ដល់​ប្រជាពលរដ្ឋ​ពី​សំណាក់​គណបក្ស​កាន់​អំណាច។ លោក​ក៏​រិះគន់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ផង​ដែរ​ថា​មិន​ទាន់​ឯករាជ្យ​នៅ​ឡើយ។

​លោក​បញ្ជាក់​ថា៖«ការ​បោះ​ឆ្នោត​ប៉ុន្មាន​អាណត្តិ​នេះ​ មាន​តែ​អាណត្តិនេះ​ទេ​ ដែល​ប្រជាជន​ខ្លាច​ជាង​គេ ធ្វើ​ឱ្យប្រ​ជាជន​ខ្លាច​ជាង​គេ មិនហ៊ាន​ចូល​រួម អាហ្នឹង​ដោយ​សារ​គាត់​ខ្លាច»។

លោក​បន្ថែម​ថា៖ «ឥឡូ​វនេះ​ខ្ញុំ​អស់​ទឹក​ចិត្ត​នឹង​ធ្វើ​ត​ទៅ​ទៀត ហើយ​ខ្ញុំ​ជាប់​បាន​មួយ​កៅ​អី​ ក៏​ខ្ញុំ​អត់​ធ្វើ​ដែរ​ អត់​ធ្វើ​ទេ ។ យក​ចុះ! ព្រោះ​សង្គ្រោះ​ជាតិ ខ្ញុំ​ឱ្យ​គេ​ទាំង​អស់​ដែរ។ បើ​នៅ​របៀប​ហ្នឹង ខ្ញុំ​អត់​ធ្វើ​ទេ លុះ​ត្រា​អន្តរ​ជាតិ​ចុះ​មក ធ្វើ​ដូច​អ៊ុន​តាក់ អាហ្នឹង​ខ្ញុំ​ធ្វើ ខ្ញុំ​ធ្វើ​ទៀត»។

លោក លាម ពេជ្រ បេក្ខជនឈរឈ្មោះឲ្យគណបក្សភ្លើងទៀន ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុនណារិន/វីអូអេ)

មួយ​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គណបក្ស​ភ្លើង​ទៀន​បាន​លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី​៥​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ឡើយ។ គណបក្ស​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នា​ថ្ងៃ​ចន្ទ​នេះ​ថា​មិន​មាន​បរិយាកាស​ស្មើ​ភាព ពល​រដ្ឋ​មិន​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ និង​ការ​បញ្ចេញ​មតិ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ ហើយ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ក៏​មិន​ទាន់​ឯករាជ្យ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​ទិញ​ទឹក​ចិត្ត ឬ​គំរាម​កំហែង​ប្រជាពលរដ្ឋ។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ធ្លាប់​លើក​ឡើង​ថា​ការ​ផ្តល់​ប្រាក់ គឺ​ធ្វើ​ឡើង​សម្រាប់​តែ​សមាជិក​របស់​គណបក្ស​តែ​ប៉ុណ្ណោះ។

ចំណែក​ស្ថាប័ន​គ.ជ.ប លើក​ឡើង​ថា​ខ្លួន​ធ្វើ​តែ​ទៅ​តាម​ច្បាប់ប៉ុណ្ណោះ ហើយ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់ មាន​សន្តិសុខ ​សុវត្ថិភាព ​សណ្តាប់​ធ្នាប់ ​គ្មាន​អំពើហិង្សា និង​ការ​គំរាម​កំហែង។

បើ​តាម​ការ​ផ្សាយ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) អំពី​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ការ​អះ​អាង​របស់​មន្រ្តី​គណបក្ស​កាន់​អំណាច គណ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ស្ទើរ​ទូទាំង​ប្រទេស។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​អាណត្តិ​ទី​៥​នេះ ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប១១៦២២​នាក់​នៅ​ទូទាំង​ប្រទេ​ស ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់១.៦៥២​នាក់។

នៅ​ក្នុង​ស្រុក​ល្វាឯម​ដដែល លោក លាម ពេជ្រ ជា​បេក្ខ​ជន​លេខ​រៀង ទី២ សម្រាប់​ឃុំ​អរិយក្សត្រ​ដែល​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៧។ នៅ​ក្នុង​ការ​បោះឆ្នោត​នា​អាណត្តិទី៥នេះ គណបក្ស​ភ្លើង​ទៀន​ឈ្នះ​តែ​មួយ​អាសនៈ​ក្នុង​ចំណោម​៧​អាសនៈ។

លោក​ថ្លែង​ថា៖«ព្រោះ​វា​អយុត្តិធម៌​ចំពោះ​ខ្ញុំ និង​ប្រជាជន​ខ្ញុំ ខ្លាំង​ពេក យោង​ទៅ​លើ​សកម្ម​ភាព​ដែល​គំរាម​កំហែង បំភិត​បំភ័យ​ បំបាក់​ស្មារតី​ និង​ទិញ​ទឹក​ចិត្ត​គ្រប់​ប្រភេទ​ រាល់​សកម្មភាព​ទាំង​អស់​ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បាន»។

លោក​ចង់​ឃើញ​ស្ថាប័ន​គ.ជ.ប ឯករាជ្យ ទើប​លោក​អាច​ចូលរួម​សកម្ម​ភាព​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​តំណាង​រាស្រ្ត​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​លើក​ដៃ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពល​រដ្ឋខ្មែរ​ទាំង​អស់ សូម​លោក​ភ្ញាក់​រឭកឡើង ដើម្បី​ការ​ផ្លាស់​ប្តូរ​មេដឹក​នាំ​របស់​យើង ​ចូលរួម​នូវ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ឱ្យ​បាន​ច្រើ​ន​ទាំង​អស់​គ្នា។ កុំ​បាក់​ស្មារតី​ កុំ​តូច​ចិត្ត ធ្វើ​ម៉េច​ពូជ​ពង្ស​យើង​ជា​អ្នក​តស៊ូ​ ជា​អ្នក​ប្រជាធិប​តេយ្យ យើង​ទាម​ទា​រផ្លាស់​ប្តូរ​ឱ្យ​បាន​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ»៕