លោក​សម រង្ស៊ី​សុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យួរ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ជំនួយ​និង​កម្ចី​ជា​ច្រើន​លានដុល្លារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ជាពិសេស​វិស័យ​ផ្លូវដែក ​និង​ការ​អភិវឌ្ឍ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។​

វ៉ាស៊ីនតោន៖ មេ​ដឹកនាំ​គណបក្ស​ជំទាស់​ស្នើ​សុំ​ឲ្យ ​ADB ព្យួរ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​ដោយ​និយាយ​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ខុស​ច្បាប់។​

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើរជូន​លោក​ Takehiko Nakao ​នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ​លោក​សម រង្ស៉ី​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ជា​រដ្ឋាភិបាល​ខុសច្បាប់​ មិនអាច​មាន​សិទ្ធិ​ចុះ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ ក្នុង​នាម​ប្រទេស​កម្ពុជា​បាន​ទេ។ ​

លិខិត​របស់​លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះថ្ងៃទី​៧ ​ខែ​តុលា​ឆ្នាំ​២០១៣​ ដែលត្រូវ​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ ​បាន​និយាយ​យោង​ទៅលើ​ពហិកា​ សមាជិក​សភា​៥៥​រូប​របស់​ក្រុម​ជំទាស់​ដែល​មិន​បាន​ចូលរួម​ផ្តល់​ភាព​ស្របច្បាប់​ ដល់​សភា​និង​រដ្ឋាភិបាល​ថ្មី​ ដោយសារ​ការ​មិនដោះ​ស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ ក្នុងការ​បោះឆ្នោត​ហើយនឹង​មួយ​វិញ​ទៀត​គឺ​កើតឡើង​ផ្ទុយ​ពី​មាត្រាច្បាប់​ចំនួន​ពីរ​នៃ​រដ្ឋ​ធម្មនុញ្ញ​ ជាពិសេស​មាត្រា​៧៦​ដែល​តម្រូវ​ថា ​សភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​១២០រូប​ ហើយ​នឹង​មាត្រា​ទី​៥១​ដែល​ចែង​ថា​ កម្ពុជា​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​ សេរី​និយម​និង​ពហុបក្ស​ មិនមែន​បក្សតែ​មួយ​ទេ។​

«ដូចបាន​ជំរាប​ខាង​លើ​ថា​ នេះ​ជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ ហើយ​នឹង​ការ​ជាប់​គាំង​ នយោបាយ​នោះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ​គួរតែ​ព្យួរ​កិច្ចព្រម​ព្រៀង​នានា​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន។​ ធនាគារ ADB ​គួរ​កុំ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​ថ្មី​ណាមួយ​ជាមួយ​រដ្ឋាភិបាល​ ដែល​ មិន​អាច​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។ ​ដូច្នេះ​ហើយ​រដ្ឋាភិបាល​នេះ​មិន​ អាច​ធ្វើការ​សន្យា​ណាមួយ​ដោយ​ស្របច្បាប់​និង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បានទេ»។​

លិខិត​របស់​លោក​ត្រូវ​គេ​គិត​ថា ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​លោក​លើ​ឆាក​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ជំនួយ​និង​កម្ចី​ជា​ច្រើន​លានដុល្លារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ជាពិសេស​វិស័យ​ផ្លូវដែក ​និង​ការ​អភិវឌ្ឍ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។​ គេ​ពុំទាន់​ឃើញ​មាន​ការឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណើរ​របស់​លោក​សម រង្ស៉ី​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី​ទេ ​នៅ​ថ្ងៃ​នេះ។​

តែ​លោក​ជាម យៀប​ មន្ត្រីជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​និង​ជា​ប្រធាន​គណៈ កម្មការ​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​សភា​ បាន​អះអាង​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​ អ្នក​តំណាង​របស់​គេ​ប្រចាំ​កម្ពុជា។​ ដូច្នេះ​គេ​មិន​ធ្វើ​តាម​ការ​ស្នើ​របស់​លោក​សម រង្ស៉ី​ទេ។​ លោក​ជាម យៀប​បានបង្ហាញ​ការ​ខឹង​សម្បារ​នឹង​លិខិត​របស់​លោក​សម រង្ស៉ី​ផ្ញើរ​ទៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដោយ​ចាត់​ទុក​ថា ​ជា​ការ​យកដៃ​ទៅ​ច្របាច់​ករ​ ប្រជា​ពលរដ្ឋ​កម្ពុជា​ និង​ប្រទេស​កម្ពុជា​ទាំងមូល។​

«ខ្ញុំ​គ្រាន់តែ​សុំជំរាប​ថា​ លុយ​ដែល​រាជ​ដ្ឋាភិបាល​បាន​មក​ពីក្រៅ​ប្រទេស​ជា​កច្ចី​ ក៏​ដោយ​ ជាជំនួយ​ក៏ដោយ​ គឺយក​ទៅ​ប្រើប្រាស់​ជូន​ដល់​ប្រជា​ពលរដ្ឋ ​ទាំង​អ្នក គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រជាជន​ ទាំង​អស់​ទូទាំង​ប្រទេស»។​

លោក​ថ្លែង​ថា​ សភា​និង​រដ្ឋាភិបាល​កម្ពុជា​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ដែល​ ឈ្នះ​អាសនៈ​៦៨​លើ​១២៣​នោះ​គឺ​ស្រប​ច្បាប់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​ ហើយ​ថា​ ការ​បង្កើត​សភា​និង​រដ្ឋាភិបាល​ថ្មី​មិនមែន​ជា​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ តែ​ជា ការ​ធ្វើ​កិច្ចការ​ទៅ​តាម​ច្បាប់។​ លោក​បាន​បន្ថែម​ថា ​រដ្ឋ​សភា​ថ្មី​មិនមែន​ឯកបក្ស​ទេ​តែ​ក៏​មិន​អាច​យក​កាំភ្លើង​ទៅ​ភ្ជង់​ឲ្យ​ពួក​គេ​ចូលរួម​បាន​ដែរ។​

ក្នុងលិខិត​ដដែលនោះ​ មេដឹកនាំ​គណបក្ស​ជំទាស់​ក៏​បាន​លើក​ឡើង​ផង​ដែរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​បាន​ធ្វើ​តាម​ការ​ទទូច​របស់​អង្គការ​សហភាព​អឺរ៉ុប​ ស.រ.អា. ​NDI ​និង​មន្ត្រី​អ.ស.ប. ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​ឆ្នាំ២០១៣​ ដើម្បីធានា​ភាព​សេរី ​និង​យុត្តិធម៌​មុនការ​បោះឆ្នោត។​

ក្នុងលិខិត​ដដែល​នោះ​ មេដឹកនាំ​គណបក្ស​ជំទាស់​បាន​បេ្តជ្ញា​ថា​ នឹង​ពង្រីក​យុទ្ធនាការ​របស់​លោក​នៅ​លើ​ឆាក​អន្តរជាតិ​ ជា​លិខិត ​ញត្តិ ​និង​ការ​ជួប​សន្ទនា​ផ្ទាល់ៗ ដើម្បី​កុំ​ឲ្យ​បរទេស​គាំទ្រ​ និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​ក៏បាន​ដាក់​គំរោង​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី២៣​តុលា​ខាងមុខ​ក្នុង​សួន​ប្រជា​ធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ​ដែរ។​ គណបក្ស​កាន់​អំណាច​ដែល​ធ្លាប់​រង​ការ​កៀប​សង្កត់​ជា​អន្តរជាតិ​ជាច្រើន​លើក​ បង្ហាញ​ពីការ​មិន​អើពើ​នឹង​សម្ពាធ​ថ្មីណា​មួយ​របស់​បរទេស​ទេ។​ តែ​បាន​អះអាង​ថា ​ខ្លួន​នៅ​បើក​ទ្វារ​ចំហ​សម្រាប់​គណបក្ស​ជំទាស់​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ៕​