ក្រុម​ប្រទេស​នាំ​​ប្រេង​ចេញ OPEC បន្ត​ការ​ពិភាក្សា​គោលនយោបាយ​ប្រេង​ស្រប​ពេល​មាន​ការ​ប្រឆាំង​ពី​អេមីរ៉ាត់អារ៉ាប់រួម

  • ​Reuters

រូប​ឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត​ព្រះ​អង្គម្ចាស់ Abdulaziz bin Salman ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​​ខែ​មេសា ឆ្នាំ​២០២០។

រដ្ឋមន្ត្រីក្រុម​ប្រទេសនាំ​ប្រេង​ចេញ​ឬ​ហៅ​កាត់​ថា OPEC នឹង​ពិនិត្យ​មើលកិច្ច​ពិភាក្សាគ្នា​ស្តីពី​ការ​ស្តារ​ការ​ផលិត​ប្រេងរបស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពីសប្តាហ៍​មុន​នៅ​ពេលដែល​ប្រទេសអេមីរ៉ាត់​អារ៉ាប់រួម​បាន​ប្រឆាំង​ជំទាស់​ទៅ​នឹង​ការ​ស្នើសុំពន្យារ​ពេល​ផ្អាក​ការ​បង្កើន​ផលិតប្រេង​ក្នុង​រយៈ​ពេល​៨​ខែ​បន្ថែមទៀត​នោះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត​ព្រះ​អង្គម្ចាស់ Abdulaziz bin Salman បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​អាទិត្យ​ឲ្យមាន​ការ​«សម្រប​សម្រួល​និង​ហេតុផល​ត្រឹម​ត្រូវ» ដើម្បី​ធ្វើ​ឲ្យ​មានកិច្ច​ព្រម​ព្រៀងមួយ​បន្ទាប់​ពី​ការ​ពិក្សាគ្នា​អស់​រយៈ​ពេល​២​ថ្ងៃ​កាល​ពី​សប្តាហ៍​មុន​បាន​ទទួល​បរាជ័យ​មក។

ក្រុម​រដ្ឋមន្ត្រី​ទាំង​នោះ បាន​ផ្តោត​លើ​ការ​បង្កើន​ការ​ផលិត​ប្រេង​ចាប់​ពី​ខែ​សីហា​តទៅ​ដោយមួយ​ផ្នែក​ចង់ជួយ​រក្សា​តម្លៃ​ប្រេង​ម៉ាស៊ីនដែល​អាត្រា​ជួញ​ដូរ​មាន​កម្រិតខ្ពស់​២កន្លះ​ប្រចាំ​ឆ្នាំ និង​ប្រេង​ឆៅ​មាន​អាត្រា​ជួញ​ដូច​ក្នុង​តម្លៃ​ប្រមាណ​៧៦​ដុល្លារកាល​ពី​ថ្ងៃ​ចន្ទ។

តម្លៃ​ប្រេង​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​បារម្ភ​ពី​អតិផលរណា​ ដែល​អាច​ប៉ះ​ពាល់​ដល់ការស្តារឡើង​វិញ​នៃ​សេដ្ឋកិច្ច​សាកល​ពី​វិបត្តិ​ជំងឺ​រាតត្បាត​នោះ។​

អង្គការ OPEC បាន​យល់​ព្រម​កាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​ខ្លួន​ក្នុង​កម្រិតជិត​១០លាន​ធុង​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ឆ្នាំ​ទៅ​ស្រប​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​រាតត្បាត​កូវីដ​១៩​ហើយ​ដែល​បច្ចុប្បន្ន​ការ​ផលិត​ប្រេង​នៅ​ត្រឹម​កម្រិត​៥លាន​៨សែន​ធុង​ក្នុង​មួយ​ថ្ងៃ។

តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត ក៏​ដូច​ជា​ប្រទេស​នាំប្រេងចេញ​មួយ​ចំនួន​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ស្នើបង្កើន​ការ​ផលិតប្រេងក្នុង​កម្រិត២លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​ខែ​សីហា​រហូត​ដល់​ខែ​ធ្នូ ប៉ុន្តែ​បាន​ជំទាស់​ទៅ​នឹង​ការពន្យារ​ពេល​ការកាត់​បន្ថយ​ការ​ផលិតរហូត​ដល់​ចុង​ឆ្នាំ​២០២២​ដែលកាល​បរិច្ឆេទ​នៃការ​ផ្អាក​នោះ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ខែ​មេសា​កន្លង​ទៅ៕​