ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងអង្គការOPEC+ នៅថ្ងៃអាទិត្យនេះបានប្រកាសពីការកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្ត ក្នុងចំនួន១,១៥លានធុងក្នុងមួយថ្ងៃ ដែលជាវិធានការដ៏ភ្ញាក់ផ្អើលមួយ ដែលអង្គការនេះនិយាយថា ក្នុងបំណងទប់ទល់ឱ្យមានស្ថិរភាពលើទីផ្សារប្រេង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
បណ្តាប្រទេសផលិតប្រេងទាំងនេះ ត្រូវគេរំពឹងថា នឹងរក្សាទុកការកាត់បន្ថយការផលិតប្រេងរបស់ខ្លួនចំនួន២លានធុងក្នុងមួយថ្ងៃ ដែលបានឯកភាពក្នុងពេលកន្លងទៅ ខណៈពេលដែលសមាជិកគណៈកម្មការរបស់ក្រុមនេះដែលជារដ្ឋមន្ត្រី ដែលរួមមានមកពីប្រទេសអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ី ផងដែរនោះ នឹងជួបប្រជុំគ្នាតាមអនឡាញនៅថ្ងៃចន្ទនេះ។
កាលពីខែតុលា ឆ្នាំមុន អង្គការ OPEC+ ដែលរួមមានអង្គការមកពីប្រទេសនាំប្រេងចេញ (OPEC) និងសម្ព័ន្ធមិត្តដែលដឹកនាំដោយរុស្ស៊ីនោះ បានឯកភាពគ្នាលើការកាត់បន្ថយការផលិតប្រេងចំនួន២លានធុងក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិការហូតដល់ចុងឆ្នាំនេះ ដែលបានធ្វើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានការខឹងសម្បារ ដោយសារការផ្គត់ផ្គង់ប្រេងមានការខ្វះខាត ដែលធ្វើឱ្យតម្លៃប្រេងលើទីផ្សារកើនឡើង។
សហរដ្ឋអាមេរិក បានលើកហេតុផលអះអាងថា ពិភពលោកត្រូវការតម្លៃប្រេងទាប ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងរារាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនឱ្យរកចំណូលបានច្រើនពីការលក់ប្រេងនេះ ដើម្បីជួយដល់ការធ្វើសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។
ការប្រកាសពីការកាត់បន្ថយការផលិតប្រេងជាថ្មីទៀតនៅថ្ងៃអាទិត្យម្សិលមិញ ដែលត្រូវចូលជាធរមាននៅខែឧសភាខាងមុខនេះ គឺជាការប្រកាសកាត់បន្ថែមទៅលើអ្វីដែលបានឯកភាពគ្នារួចហើយក្នុងការកាត់បន្ថយការផលិតប្រេងកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ៕