ព្រះរាជអាជ្ញាជាតិ៖ មាន​តែ​សាលាក្តី​ខ្មែរ​ក្រហម​ប៉ុណ្ណោះ អាច​នាំ​មេដឹកនាំ​ខ្មែរ​ក្រហម​មក​កាត់ទោស​បាន

រូបឯកសារ៖ ព្រះសង្ឃ​មួយ​អង្គ និមន្ត​នៅ​មុខ​បន្ទប់​សវនាការ​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ជាយ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣។

សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​សង្កត់​ធ្ងន់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ស្ថាប័ន​តុលាការ​ដែល​អាច​នាំ​ខ្លួន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម និង​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​បំផុតមក​ជំនុំជម្រះ​ទោស​បាន​ គឺ​មាន​តែ​សាលាក្តី​ខ្មែរ​ក្រហម​តែ​មួយ​ប៉ុណ្ណោះ។ នេះ ជា​ការ​លើក​ឡើង​ដែល​ហាក់​ដូច​ជា​សំដៅ​ឆ្លើយ​តប​ទៅ​នឹងសេចក្តី​ថ្លែងការណ៍​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​អំពីសំណុំ​រឿង​០០៣​ ពាក់ព័ន្ធ​នឹង​ជន​ជាប់​ចោទ​ មាស​ មុត។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​របស់​សហ​ព្រះ​រាជ​អាជ្ញា​ជាតិនៅ​ថ្ងៃ​ទី​២១ ​ខែ​ធ្នូ​ ឆ្នាំ២០២១ ដោយ​សំអាង​លើ​ច្បាប់​ស្តី​ពីការ​បង្កើត​សាលាក្តីកូន​កាត់​ដែល​មាន​ការ​ចូល​រួម​ដោយ​អង្គការ​សហប្រជាជាតិ។

កាល​ពី​ថ្ងៃ​ចន្ទ​ទី​២០ ​ខែ​ធ្នូ ​សហព្រះ​រាជ​អាជ្ញា​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​លើក​ឡើងក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​របស់​ខ្លួន​ថា​ ទោះ​បី​ជា​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​សម្រេច​ទាត់​ចោល​សំណើ​បញ្ចូន​សំណុំ​រឿង​០០៣​ ទៅ​ជំនុំ​ជម្រះ​ក៏​ដោយ ក៏​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​របស់​ជន​ជាប់​ចោទ​ មាស មុត នៅ​តែ​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​នៃ​តុលាការ​ជាតិ​កម្ពុជា ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដែរ។

លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ​ចំនួន​រួម​ទាំងអំពើ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដូច​ជា​អំពើ​មនុស្ស​ឃាត ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ធ្វើ​ទារុណកម្ម​និង​អំពើ​អមនុស្សធម៌ផ្សេង​ៗ​ទៀត​ជាដើម។

ក្នុង​សំណុំ​រឿង​០០៣​នេះ មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​នីតិវិធី​រួម​ទាំង​យុត្តាធិការ​បុគ្គល​រវាង​សហ​ព្រះ​រាជ​អាជ្ញា​ជាតិ ​និង​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ ដោយ​ភាគី​អន្តរជាតិ​ផ្តល់​អំណះ​អំណាង​ថា​ ជន​ជាប់ចោទ មាស មុត ស្ថិត​ក្រោម​ដែន​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដែល​ត្រូវនាំខ្លួន​មកកាត់​ទោស ប៉ុន្តែ​ភាគី​ជាតិ​អះអាង​ថា​ ជន​ជាប់​ចោទ​រូប​នេះ មិន​ស្ថិត​ក្នុង​ក្រុម​អតីត​មេដឹកនាំ​ ឬ​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​ដែលត្រូវ​ស្តីបន្ទោស​ថា ​បានកាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​ជាង​១លាន ​៧ សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០ ​ទេ។

កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​ធ្នូ​ ឆ្នាំ​២០២១ តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​សម្រេច​បញ្ចប់​សំណុំ​រឿង​០០៣ ដោយសំអាង​ថា​ គ្មាន​ដីកា​បញ្ជូន​សំណុំ​រឿង​នេះ​ ទៅ​ជំនុំជម្រះ​បាន។

ដោយ​ផ្អែក​លើ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ សហចៅក្រម​ស៊ើបអង្កេត​ជាតិ​និង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក៏​បាន​សម្រេច​បញ្ចូល​សំណុំ​រឿង​០០៣​នេះ​ ទៅ​ក្នុង​បណ្ណសារដ្ឋាន​ ឬ​ឥត​ចាត់​ការ​បន្ត​ទៀត​ឡើយ។

ច្បាប់​បង្កើត​សាលាក្តី​ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយអង្គការ​សហប្រជាជាតិ​កំណត់​ថា​ សាលាក្តី​ខ្មែរ​ក្រហមអាច​នាំខ្លូន​មេដឹកនាំ​ជាន់​ខ្ពស់បំផុត​ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​មក​ជំនុំជម្រះ​ទោស​បានតែ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​៦ ខែ​មករា ឆ្នាំ​១៩៧៩​ ប៉ុណ្ណោះ។

សាលាក្តី​នេះ កន្លង​មក​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់​អំពី​អំពើ​ពុករលួយ ​និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ទៅ​ក្នុង​ឯករាជ្យភាព​នៃ​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ៕