តុលាការ​កាត់ទោស​ចាង​ហ្វាង​សារ​ព័ត៌មាន​ TVFB ​រឿង​បង្ហោះ​សម្តី​របស់​លោក​ហ៊ុន សែន​ តែ​ព្យួរ​ទោស​

រូបឯកសារ៖ លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB បង់កក្រមា ត្រូវបានសួរចម្លើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃពុធ និងត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ (រូបថតពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

លោក ​សុវណ្ណ រិទ្ធី​ ដែល​ជា​ម្ចាស់​សារ​ព័ត៌មាន​ TVFB ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កាត់​ទោស​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ឲ្យ​ជាប់​ពន្ធនាគារ ​១ ​ឆ្នាំ​កន្លះ​ តែ​ត្រូវ​ព្យួរ​ទោស​ដែល​នៅ​សេស​សល់។​ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ​លោក ​គុជ គឹមឡុង។​

លោក ​គុជ គឹម​ឡុង​ មាន​ប្រសាសន៍​ថា​ ទោស​របស់​លោក ​រិទ្ធី​ ដែល​នៅ​សេស​សល់ ​ត្រូវ​បាន​ព្យួរ​គិត​ត្រឹម​ថ្ងៃ​ប្រកាស​សាល​ក្រម​នេះ ​ដែល​មាន​ន័យ​ថា ​លោក​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ចៅ​ក្រុម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ​ សុវណ្ណ រិទ្ធី​ ១៨​ខែ ​ពី​បទ​ញុះញង់​ ហើយ​ទោស​ទាំង​អស់​សល់​ត្រូវ​ព្យួរ​ ដោយ​អនុវត្ត​ទោស​ពី​ថ្ងៃ​ឃុំ​ខ្លួន​ រហូត​ដល់​ថ្ងៃ​ប្រកាស​សាល​ក្រម»។​

លោក ​រិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២០ ​ដោយ​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ដក​ស្រង់​សម្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​ ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ​ ទាក់ទង​នឹង​វិធានការ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។​

លោក​ សុវណ្ណ រិទ្ធី​ ដែល​តែង​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បាន​ដក​ស្រង់​ពាក្យ​សម្តី​របស់​នាយក​រដ្ឋមន្រ្តី​ កាល​នោះ​ថា៖​ «បើ​អ្នក​រត់​ម៉ូតូឌុប​ក្ស័យ​ធន ​លក់​ម៉ូតូ​ចាយ​សិន​ទៅ! ​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»។​

នគរបាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក​ សុវណ្ណ រិទ្ធី​ ក្រោម​ហេតុ​ផល​ថា​ ព័ត៌មាន​នេះ​ជា​ «ការ​បំប៉ោង ​និង​បំពុល​សង្គម»​ ហើយ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​លើ​នាយក​រដ្ឋមន្រ្តី។​

ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​ សុវណ្ណ រិទ្ធី​ ក្រសួង​ព័ត៌មាន​បាន​សម្រេច​លុប​ចោល​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​នេះ​ ក្រោម​ហេតុ​ផល​ថា​ «ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន ​ដែល​មាន​ចរិត​ញុះញង់​ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់ ​និង​សុវត្ថិភាព​សង្គម»។​

លោក ​អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​ដក​ស្រង់​សម្តី​របស់​នាយក​រដ្ឋមន្រ្តី​ ដែល​មិន​គួរ​ត្រូវ​បាន​កាត់​ទោស​តាម​ក្រម​ព្រហ្មទណ្ឌ​នោះ​ទេ។​ លោក​បន្ត​ថា ​អ្នក​សារ​ព័ត៌មាន​គួរ​តែ​អាច​បំពេញ​ការងារ​របស់​ពួក​គេ​ ដោយ​ពុំ​មាន​ការ​ភ័យ​ខ្លាច​និង​ការ​គំរាម​កំហែង។​

លោក​បញ្ជាក់​ថា៖ ​«អ៊ីចឹង​យើង​ឃើញ​ថា​ នេះ​អាច​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព ​ក៏​ដូច​ជា​ការ​បំពេញ​វិជ្ជា​ជីវៈ​របស់​អ្នក​សារ​ព័ត៌មាន​យើង​ ដោយសារ​ការ​បង្ហោះ​សារ​របស់​លោក ​សុវណ្ណ រិទ្ធី​ នោះ​គឺ​គាត់​យោង​តាម​សម្រង់​សម្តី​របស់​នាយក​រដ្ឋមន្រ្តី​ ដែល​បាន​ថ្លែង​ជា​សាធារណៈ»។​

លោក ​Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំ​នៅ​តំបន់​អាស៊ី​ មាន​ប្រសាសន៍​ថា​ លោក ​រិទ្ធី​ មិន​គួរ​ជាប់​ពន្ធនាគារ​សូម្បី​តែ​មួយ​ថ្ងៃ​ ដោយ​សារ​លោក​គ្រាន់​តែ​ដក​ស្រង់​សម្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​តែ​ប៉ុណ្ណោះ។​

លោក​ប្រាប់ ​VOA​ តាម​សារ​អ៊ីម៉ែល ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​ «ការ​កាត់​ទោស​និង​ការ​ដែល​លោក​ជាប់​ពន្ធនាគារ​ជា​ច្រើន​ខែ​មុន​ការ​កាត់​ទោស​នេះ​ គឺ​ជា​រឿង​អាម៉ាស​មួយ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​និង​សេរីភាព​សារ​ព័ត៌មាន។​ ជាមួយ​សវនាការ​និង​សាល​ក្រម​ដែល​មិន​សម​ហេតុ​ផល​ វា​ច្បាស់​ណាស់​ហើយ​ថា​ មេ​ដឹកនាំ​នយោបាយ​នៅ​កម្ពុជា​អាច​បញ្ជា​ការ​ចាប់​ខ្លួន​និង​កាត់​ទោស​នរណា​ម្នាក់ ​ដែល​ពួក​គេ​ចង់​ ក្រោម​ហេតុ​ផល​អ្វី​ក៏​ដោយ​ ដែល​ពួកគេ​គិត​ស្រមៃ​ចង់​បង្កើត​ឡើង»។​

ក្រៅ​ពី​លោក ​សុវណ្ណ រិទ្ធី​ នៅ​មាន​អ្នក​សារ​ព័ត៌មាន​ពីរ​នាក់​ទៀត ​ដែល​កំពុង​ជាប់​ពន្ធនាការ​ ក្នុង​នោះ​មាន​លោក​ សុខ ឧត្តម​ ដែល​ជា​អ្នក​សារ​ព័ត៌មាន​នៅ​ខេត្ត​កំពង់​ឆ្នាំង​ និង​លោក ​រស់ សុឃិត​ ដែល​ជា​ចាង​ហ្វាង​សារ​ព័ត៌មាន​ជាតិ​ខ្មែរ៕