ការវាយប្រហារដ៏ខ្ទេចខ្ទាំទៅលើសាលារៀនមួយនៅប៉ាគីស្ថានកាលពីមួយឆ្នាំមុននេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានផ្លាស់ប្តូរទិសដៅយុទ្ធសាស្រ្តរបស់ប្រទេសនេះ។ ស្ថាប័នយោធារបស់ប្រទេសប៉ាគីស្ថាន ដែលត្រូវបានស្តីបន្ទោសជាញឹកញាប់ពីការគាំទ្រភាគីមិនពាក់ព័ន្ធនឹងរដ្ឋប្រឆាំងនឹងប្រទេសជិតខាង បានអះអាងថា ខ្លួនបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនហើយ។ រដ្ឋាភិបាលបានចាត់ឡើងនូវផែនការសកម្មភាពថ្នាក់ជាតិមួយដើម្បីដោះស្រាយលទ្ធិជ្រុលនិយម។ ក្នុងរយៈពេលមួយឆ្នាំបន្ទាប់មកនេះ តើការអះអាងពីការផ្លាស់ប្តូរគោលនយោបាយនោះបានចេញជារូបរាងហើយឬនៅ?
សិស្សសាលាកំពុងច្រៀងចម្រៀង ដោយសន្យាថានឹងធ្វើការអប់រំកូនៗរបស់ពួកសត្រូវ ដែលជាការសងសឹកមួយទៅលើការវាយប្រហារដែលបានសម្លាប់មនុស្សជាង១៤០នាក់ កាលពីមួយឆ្នាំមុន។ នេះជាឧទាហរណ៍មួយនៃការផ្សព្វផ្សាយតាមទូរទស្សន៍ ដែលក្រុមយោធាប៉ាគីស្ថានបានផលិតឡើងតាំងពីចុងខែធ្នូឆ្នាំមុន។
ការវាយប្រហារទៅលើសាលារៀនមួយនៅក្រុង Peshawar បានធ្វើឲ្យប្រជាជនក្នុងប្រទេសនេះប្រមូលផ្តុំគ្នាប្រឆាំងនឹងពួកជ្រុលនិយម។ ក្រុមអ្នកនយោបាយដែលគាំទ្រការពិភាក្សាជាមួយនឹងពួកតាលីបង់នៅប៉ាគីស្ថានបានដកខ្លួនចេញវិញ។ ក្រុមយោធាបានពង្រឹកប្រតិបត្តិការប្រឆាំងនឹងកន្លែងលាក់ខ្លួនរបស់ពួកភេរវករនៅតំបន់កុលសម្ព័ន្ធដែលគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ។ រដ្ឋាភិបាលក៏បានប្រកាសពីផែនការសកម្មភាពថ្នាក់ជាតិដើម្បីដោះស្រាយលទ្ធិជ្រុលនិយម និងសកម្មភាពយោធាផងដែរ។
យោធាប៉ាគីស្ថានតែងតែត្រូវបានស្តីបន្ទោសពីការផ្តល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធនៅពេលដែលពួកគេត្រូវការ ហើយក្រុមនោះបានប្រើប្រាស់ទីតាំងទាំងនោះដើម្បីប្រឆាំងនឹងប្រទេសឥណ្ឌា និងអាហ្វហ្គានីស្ថាន ដែលនៅជិតខាង។ លោក Hasan Askari Rizvi អ្នកវិភាគនយោបាយម្នាក់ និយាយថា ព្រឹត្តិការណ៍វិវត្តនាពេលថ្មីៗនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរផ្នែកផ្នត់គំនិត។
«មានការផ្លាស់ប្តូរធំៗនៅក្នុងការគិតរបស់យោធា ហើយនៅពេលដែលយើងនិយាយពីយោធា គឺយើងនិយាយអំពីថ្នាក់លើនៃពួកយោធា គឺថា ពួកគេកំពុងតែចាប់ផ្តើមយល់ឃើញថា ក្រុមភេរវកម្មជ្រុលនិយមទាំងនោះជាការគំរាមកំហែងដ៏ធំមួយទៅដល់ប្រទេសប៉ាគីស្ថាន»។
យោងតាមលោក Praveen Swami ការីនិពន្ធផ្នែកកិច្ចការយុទ្ធសាស្រ្តរបស់សារព័ត៌មាន Indian Express បានឲ្យដឹងថា សកម្មភាពដែលធ្វើឡើងមកទល់នឹងពេលនេះមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញចិត្តប្រទេសឥណ្ឌាដែលនៅជិតខាងនៅឡើយ។
«អ្នកមិនចាំបាច់ធ្វើអ្វីច្រើនទេក្រៅពីការស្វែងរកតាមគេហទំព័រ Google ដើម្បីដឹងថា ការអះអាងឬក្តីសង្ឃឹមស្រដៀងគ្នានេះធ្លាប់ត្រូវបានលើកឡើងជាច្រើនដងរួចមកហើយ គឺតាំងពីអាណត្តិគ្រប់គ្រងអំណាចរបស់លោក Pervez Musharraf មកម្ល៉េះ»។
ប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាងស្ថិតនៅភាគខាងលិចរបស់ប៉ាគីស្ថាន បានជួបប្រទះនូវកំណើនអំពើហិង្សានៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ របាយការណ៍របស់មន្ទីរបញ្ចកោណបានចោទប្រកាន់ការកើនឡើងនៃអំពើហិង្សាទាំងនេះទៅលើ «ការបះបោរដ៏រឹងមាំដឹកនាំដោយក្រុមតាលីបង់»។ ប្រជាជនអាហ្វហ្គានីស្ថានបានចោទប្រកាន់រដ្ឋាភិបាលប៉ាគីស្ថានថា បានគាំទ្រពួកតាលីបង់នៅអាហ្វហ្គានីស្ថាន។
លោក Mohammad Ismael Qasimyar គឺជាអ្នកទទួលបន្ទុកផ្នែកទំនាក់ទំនងការបរទេសសម្រាប់ក្រុមប្រឹក្សាសន្តិភាពជាន់ខ្ពស់របស់ប្រទេសអាហ្វហ្គានីស្ថាន។ លោកនិយាយថា៖ «បើនិយាយពីពួកតាលីបង់នៅប៉ាគីស្ថានវិញ ពួកនោះប្រហែលបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនបាត់ទៅហើយ»។ លោកបន្ថែមថា៖ «ប៉ុន្តែ បើនិយាយពីក្រុមប្រឆាំងប្រដាប់អាវុធ និងក្រុមបះបោរនៅអាហ្វហ្គានីស្ថានវិញ ពួកគេទាំងអស់នេះកំពុងតែបន្តសកម្មភាពរបស់ពួកគេ។ យើងមិនមានអារម្មណ៍ថា មានការផ្លាស់ប្តូរណាមួយកើតឡើងទេ»។
ទោះយ៉ាងណា មន្រ្តីប៉ាគីស្ថានមិនយល់ស្របជាមួយនឹងទស្សនៈនេះឡើយ។ ពួកគេនិយាយថា ប៉ាគីស្ថានកំពុងតែព្យាយាមធ្វើការសម្របសម្រួលកិច្ចពិភាក្សាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់នៅអាហ្វហ្គានីស្ថាន ហើយថា ប៉ាគីស្ថានក៏ចាប់ផ្តើមឡើងវិញនូវដំណើរកិច្ចពិភាក្សាដែលជាប់គាំងជាមួយនឹងឥណ្ឌាផងដែរ។
ក៏ប៉ុន្តែ កង្វះនៃភាពជឿជាក់នៅក្នុងតំបន់នៅតែមានក្នុងកម្រិតខ្ពស់នៅឡើយ ហើយភាគីអាហ្វហ្គានីស្ថាននិងឥណ្ឌានិយាយថា ពួកគេនឹងរង់ចាំមើលចំណាត់ការដែលអាចមើលឃើញជាមុនសិន មុនពេលពួកគេជឿទៅលើសម្តីវោហាសាស្ត្រផ្សេងៗ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា