ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​របស់​ឥណ្ឌា​ស្ថិត​នៅ​ក្រោម​ការសង្ស័យ​ក្រោយ​ការចោទ​ប្រកាន់​ពី​បទ​ឆបោក​របស់​អាមេរិក

  • Anjana ​Pasricha

រូបឯកសារ៖ ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Adani Group នៅ​ជាយ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​បណ្ដាញ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ឥណ្ឌា​បាន​រង​ការ​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​កំហុស​ដោយ​ក្រុមហ៊ុន​វិនិយោគ​មួយ​របស់​សហរដ្ឋ​អាមេរិក។​ នៅ​ពេល​នេះ ក្រុមហ៊ុន​ដដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក ដែល​អ្នក​វិភាគ​យល់​ថា មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ករណី​លើក​មុន។

ការ​ចោទ​ប្រកាន់​ចុង​ក្រោយ​ដោយ​សហរដ្ឋ​អាមេរិក​ អាច​ធ្វើ​ ឱ្យ​វិនិយោគិន​បាត់​បង់​ទំនុកចិត្ត​ នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លំដាប់​ទី៣​នៅ​អាស៊ី នៅ​ពេល​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ព្យាយាម​ទាក់ទាញ​វិនិយោគ​ទុន​ពី​បរទេស។ ការ​ចោទ​ប្រកាន់​ទាំង​នេះ​ក៏​ជំរុញ​ឱ្យ​មាន​ព្យុះ​នយោបាយ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​គណបក្ស​ប្រឆាំង​ទាមទារ​ ឱ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​នានា​ទៅ​លើ​សេដ្ឋី​ពាណិជ្ជករ​ដ៏​មាន​ឥទ្ធិពល​ដែលបណ្តុំ​ក្រុមហ៊ុន​តម្លៃ​១៣៥​ពាន់​លាន​ដុល្លារ​របស់​លោកមាន​ជំនួញ​រាប់​ចាប់​ពី​កំពង់ផែ អាកាសយានដ្ឋាន​ និង​ថាមពល។ ក្រុមហ៊ុន​ទាំង​នេះ​មាន​ឥទ្ធិពលយ៉ាង​ខ្លាំង​លើ​សេដ្ឋកិច្ច​របស់​ឥណ្ឌា។

បទ​ចោទ​ប្រកាន់​ផ្លូវការ​នៅ​តុលាការ​ទីក្រុង New York (ញូវយ៉ក) សហរដ្ឋ​អាមេរិក កាល​ពី​ចុង​ខែ​វិច្ឆិកា បាន​ចោទ​លោក​ Gautam Adani ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Adani Group ពី​ការ​ប្រើ​ល្បិច​កេង​ចំណេញ​ពី​អ្នក​វិនិយោគ​តាម​រយៈ​ការ​លាក់​បាំង​អំពី គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដ៏​ធំ​មួយ​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ផែនការ​មាន​ទឹកប្រាក់​ ២៥០​លាន​ដុល្លារ ដែល​ពាក់​ព័ន្ធ​នឹង​សូកប៉ាន់​មន្ត្រី​ឥណ្ឌា​ដើម្បី​ទទួល​បាន​កុងត្រាគម្រោង​ធំៗ។

ក្រុមហ៊ុន​ដែល​ពាក់​ព័ន្ធ​នេះ​មាន​ឈ្មោះ​ថា Adani Energy Green។ ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដ៏​ធំ​មួយ​នៅ​រដ្ឋ Gujarat ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា ដើម្បី​ផលិត​ថាមពល​ផ្គត់​ផ្គង់​អគ្គិសនី​ទៅ​គេហដ្ឋាន​រាប់​លាន​ខ្នង។ បណ្ដាញ​ក្រុមហ៊ុន Adani Group បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ទៅ​លើ​លោក​ Gautam Adani និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត។

ការ​ចោទប្រកាន់​នេះ​កើត​មាន​បន្ទាប់​ពី​បណ្ដាញ​ក្រុមហ៊ុន​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កេង​ចំណេញ​លើ​ទីផ្សារ​ភាគហ៊ុន និង​ការ​ឆបោក។ ការ​ចោទ​ប្រកាន់​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០២៣ ដោយ​ក្រុមហ៊ុន​វិនិយោគ​មួយ​របស់​សហរដ្ឋ​អាមេរិក គឺ​ក្រុមហ៊ុន Hindenburg Research។ និយតករ​ឥណ្ឌា ដែល​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ បាន​ថ្លែង​ថា ពួក​គេ​រក​មិន​ឃើញ​ថា​ក្រុមហ៊ុន​នេះ​បាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ​ទេ។

ក្រុម​អ្នកវិភាគ​និយាយ​ថា ការ​ចោទប្រកាន់​ថ្មី​នេះ​នៅ​សហរដ្ឋ​អាមេរិក បង្ក​ជា​បញ្ហា​ប្រឈម​កាន់​តែ​ធំ​សម្រាប់​បណ្ដាញ​ក្រុមហ៊ុន​នេះ។
លោក Michael Kugelman នាយក​វិទ្យាស្ថាន​អាស៊ី​ខាងត្បូង​នៃ​មជ្ឈមណ្ឌល Wilson នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ថា៖ «វា​ជា​រឿង​មួយប្រសិន​បើ​ការ​ចោទប្រកាន់​ទាំង​នេះ​កើត​ចេញ​ពី​ក្រុមហ៊ុន​ទិញ​លក់​ភាគហ៊ុន​រយៈ​ធ្លាក់​ថ្លៃ short seller ឬ​ពី​សារព័ត៌មាន។ ប៉ុន្តែ​ ករណី​នេះ​គឺ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចេញ​មុខ​ចោទ​ប្រកាន់​តែ​ម្ដង ដោយ​មាន​បទ​ចោទ​យ៉ាង​លម្អិត។ នេះ​គឺជា​ទំហំ​នៃ​ការ​ចោទ​ប្រកាន់​ផ្សេង​មួយ​ទៀត»។

លោក Gautam Adani អាយុ ៦២​ឆ្នាំ​ គឺជា​អ្នក​ដែល​បាន​បោះ​បង់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ មក​ពី​គ្រួសារ​វណ្ណៈ​កណ្ដាល​ ហើយ​បាន​លេច​មុខគួរ​ ឱ្យ​ភ្ញាក់​ផ្អើល​តាម​រយៈ​ទ្រព្យសម្បត្តិ​នៃ​បណ្ដាញ​ក្រុមហ៊ុន​របស់​លោក ជា​ពិសេស​ចាប់​តាំង​ពី​លោក​បាន​ចាប់​ផ្ដើម​ពង្រីក​ក្រុមហ៊ុន​នេះ​ចូល​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ទសវត្សរ៍​១៩៩០។ លោក​បាន​សាងសង់​រោងចក្រ​ថាមពល អាកាសយានដ្ឋាន ផ្លូវ និង គម្រោង​ថាមពល​កកើត​ឡើង​វិញ នៅ​ប្រទេស​ឥណ្ឌា នៅ​ពេល​ប្រទេស​នេះ​ព្យាយាម​តភ្ជាប់​ចំណុច​ខ្វះខាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។

រូបឯកសារ៖ រូប​ដែល​ថត​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​កំពង់ផែ Mundra ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Adani Group របស់​ប្រទេស​ឥណ្ឌា​នៅ​ក្រុង Mundra។

ក្រៅពី​ចង់​បង្ហាញ​វត្តមាន​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មហិច្ឆតា​របស់​លោក​ Adani គឺ​នាំ​យក​ក្រុមហ៊ុន​របស់​លោក​ទៅ​ប្រទេស​ផ្សេង​ទៀត​ រួមមាន​អូស្ត្រាលី ឥណ្ឌូណេស៊ី និង​អ៊ីស្រាអែល។ បន្ទាប់​ពី​ជ័យជម្នះ​របស់​លោក​ Donald Trump​ (ដូណាល់ ត្រាំ) នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ កាល​ពី​ពេល​ថ្មីៗ​នេះ លោក Adani បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម X ដោយ​បាន​អបអរសាទរ​លោក Trump និង​បាន​ប្រកាស​ពី​ផែនការ​វិនិយោគ​ដែល​មាន​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​ទៅ​លើ​គម្រោង​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​សហរដ្ឋ​អាមេរិក។

ការ​ចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក​បាន​ប៉ះពាល់​រួច​ហើយ​ទៅ​លើ​កិច្ច​ប្រឹងប្រែង​របស់​បណ្ដាញ​ក្រុមហ៊ុន​នេះ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ថាមពល និង ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្រៅ​ប្រទេស។ មួយ​ថ្ងៃ​ក្រោយ​ការ​ចោទប្រកាន់​ត្រូវ​បាន​ដឹង​ឭ​ជា​សាធារណៈ ប្រទេស​កេនយ៉ា​បាន​ប្រកាស​ថា ខ្លួន​នឹង​លុប​ចោល​កិច្ច​ព្រមព្រៀង​ពង្រីក​អាកាសយានដ្ឋាន​ និង កិច្ច​ព្រមព្រៀង​អគ្គិសនី ដែល​មាន​តម្លៃ​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន Adani Group។

ការ​ចោទប្រកាន់​នេះ​ក៏​បាន​ធ្វើ​ ឱ្យ​បាត់​ទំនុក​ចិត្ត​ទៅលើ​គម្រោង​ដែល​បាន​រៀបចំ​ផែនការ​រួចហើយ​នៅ​ប្រទេស​ស្រីលង្កា​ផង​ដែរ។ មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​កាល​ពី​ចុង​ខែ​វិច្ឆិកា​ថា ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេស​នឹង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​ប្រគល់​ជូន​បណ្ដាញ​ក្រុមហ៊ុន​ឥណ្ឌា​នេះ។ ក្រុមហ៊ុន Adani ទទួល​បាន​កិច្ច​សន្យា​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​នៅ​ទីក្រុង​កូឡុំបូ។

អ្នក​វិភាគ​និយាយ​ថា ភាព​ចម្រូង​ចម្រាស​នេះ​នឹង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន Adani Group។

លោក Shriram Subramanian គឺជា​ស្ថាបនិក​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​អភិបាល​សាជីវកម្ម​ឈ្មោះ​ថា InGovern Research Services។ លោក​ថ្លែង​ដូច្នេះ​ថា៖ «ពិត​ណាស់ ការ​ចោទប្រកាន់​ទាំង​នេះ​នឹង​ឆ្កឹះ​ឱ្យ​មាន​ការ​បាត់​ទំនុកចិត្ត​លើ​ក្រុមហ៊ុន Adani Group។ វា​ក៏​នឹង​នាំ​ឱ្យ​មាន​កំណើន​អត្រា​កម្ចី​ខ្ពស់​សម្រាប់​ពួក​គេ​ផង​ដែរ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ការងារ​កាន់តែ​ខ្លាំង​ជាង​មុន។ ប៉ុន្តែ វា​នឹង​មិន​ធ្វើ​ឱ្យ​ពួក​គេ​ចុះ​ខ្សោយ​នោះ​ទេ​ក្នុង​រយៈ​ពេល​វែង ពីព្រោះ​ពួក​គេ​មាន​ប្រវត្តិ​ល្អ​ក្នុង​ការ​អនុវត្ត​គម្រោង​នានា»។

ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នឹង​បង្កើត​បាន​ជា​សំណួរ​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​អាជីវកម្ម​ និង បទដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​នេះ​ក្នុង​ការ​ទាក់ទាញ​ពាណិជ្ជកម្ម​ដែល​ស្វែង​រក​បង្កើត​រោងចក្រ ឬ ក្រុមហ៊ុន​នានា​នៅ​ក្រៅ​ប្រទេស​ចិន។

រូបឯកសារ៖ កម្មករ​ដំឡើង​ម៉ូឌុល Photovoltaic នៅ​រោងចក្រ​របស់​ក្រុមហ៊ុន Adani Green Energy Ltd ក្នុង​ក្រុង Mundra ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

លោក Kugelman ថ្លែង​ថា៖ «ក្នុង​រយៈ​ពេល​ខ្លី វា​អាច​ធ្វើ​ឱ្យ​វិនិយោគិន​មាន​ការ​បារម្ភ​ ពីព្រោះ​ពួក​គេ​មិន​ចង់​ប្រថុយ​ប្រថាន​កេរ្តិ៍​ឈ្មោះ​របស់​គេ​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​រង​ឥទ្ធិពលពី​លោក Adani យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ចនោះ​ទេ។ នេះ​ជា​ពេល​វេលា​ដ៏​អាក្រក់​មួយ​សម្រាប់​ទីក្រុង​ញូវដែលី ដែល​ចង់​ទាញ​យក​ផល​ប្រយោជន៍​ពីអ្នក​វិនិយោគ​ជា​ច្រើន​ដែល​ប្រាថ្នា​ចង់​ប្ដូរ​ទីតាំង​ផលិតកម្ម និង​មុខ​ជំនួញ​ផ្សេង​ទៀត​ចេញ​ពី​ប្រទេស​ចិន»។

លោក Kugelman ចង្អុល​បង្ហាញ​ថា ការ​ធ្លាក់ចុះ​នៃ​បរិយាកាស​វិនិយោគ​នៅ​ឥណ្ឌា​ទំនង​ជា​កើត​មាន​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ពីព្រោះ​កត្តា​ជំរុញ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ការ​វិនិយោគ​ពី​បរទេស​នៅ​ឥណ្ឌា​ ដែល​រួមមាន​វិស័យ​មានកំណើនខ្ពស់​ជា​ច្រើន ទីផ្សារ​អ្នក​ប្រើប្រាស់​ធំ និង សេដ្ឋកិច្ច​ធំ​ដែល​មាន​កំណើន​ខ្ពស់​ នៅ​តែ​មាន​វត្តមាន​នៅ​ទីនោះ»។

ការ​ចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ក៏​ទាក់ទាញ​ចាប់​អារម្មណ៍​ជាថ្មី​ទៅ​លើ​ការ​ចោទប្រកាន់​ជាច្រើន​ដែល​ធ្វើ​ឡើង​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ដោយ​គណបក្ស​សមាជ (Congress Party) ដែល​ជា​គណបក្ស​ប្រឆាំង និង​អ្នករិះគន់​ជា​ច្រើន ដោយ​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា ការពង្រីក​ធុរកិច្ច​ដ៏​មហិមា​របស់​មហាសេដ្ឋី​រូប​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​ការ​កាន់​អំណាច​របស់​នាយក​រដ្ឋ​មន្ត្រី Narendra Modi។

បុរស​ម្នាក់​អង្គុយ​ក្បែរ​ផ្ទាំង​ដែល​គេដាក់​ក្នុង​ពេល​មាន​ការតវ៉ា​ដោយ​គណបក្ស​ Congress ដែលជាគណបក្សប្រឆាំង​ដ៏​សំខាន់​នៅប្រទេស​ឥណ្ឌា​ ប្រឆាំង​នឹង​លោក Gautam Adani ក្នុង​ទីក្រុង​ញូវដែលី កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ។

រដ្ឋសភា​ឥណ្ឌា​ត្រូវ​បាន​រំខាន​ជា​លើក​ទី២ កាល​ពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​ ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​លើ​ការ​ចោទប្រកាន់​នេះ។ លោក Rahul Gandhi មេដឹកនាំ​គណបក្ស​សមាជ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​រដ្ឋសភា​ដូច្នេះ​ថា៖ «គាត់​គួរ​តែ​នៅ​ក្នុង​ពន្ធនាគារ​ ហើយ​រដ្ឋាភិបាល​កំពុង​តែ​ការពារ​គាត់»។

នៅ​ក្នុង​ការ​តវ៉ា​មួយ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា សកម្មជន​គណបក្ស​សមាជ បាន​កាន់​បដា​ដែល​សរសេរ​ថា «លោក Modi និង​លោក Adani គឺជា​មនុស្ស​តែ​មួយ» និង​បដា ដែល​សរសេរ​ថា «មិត្តភាព​របស់​លោក Modi ធ្វើ​ ឱ្យ​ខាត​ប្រយោជន៍​ជាតិ»។

រដ្ឋាភិបាល​មិន​មាន​ប្រតិកម្ម​ទៅ​លើ​បទចោទ​ទាំង​នោះ​ទេ។ គណបក្ស​កាន់​អំណាច Bharatiya Janata Party បាន​ចង្អុល​បង្ហាញ​ថា ការ​ចោទប្រកាន់​ទាំង​នោះ​ពាក់​ព័ន្ធ​នឹង​ការ​សូក​ប៉ាន់​មន្ត្រី​នៅ​ក្នុង​រដ្ឋ​ចំនួន ៤ ដែល​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ ប៉ុន្តែ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រឆាំង។

អ្នក​វិភាគ​នយោបាយ​និយាយ​ថា ភាព​ចម្រូងចម្រាស​ចុងក្រោយ​ទៅ​លើ​ករណី​របស់​លោក Adani ទំនង​ជា​មិន​ប៉ះពាល់​ដល់លោក Modi ​នោះ​ទេ។

លោក Nilanjan Mukhopadhyay អ្នកវិភាគ​នយោបាយ​ថ្លែង​ថា៖ «បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​មក​ជា​យូរ​មក​ហើយ ប៉ុន្តែ​វា​មិន​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​លោក​នាយករដ្ឋមន្ត្រី​ម្ដង​ណា​ទេ។ គណបក្ស​ប្រឆាំង​មិន​ទាន់​ធ្វើ​ឱ្យប្រជាជនជឿ​បាន​ក្នុង​ករណី​ទាំង​នេះ​ទេ។ បច្ចុប្បន្ន​នេះ ប្រជាជន​មើល​ឃើញ​បញ្ហា​នេះ​ថា​ ជា​ករណី​ដែល​ក្រុម​មួយ​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​ក្រុម​មួយ​ទៀត​ពី​សំណាក់​រដ្ឋាភិបាល ហើយ​ករណី​បែប​នេះ មនុស្ស​ជា​ច្រើន​នៅ​ឥណ្ឌា​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ទៅ​ហើយ»៕

ប្រែសម្រួល​ដោយ​លោក សឹង សុផាត