អភិបាល​ស្រុក​មួយ​រូប​ក្នុង​ខេត្ត​កោះកុង​ត្រូវ​ពលរដ្ឋ​ចោទ​ថា​ បាន​ធ្វើ​សកម្ម​ភាព​បំពាន​រំលោភ​យកដី​

រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

ក្រុម​ពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ​​បាន​បន្ទោស​ធ្ងន់ៗ​ថា ​​អភិបាល​ស្រុក​នេះ​បាន​រំលោភ​យក​ដី​មួយ​កន្លែង​ដែល​នៅ​មាន​ទំនាស់​នៅឡើយ​ ហើយ​ថា​ អាជ្ញាធរ​ឃុំ​ និង​ប៉ូលិស​ស្រុក​បាន​​គំរាម​កំហែង​វាយ​តប់​​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​មិន​ឲ្យ​អភិបាល​ស្រុក​គិរីសាគរ​នេះ​​បន្តយក​ឡាន​ដឹក​ដី​មក​ចាក់​លើ​ដី​ដែល​កំពុងមាន​វិវាទ។

អភិបាល​ស្រុក​គិរីសាគរ ​លោក​ឃឹម​ ចាន់ឌី ត្រូវ​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ចោទ​ថា​ បាន​រំលោភ​យក​ដី​មាន​ទំនាស់​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ចម្ងាយ​១៦​គីឡូម៉ែត្រ​ ពី​គម្រោង​កសាង​ទីក្រុង​ទេសចរណ៍​ធំ​មួយ​របស់​ក្រុម​ហ៊ុន​ចិន​ Union Development Group ​(UDG)។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង​ និង​ក្រុម​ប្រជា​ពលរដ្ឋ។​

លោក​ហ៊ួរ អ៊ីន​ ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ ប្រាប់​ VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​

«ដី​ហ្នឹង​គឺ​ជា​ដី​ដែល​មាន​ទំនាស់​ជា​មួយ​ប្រជា​ពលរដ្ឋ​ទាំង​អស់​១៥​គ្រួសារ​ ប៉ុន្តែ​មិន​មែន​ពាក់​ព័ន្ធ​តែ​ជាមួយ​លោក​អភិបាល​ស្រុក​តែ​ម្នាក់​ទេ​ មាន​មនុស្ស​បីបួន​នាក់​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ១៥​គ្រួសារ​ហ្នឹង។​ ប៉ុន្តែ​កាលពី​ម្សិលមិញ​ហ្នឹង​ គឺ​តាម​អ្វី​ដែលប្រជា​ពលរដ្ឋ​បាន​ប្រាប់​ គឺ​លោក​អភិបាល​ស្រុក​បានយក​ឡាន​ដឹក​ដី​ចំនួន​បីគ្រឿងទៅ​ចាក់​លើ​ដី​ ដែល​មាន​ម្ចាស់​ហ្នឹង​ឈ្មោះចៅ គីល​ ដែល​បាន​ដាក់​បណ្តឹង​រួម​គ្នា​ តាំងពី​ថ្នាក់​ស្រុក​ ថា្នក់​ខេត្ត​រហូត​ដល់​ ក្រសួង​ដែន​ដី​ ហើយ​ក្រសួង​ដែន​ដី​ហ្នឹងក៏​បាន​ចេញ​លិខិត​មួយ​ឲ្យ​អាជ្ញាធរ​ខេត្ត​ ជួយ​សម្រុះ​សម្រួល​ដោះស្រាយ​បញ្ចប់ទំនាស់​នៅ​កន្លែង​ហ្នឹង។ ​ថ្ងៃ​ទី៦ ​ខែ១១ ឆ្នាំ២០១៨​នេះ​ លោក​អភិបាល​រង​ខេត្ត​សុខ សិទ្ធី​ ហ្នឹង​ក៏​បាន​អញ្ជើញ​ទៅចូល​រួមសម្រប​សម្រួល​ដោះ​ស្រាយ​ទំនាស់​ហ្នឹង​ដែរ​ ប៉ុន្តែ​មិន​ទាន់​ទទួល​លទ្ធផល​ទេ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​បាន​ស្នើ​សុំ​ពេលរង់ចាំ​ការ​ដោះស្រាយ​ហ្នឹង​ សូម​ឲ្យ​ផ្អាក​ កុំ​អាល​ឈូស​ឆាយ​ កុំ​អាល​លក់​ដូរ»។​

ក្រុម​ប្រជា​ពលរដ្ឋ​ពីរ​រូប​ ដែល​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​១៥​គ្រួសារ​នោះ​ ថ្លែង​បញ្ជាក់​ថា​ ​ទំនាស់​លើ​ទីតាំង​ដី​ដែល​លោក​អភិបាល​ស្រុក​បាន​យក​ឡាន​ដឹក​ដី​មក​ចាក់​បំពេញ​នោះ​ គឺ​បាន​កើត​ឡើង​តាំង​ពី​២០១០​មក ពោល​គឺ​ក្នុង​ពេល​ដែល​ក្រុម​ហ៊ុន​ UDG​ បាន​ចូល​មក​អនុវត្ត​គម្រោង​របស់​ខ្លួន។ ​លោក​ហ៊ួរ អ៊ីន បាន​ឲ្យ​ដឹង​បន្ថែម​ថា​ លោក​ឃឹម ចាន់ឌី អះអាង​ថា​ លោក​មាន​លិខិត​បញ្ជាក់​ការ​កាន់​ដី​ទំនាស់​នេះពី​ក្រុម​ការងារ​ចម្រុះ​អន្តរ​ក្រសួង​ដែល​សម្រប​សម្រួល​ដោះស្រាយទំនាស់​ដីធ្លី​ជាមួយក្រុម​ហ៊ុន​ UGD​នោះ។ ​ក្រុម​ការងារ​ចម្រុះ​អន្តរ​ក្រសួង​នេះ​មាន​សមាសភាព​មក​ពី​ក្រសួង​បរិស្ថាន​ ក្រសួង​រៀបចំ​ដែនដី​ អភិបាល​ខេត្ត​កោះកុង​ និង​ក្រសួង​ការពារ​ជាតិ។​

លោក​ប៊ុន ធី វ័យ​៥០​ឆ្នាំ​ ដែល​ជា​ស្វាមី​អ្នកស្រី​ចៅ គីង​ ម្ចាស់​ដី​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​លោក​ឃឹម ចាន់ឌី ​ក្នុង​ឃុំ​ភ្ញីមាស​ ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​បាន​ប្រាប់​ VOA ​ថា​ លោក​ឃឹម ចាន់ឌី​ មិន​បាន​បង្ហាញ​លិខិតរបស់​អន្តរ​ក្រសួង​នោះ​ឲ្យ​លោក​ និង​ពលរដ្ឋ​ផ្សេង​ទៀត​បាន​ឃើញ​ទេ​ តែ​បាន​ធ្វើ​សកម្មភាព​យក​ឡាន​ដឹក​ដី​មក​ចាក់​លើ​ដី​របស់​លោក​ទាំង​កម្រោល​ ​ហើយ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៀត​ផង។​ លោក​ថ្លែង​ថា៖​

«គាត់​ថា​ គាត់​ចាក់​ធ្វើ​ផ្ទះ​ ធ្វើ​ផ្ទះ​គាត់»។​

លោក​ទុយ ទឹម វ័យ​៥៩ឆ្នាំ​ ដែល​ជា​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្នុង​ឃុំ​ភ្ញីមាស​ ជាមួយ​លោក​ប៊ុន ធី បាន​ឲ្យ​ដឹង​ថា​ អធិការ​រង​ស្រុក​អណ្តូង​ទឹក​មួយរូប​ ក្នុង​ខេត្ត​កោះកុង បាន​គំរាម​សម្លាប់​ក្រុម​ពលរដ្ឋ​ មាន​ទាំង​រូប​លោក​ ដែល​តវ៉ា​ ការ​ដឹក​ដី​មក​ចាក់​ក្នុង​ដីទំនាស់​ដែល​មាន​ក្បាល​៥០​ម៉ែត្រ​ និង​បណ្តោយ​៧០ម៉ែត្រ​ ក្នុង​តំបន់​កូន​កុក​ ឃុំភ្ញី​មាស​ ស្រុក​គិរីសាគរ។ ​លោក​ឲ្យ​ដឹង​អំពី​ការ​គំរាម​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​យ៉ាង​ដូច្នេះ៖​

«ដី​ឈូស​ឆាយ​ដីចាក់​ ហើយ​ថែម​ទាំង​សម្លុត​ គំរាម​ខ្ញុំ។​ បាន​អា​ដែង​មេឃុំ​ហ្នឹង​ស្ទុះ​ ទៅ​រក​ ដល់រក​វាយ​ខ្ញុំ​ រួច​ហើយ​ទៅអា​ដែល ​អធិការ​រង​ស្រុក​អណ្តូង​ទឹកឈ្មោះ​តារិន​ នោះ​ គាត់​បាន​ដើរ​ប្រមាថ​កាត​ទាន​បង្ខំ​ឡាន​ តៃកុង​ឡាន​ ឲ្យ​បើក​ឡាន​ បំបុក​ពួក​អា​ក្បាល​បួន​ ប្រាំ​នាក់ឲ្យ​ងាប់​ចោល។... ថា​ ឲ្យ​ខ្ញុំ​អ៊ីចឹង ​ហើយ​គាត់​ជា​អ្នក​ថ្នាក់​ដឹកនាំ​ គាត់​ជា​អ្នក​ច្បាប់​ គាត់​ធ្វើ​ដល់​អធិការនៅ​ស្រុក​អណ្តូង​ទឹក​នេះ​ ហេតុ​អី​ បាន​គាត់​ធ្វើបាប​ គាត់​គំរាម​សម្លុត​ពួក​ខ្ញុំ​ខ្លាំង​មាំម្ល៉េះ?»​

លោក​ទុយ ទឹម ដែល​អតីត​ទាហាន​ផ្តាច់​ខ្លួន​ពី​ក្រុម​ខ្មែរក្រហម​ អះអាង​បន្ថែម​ថា​ ក្រុម​ពលរដ្ឋ​ទាំង​១៥​គ្រួសារ​ ក្នុង​នោះ​មាន​ទាំង​គ្រួសារ​អ្នកស្រី​ចៅ គីង​ បាន​តស៊ូ ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​របស់​ពួកគាត់​ជាច្រើន​ឆ្នាំ​មក​ហើយ​ គិត​ចាប់​តាំងពី​ឆ្នាំ​២០១០​មក​ តែ​ទាំង​អាជ្ញាធរ​ស្រុក​ និង​ខេត្តនៅ​មិនទាន់​អាច​ផ្តល់​ដំណោះ​ស្រាយ​ដល់​ពួក​គាត់​បាន​នៅឡើយ ​ដោយ​អាជ្ញាធរ​បាន​ចោទ​ក្រុម​ពលរដ្ឋ​ថា​ បាន​រស់​នៅ​អនាធិបតេយ្យ​លើ​ដី​ទំនាស់។​

លោក​ឃឹម ចាន់ឌី ​អភិបាល​ស្រុក​គិរីសាគរ​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ឃុំ​ភ្ញីមាស​ ​ដែល​ថា​ អាជ្ញាធរ​គំរាម​កំហែង​មក​លើ​ពលរដ្ឋ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ដូច​មិន​មាន​ករណី​ចឹង​ទេ​ ពីព្រោះ​ឥឡូវ​នេះ​ យើង​កំពុងតែ​បង្កើន​ការ​ផ្តល់​សេវា​ ទៅ​ជូន​ប្រជា​ពលរដ្ឋ​គ្រប់ៗ​រូប​ទាំង​អស់​ ដោយ​អត់​មាន​ការ​រើស​អើង​អីទេ។​ ហើយ​បើ​សិន​ជាមាន​ករណី​ចោទ​ប្រកាន់​អ៊ីចឹង​ នែ​ចាំ​មើល​ ខ្ញុំ​ពិនិត្យ​ឡើង​វិញ​មើល! ប៉ុន្តែ​ខ្ញុំ​ជឿថា​ មិនមាន​ទេ​ មិន​មាន​ហិង្សា​កើត​ឡើង​របៀប​ហ្នឹង​ទេ​ បាទ»។​

នៅ​ពេល​ VOA ​សួរ​លោក​ថា​ តើ​លោក​ពិត​ជា​បានចាក់​ដីដើម្បី​សង់​ផ្ទះ​សម្រាប់​ខ្លួន​លោក​នោះ​ ឬ​យ៉ាង​ណា​ លោក​ឃឹម ចាន់ឌី​ ​ថ្លែង​ទាំង​អស់​សំណើច​ថា៖​

«គាត់​ចេះ​តែ​ចោទ​ប្រកាន់​ទេ! ​អត់​មាន​ អត់​មាន​ករណី​ហ្នឹងកើត​ឡើង​ទេ​ណា»។

ការ​បញ្ជាក់​បន្ថែម​របស់​លោក​ហ៊ួរ អ៊ីន បាន​ឲ្យដឹងថា​ មាន​ករណី​ទំនាស់​ដីធ្លី​មួយ​ចំនួន​ទៀតនៅ​មិន​ទាន់​ត្រូវ​បានដោះស្រាយ​រួចរាល់​នៅ​ឡើយក្នុង​ខេត្ត​កោះកុង។​ ក្នុង​ករណី​ទំនាស់​ដីធ្លី​ទាំង​នោះមាន​ទំនាស់​ខ្លះជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ចិន​ UDG​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ ដែលគ្រប់​គ្រង​ដោយ​សមាជិកព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​លី យ៉ុងផាត់៕