មនុស្ស​ម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារ​ក្នុង​វិទ្យាល័យមួយក្នុងរដ្ឋ​កាលីហ្វ័រញ៉ា

សិស្ស​យំអោបគ្នា​នៅពេល​ដែល​ពួកគេ​រង់ចាំ​ឪពុកម្តាយ​បន្ទាប់ពី​មាន​ការ​បាញ់ប្រហារ​មួយ​នៅ​វិទ្យាល័យ Saugus កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនរងគ្រោះ​ម្នាក់បាន​ស្លាប់នៅក្នុង​មន្ទីរ​ពេទ្យហើយមនុស្ស​ពីរនាក់ទៀតឋិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្រោយមានការបាញ់កាំ​ភ្លើងក្នុង​វិទ្យាល័យមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា។

មេប៉ូលិស​មូលដ្ឋានក្រុង​ Los Angeles បានសរសេរ​តាម Twitter ថា​ជន​ជាប់សង្ស័យថាជា​អ្នកបាញ់កាំភ្លើង​នៅឯវិទ្យាល័យ​ Santa Clarita Valley កំពុង​ឋិត​ក្នុងការឃុំឃាំង​ហើយត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យ​មួយ​ក្នុងមូលដ្ឋាន។

រហូត​មក​ដល់ពេលនេះមានជនរងគ្រោះបួន​នាក់បាន​ទទួលទានដំណេកទទួល​ការព្យាបាលនៅក្នុងមន្ទីរពេទ្យ។

នាយកដ្ឋាន​ប៉ូលិសក្នុង​មូលដ្ឋាន Santa Clarita Valley បានបិទ​សាលាទាំងអស់នៅ​ក្នុងតំបន់ជុំវិញវិទ្យាល័យ Saugus មិន​ឱ្យមនុស្សចេញចូល​។ តំបន់នេះឋិតនៅ​ចម្ងាយប្រមាណ៤៨គ.ម.ទិស​ពាយព្យក្រុង​ Los​ Angeles។

អាជ្ញាធរ​បាននិយាយ​ប្រាប់ពួកឪពុក​ម្តាយ​ឱ្យ​ប្រើឱទ្យាន​ Central Park នៅ Bouquet Canyon ជាចំណុចជួបជុំ​គ្នា។​ អ្នកនាំពាក្យ​រង​នៃសេតវិមាន Judd Deree បាននិយាយថា​លោកប្រធានាធិបតី Donald Trump បាន​ដឹង​អំពី​ស្ថានការណ៍​នេះហើយ។

លោកបាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា«សេតវិមានលើកទឹកចិត្ត​ជនទាំងអស់នៅក្នុង​តំបន់នោះឱ្យ​ធ្វើតាមការណែនាំរបស់មន្ត្រី​ពង្រឹង​ច្បាប់ក្នុង​មូលដ្ឋាននិងអ្នកឆ្លើយ​តបដំបូង​ដល់ឧប្បត្តិហេតុនេះ»៕