មានពលរដ្ឋអាមេរិកាំងប្រមាណ មួយភាគ៣ បានបាត់បង់ការងារ ឬប្រាក់ចំណូល ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា ជាពិសេសពលរដ្ឋដែលមានប្រាក់ចំណូលទាប ដោយសារពួកគេត្រូវបញ្ឈប់ពីការងារ ផ្អាកការងារ ឬត្រូវគេកាត់ម៉ោងធ្វើការ នេះបើតាមទិន្នន័យការស្រាវជ្រាវដែលបានចេញកាលពីថ្ងៃច័ន្ទ។
ក្រុមហ៊ុនស្ទង់មតិ Gallop ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរកឃើញថា ៣០%នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកសរុប ២៥៦ លាននាក់ បានរាយការណ៍ថា ពួកគេបានបាត់បង់ការងារ ឬបានបាត់បង់ប្រាក់ចំណូលដោយសារការរាតត្បាតជាសាកលនៃវីរុសនេះ។
១០ ភាគរយនៃពលរដ្ឋពេញវ័យថាពួកគេត្រូវបានគេបញ្ឈប់ពីការងារ ដោយ៨៥% នៃអ្នកទាំងនោះជឿថា ពួកគេនឹងទទួលបានការងាររបស់ពួកគេវិញ ហើយ ២៥% បានបាត់បង់ប្រាក់ចំណូលដោយត្រូវគេកាត់ម៉ោងធ្វើការ។
៤% នៃពលរដ្ឋដែលមានប្រាក់ចំណូលទាប បានបាត់បង់ការងារជាអចិន្ត្រៃយ៍ គឺច្រើនជាងចំនួន ២% ជាមធ្យមសម្រាប់មនុស្សពេញវ័យទាំងអស់ នេះបើតាមតួលេខ Gallup ខណៈដែលចំនួនការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅសហរដ្ឋអាមេរិកបានកើនដល់ជិត ១លាន នាក់ហើយការស្លាប់ជាង ៥៥.០០០នាក់។
វិធានការបិទអាជីវកម្មនានាបាននាំឲ្យមានពលរដ្ឋអាមេរិកាំង ២៦.៥លាន ដាក់ពាក្យសុំជំនួយរដ្ឋពេលបាត់បង់ការងារត្រឹមពាក់កណ្តាលខែមីនា ហើយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ទស្សន៍ទាយថា អត្រាភាពអត់មានការងារធ្វើនឹងកើនដល់ ១៦% នៅខែមេសានេះ៕