អង្គការ​ក្រៅ​រដ្ឋាភិបាល ១៣៧ មកពី​ប្រទេស ៣១ ស្នើ​អ.ស.ប.ឲ្យ​ហាម​ឃាត់​ការលក់​អាវុធ​ដល់​មីយ៉ាន់ម៉ា

រូប​ឯកសារ៖ អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing បាន​ទៅ​ដល់​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​ណៃពិដោរ​នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជិត ១៤០ មកពី​ប្រទេស​ចំនួន ៣១ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ដាក់​បម្រាម​ជា​បន្ទាន់​រារាំង​ការ​លក់​អាវុធ​ដល់​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា ​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ដើម​ខែ​នេះ​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លិខិត​នោះ​បាន​បញ្ជាក់​ថា៖ «ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ គួរតែ​ដាក់​បម្រាម​ជា​បន្ទាន់​រារាំង​ការ​លក់​អាវុធ​របស់​សាកលលោក​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​រដ្ឋប្រហារ​យោធា និង​ដើម្បី​រារាំង​យោធា​កុំ​ឲ្យ​ប្រព្រឹត្តិ​ការ​រំលោភ​បំពាន​តទៅ​ទៀត»។

លិខិត​នោះ​បាន​បន្ថែម​ថា៖ «រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទេរ​អាវុធ​ទៅ​ឲ្យ​ប្រទេស​មីយ៉ានម៉ា ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន ឥណ្ឌា អ៊ីស្រាអែល កូរ៉េ​ខាងជើង ហ្វីលីពីន រុស្ស៊ី និង​អ៊ុយក្រែន គួរតែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្គត់ផ្គង់​អាវុធ គ្រាប់​រំសេវ និង​ឧបករណ៍​ពាក់ព័ន្ធ​ផ្សេង​ទៀត​គ្រប់​ប្រភេទ»។

ប្រទេស ៣ ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​ប្រទេស​ចិន​និង​រុស្ស៊ី​ គឺជា​សមាជិក​អចិន្ត្រៃយ៍​ដែល​មាន​សិទ្ធិ​បោះឆ្នោត​វ៉េតូ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នេះ ហើយ​ប្រទេស​ឥណ្ឌា​គឺជា​សមាជិកមិន​អចិន្ត្រៃយ៍។

អង្គការ​ហត្ថលេខី​ដែល​រួម​មាន​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាស៊ី​រាប់​សិប​ផងដែរ បាន​បញ្ជាក់​ថា៖ «ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ក៏​គួរតែ​ដាក់​ទណ្ឌកម្ម​ដែល​មាន​គោលដៅ ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​យោធា [មីយ៉ាន់ម៉ា] និង​ក្រុមហ៊ុន​ធំៗ​ដែល​កាន់កាប់​ដោយ​យោធា​ផងដែរ»៕