កុមារីម្នាក់​របួស​និងស្រ្តីម្នាក់​សន្លប់​ក្នុង​ករណី​តវ៉ា​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ

ពលរដ្ឋរស់នៅក្នុងសង្កាត់សំរោងត្បូងជាប់ផ្ទៃបឹងតាមោក ឈរតវ៉ាលើកបដានៅមុខផ្លូវទំនប់កប់ស្រូវនាពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កុមារី​នៅ​សហគមន៍​សំរោង​ត្បូង​ជាប់​ផ្ទៃ​បឹង​តាមោក​ម្នាក់រង​របួស ​និងស្រ្តីម្នាក់សន្លប់ ក្នុង​អំពើហិង្សាមួយ​រវាង​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ​និង​ប្រជា​ពលរដ្ឋ ​អំឡុង​មាន​ការ​តវ៉ា​មិន​សុខចិត្ត​នឹង​ការ​ចុះ​រុះរើ​ទីតាំង​ដែល​ពួកគេ​កំពុង​រស់​នៅ។​

នៅ​ព្រឹក​ថ្ងៃអង្គារ ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ​និង​ប្រជា​ការពារប្រមាណ​ជា​ ២០០ ​នាក់ ​បាន​ចុះ​កាយ​ប្រឡាយ​នៅ​ទីតាំង​ដែល​ពលរដ្ឋ​រស់នៅ​ជាប់​ផ្ទៃ​បឹង​តាមោក​ ស្ថិត​ក្នុងភូមិ​សំរោង​ត្បូង ​សង្កាត់​សំរោង ​ខណ្ឌ​ព្រែកព្នៅ។ ប្រជា​ពលរដ្ឋ​រស់​នៅ​ទីនោះ​ប្រមាណ​ជា​ ៥០ ​នាក់ ​បាន​ដុត​ក្រណាត់​ដើម្បី​តវ៉ា​នឹង​ការ​កាយ​ប្រឡាយ​ រហូត​មាន​ការ​រុញ​ច្រាន​រវាង​អាជ្ញាធរ​ និង​ពលរដ្ឋ ​ធ្វើឱ្យក្មេង​ស្រីម្នាក់​អាយុ​១៤​ឆ្នាំ​ដួល​លើក្រណាត់​ដែល​កំពុង​ឆេះ ​បណ្តាល​ឱ្យ​រលាក​ស្បែក។

អ្នកស្រី​ យ៉ន គឹមយឿន ​អាយុ​ ៣២ ​ឆ្នាំ ​ជា​ពលរដ្ឋ​ម្នាក់​តវ៉ា​ក្នុង​ហេតុ​ការណ៍​នោះ​ ប្រាប់​វីអូអេ​ថា ​អ្នក​ស្រី​ចាត់​ទុក​ថា ទង្វើ​របស់​អាជ្ញាធរ​ដែលយក​គ្រឿង​ចក្រ​មក​កាយ​រុះរើ​នៅ​ទីតាំង​ដែល​ពលរដ្ឋ​រស់​នៅ​ជា​រឿង​អយុត្តិ​ធម៌។​

អ្នកស្រី​ថ្លែងដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«អយុត្តិធម៌​ណាស់ ​ព្រោះ​គាត់​មិន​មែន​ខ្មែរ​ជួយ​ខ្មែរ​ទេ​ គឺ​ខ្មែរ​សម្លាប់​ខ្មែរ​ហើយ​ពេល​នេះ។​ គាត់​មិន​បាន​ជួយ​ខ្ញុំ​ ហើយ​មក​សម្លាប់​ខ្ញុំ​ទៀត។​ ខ្ញុំ​រាល់​ថ្ងៃ​ ខ្ញុំ​ឈឺ​ចាប់​ណាស់។​ គាត់​ធ្វើ​បាប​ ធ្វើ​ទុក​បុក​ម្នេញ​ខ្ញុំ​រាល់​ថ្ងៃ ​គ្មាន​ថ្ងៃ​លស់​ទេ»។​

អ្នកស្រី​ថា កាល​ពី​ពេលកន្លង​ទៅ ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅបាន​សន្យា​ថា​នឹង​ជួយ​ដោះស្រាយ ប៉ុន្តែ​អ្នកស្រី​ថា​ មក​ដល់​ពេល​នេះអាជ្ញាធរ​បែរ​ចុះ​មក​រុះរើ​ដល់​ទីតាំង​ផ្ទាល់​ទៅ​វិញ។​

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានរលាកភ្លើង ក្នុងអំឡុងពេលប្រតាយប្រតប់ជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ ក្នុងសង្កាត់សំរោងត្បូងជាប់ផ្ទៃបឹងតាមោក នាពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្រុមអាជ្ញាធរខណ្ឌព្រែកព្នៅកំពុងឈរមើលអេស្កាវ៉េទ័រកាយស្ពានធ្វើឈើ និងកន្លែងចិញ្ចឹមត្រីរបស់ពលរដ្ឋក្នុងសង្កាត់សំរោងត្បូងជាប់ផ្ទៃបឹងតាមោក នាពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នក​ស្រី​ថា៖ ​«ដើម​ហេតុ​ដំបូង​ ខាង​អាជ្ញាធរ​គេ​ឱ្យ​អាអ៊ិច​ [គ្រឿងចក្រ] ​ចុះ​មក​កាយ​ក្រោយ​ផ្ទះ​ពួក​ខ្ញុំ តែ​ខាង​អាជ្ញាធរ​ អភិបាល​ខណ្ឌ​ លោក​ ធឹម សំអាន ​ហ្នឹង​កាល​ពី​មុន ​ឆ្នាំ​មុន​ហ្នឹង​ គាត់​ប្រាប់​ថា​ គាត់​ទុក​ឱ្យ​ពួក​ខ្ញុំ​ប្រជា​ពលរដ្ឋ ​១០០ ​ម៉ែត្រ​ ទុក​ដោះស្រាយ។ ​គាត់​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ឱ្យ​ពួកខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ផង​ គាត់​ចេញ​លិខិត​ឱ្យ​រុះរើ​ផ្ទះ​ប្រជា​ពលរដ្ឋ។ ​ពួក​ខ្ញុំ​សុទ្ធ​តែ​រស់​នៅ ​២០​ ទៅ​ ៣០ ​ឆ្នាំ​ហើយ ​នៅ​ទីនេះ»។​

ពលរដ្ឋ​រស់​នៅ​សង្កាត់​សំរោង​ត្បូង​ជាប់​បឹង​តាមោក​ម្នាក់​ទៀត​ អ្នកស្រី​ ស៊ា ដាវី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរថា ​ខណៈ​អាជ្ញាធរ​កំពុង​កាយ​ប្រឡាយ​នោះ ​ពលរដ្ឋ​បាន​ព្យាយាម​ហាម​ឃាត់​ដែរ​ តែ​ត្រូវ​បាន​ភាគី​ខាង​អាជ្ញាធរ​ប្រើប្រាស់​អំពើ​ហិង្សា​ដាក់។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ហេតុ​អី​ក៏​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ឱ្យ​ពួក​ខ្ញុំ​ផង​ បែរ​ជា​មក​កាយ​ប្រឡាយ​ ហើយ​ប្រើ​ហិង្សា​លើ​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ ដែល​ពួកខ្ញុំ​ព្យាយាម​ទៅ​ហាម​ឃាត់​ដើម្បី​រក​ដំណោះ​ស្រាយ​សិន​ ពួក​គាត់​អត់​ស្តាប់​ទេ។ ពួក​គាត់​ប្រើ​ហិង្សា​លើ​ប្រជា​ពលរដ្ឋ​តែ​ម្តង។ ​ហើយ​មាន​វាយ​សន្លប់​ម្នាក់ ​ហើយ​គាត់​ថា​ ពួក​ខ្ញុំ​សម្តែង។​ ពួក​ខ្ញុំ​ព្យាយាម​ទៅ​យក​មនុស្ស​ដែលសន្លប់​ហ្នឹង​ទៅ​ពេទ្យ​ ពួកគាត់​អត់​ឱ្យ​ទេ។ ពួក​គាត់​ថា​ ម្នាក់​ហ្នឹង​សម្តែង​ទេ។ ​អ៊ីចឹង​ក៏​វាយ​តប់​រុញ​ពួក​ខ្ញុំ​ទៅ​កប់​ភក់​ពេញ​ហ្នឹង​ទៀត។​ អ្នក​ដែល​ចុះ​ទៅ​យក​ ជូន​អ្នក​សន្លប់​ទៅ​មន្ទីរពេទ្យ»។

អ្នក​ស្រី​ស្នើ​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​សមស្រប​ មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍ។​

អ្នកស្រី​ថា៖ ​«សុំ​ការ​បញ្ឈប់​ទៅ​ សុំ​រក​ដំណោះ​ស្រាយ​ឱ្យ​ពួក​ខ្ញុំ​សិន​ ចាំកាយ​ប្រឡាយ។ ​ការ​អភិឌ្ឍ​ ខ្ញុំ​មិន​រារាំង​អាជ្ញាធរ ​ឬ​ក៏​រដ្ឋាភិបាល​ទេ ​លើ​ការអភិវឌ្ឍ​ តែ​សុំ​ឱ្យ​ពួក​ខ្ញុំ​បាន​ដំណោះ​ស្រាយ​សិន​ ឱ្យ​ពួក​ខ្ញុំ​ប៉ុន្មាន​ម៉ែត្រ​ពី​កាយ​ការ​កាយទៅ​ដល់​ដី​ផ្ទះ​របស់​ពួក​ខ្ញុំ។ ​គាត់​ទុក​ឱ្យ​ពួក​ខ្ញុំ​ប៉ុន្មាន​ម៉ែត្រ​ ឱ្យ​ច្បាស់លាស់​សិន»។​

អ្នកស្រី​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្តាញ​ពី​លំនៅ​ដ្ឋាន។​

អ្នកស្រី​ដាវី​លើក​ឡើង​ថា៖ ​«សុំ​ឱ្យ​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ​សម្តេច​ ហ៊ុន ម៉ាណែត ​ជួយ​មើល​ប្រជា​ពលរដ្ឋ​ផង​ ដែល​ពួក​ខ្ញុំ​រង​ការ​បណ្តេញ​ចេញ​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ ហើយ​ប្រើ​ហិង្សា​លើ​ពួក​ខ្ញុំ​ ជា​ស្រី ​និង​កុមារ​ ឱ្យ​រង​របួស​ជា​ច្រើន​នាក់»។​

វីអូអេ​ពុំទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ​ លោក ​កើត ឆែ ​និង​អភិបាល​ខណ្ឌ​ព្រែកព្នៅ ​លោក​ ធឹម សំអាន ​បាន​នៅ​ឡើយ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ យល់​ថា បញ្ហា​ដី​ធ្លី​នៅ​សហគមន៍​បឹង​តាមោក​ជា​បញ្ហា​មួយ​ដែល​អូស​បន្លាយ​ពេល​យូរ​ដែរ ​ហើយ​ក៏​តែងតែ​ឃើញ​មាន​បញ្ហា​កើត​ឡើង​ជា​បន្ត​បន្ទាប់​រវាង​អាជ្ញាធរ​ និង​ប្រជា​ពលរដ្ឋ។ ​លោក​ចង់​ឃើញ​ដំណោះ​ស្រាយ​មួយ​ប្រកប​ដោយ​សន្តិវិធី​ដែល​អាច​ឱ្យ​ភាគី​ទាំង​សង​ខាង​ទទួល​យក​បាន​ ដោយ​គ្មាន​ទំនាស់ ​ឬ​ហិង្សា។​

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​គួរតែ​ពិនិត្យ​ឡើង​វិញ​ពី​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ទីតាំង​នោះ។​

ពលរដ្ឋរស់នៅក្នុងសង្កាត់សំរោងត្បូងជាប់ផ្ទៃបឹងតាមោក ឈរតវ៉ាលើកបដានៅមុខផ្លូវទំនប់កប់ស្រូវនាពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក ​អំ សំអាត ​ថ្លែង​ថា៖ ​«រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​គួរតែ​ពិនិត្យ​ និង​ពិចារណា​សិក្សា​ទៅ​លើ​ការ​រស់​នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ហ្នឹង​ឱ្យ​បាន​ច្បាស់​លាស់​ ហើយ​យើង​មើល​គំរូ​នៅ​ស្ទឹង​មានជ័យ​ ដែល​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​ តាម​ស្ទឹង​ហ្នឹង​ រដ្ឋ​ក៏​បាន​សម្រេច​ផ្តល់​កម្ម​សិទ្ធិ​ដល់​ពួក​គេ»។​

លោក ​ស៊ាង មួយឡៃ ​ប្រធាន​កម្មវិធី​សិទ្ធិ​រស់​នៅ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាង​ត្នោត ​ប្រាប់​វីអូអេ​ថា ​ផែន​ការ​ប្លង់​គួរ​ប្រើប្រាស់​ដីក្នុង​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០៣៥ ​មិន​បាន​បញ្ជាក់​ពី​ការ​សាង​សង់​ប្រឡាយ​ទឹក​ណា​មួយ​នៅ​ក្រោយ​ផ្ទះ​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​បឹង​តាមោក​ឡើយ។ ប៉ុន្តែ​លោក​ថា ​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ថា​ មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​សាង​សង់​ប្រឡាយ​ទឹក​នៅ​ទីតាំង​នោះ​ទេ។​

លោក​បន្ត​ថា ​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​បឹង​តាមោក ​ក្រោម​ហេតុផល​ផ្សេងៗ​គ្នា ​ដោយ​ម្តង​ថា​ ពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃបឹង​ ម្តង​ថា​ ពួកគេ​រស់នៅ​លើ​ចំណី​ផ្លូវ ​ហើយ​រដ្ឋ​ត្រូវ​ការ​សម្រាប់​អភិវឌ្ឍន៍។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ ​មាន​សេណារីយ៉ូ ​ឬ​មាន​រឿង​ដែល​ថា ​អាជ្ញាធរ​គាត់​មាន​គម្រោង​ធ្វើ​ប្រឡាយ​ទឹក​ពីក្រោយ ​អ៊ីចឹង​សហគមន៍​គាត់​មាន​ការ​បារម្មណ៍។​ ឥឡូវ​ ដី​បឹង​ក៏​អត់​ប៉ះ ​ដី​ផ្លូវ​ក៏​អត់​ប៉ះ ​ហើយ​មក​គម្រោង​ធ្វើ​ប្រឡាយ ​ហើយ​អត់​មាន​ជជែក​ជាមួយ​គាត់​លម្អិត​ថា​ប្រឡាយ​ហ្នឹង​មាន​ទំហំ​ប៉ុន្មាន ឱ្យ​ច្បាស់​លាស់​ជាមួយ​ប្រជា​ពលរដ្ឋ។ ​អ៊ីចឹង​គាត់​បារម្ភ​ខ្លាច​អាជ្ញាធរ​យក​ដី​របស់​សហគមន៍​យក​ទៅ​ធ្វើ​ប្រឡាយ ​ដែល​ធ្វើ​ឱ្យ​ដី​របស់​ពួក​គាត់​ប្រឈម​ជាមួយ​នឹង​ការ​បណ្តាញ​ចេញ ​ឬក៏​ចាក​ចេញ​ទៅ​ទីតាំង​ផ្សេង»។​

លោក ​ស៊ាង មួយឡៃ ​បន្ថែមថា ​ដោយសារ​តែ​បច្ចុប្បន្ន​ដី​នៅ​តំបន់​បឹង​តាមោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ​ដូច្នេះ​លោក​ស្នើ​សុំ​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​កំណត់​ផែនទីនៃ​ផ្ទៃ​ដី​ជាប់​បឹង​តាមោក​ឱ្យ​ជាក់​លាក់ ​និង​ប្រកាស​ជា​សាធារណៈ​ពី​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ក្នុង​តំបន់​នោះ។​

កាល​ពី​ថ្ងៃ​ទី​ ២៥ ​ខែ​មករា ​ឆ្នាំ​ ២០២៤ ​ក្រុម​សង្គម​ស៊ីវិល​ និង​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​សហគមន៍​មូលដ្ឋាន​ចំនួន​ ៣៨ ​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​ស្នើ​ «បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​គំរាម​កំហែង​ និង​ផ្ដល់​ការ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​សហគមន៍​សំរោង​ត្បូង»។​

បច្ចុប្បន្ន​នេះ​ ប្រជា​ពល​រដ្ឋ​សំរោង​ត្បូង​ចំនួន​១៨​នាក់​កំពុង​រង​បណ្តឹង​ពី​តុលាការ ​ក្រោម​បទ​ចោទ​ហិង្សា​ដោយ​ចេតនា ​និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។ ​ពលរដ្ឋ​ម្នាក់​បាន​រត់​គេច​ខ្លួន ​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ ​នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល៕​