សមាជិកម្នាក់នៃកងកម្លាំងដែលគាំទ្រអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់បានស្លាប់ ហើយ ២៤ នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារនៅថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនបានធ្វើការវាយប្រហារសងសឹកនៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ដែលយោងលើប្រភពផ្នែកសន្តិសុខ។
មន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ម្នាក់បាននិយាយថា ការវាយប្រហារនេះបានសំដៅលើទីតាំងរបស់ក្រុមកងកម្លាំង Hashed al-Shaabi នៅក្នុងទីក្រុង Hilla ដែលជាទីតាំងមួយនៃគោលដៅវាយប្រហារចំនួនពីរនៅក្នុងខេត្ត Babylon នៃប្រទេសអ៊ីរ៉ាក់។
មនុស្សម្នាក់បានស្លាប់ ហើយ ២០ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ ចំណែកឯមនុស្ស ៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយទៀតនៅក្នុងខេត្ត Wassit នៅភាគខាងត្បូង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរូបនោះ។ ប្រភពផ្នែកសន្តិសុខពីរនៅក្នុងខេត្ត Babylon នឹងខេត្ត Wassit បានផ្ដល់ព័ត៌មានដូចគ្នានេះដែរ។
កាលពីប៉ុន្មានម៉ោងមុននោះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ទាហានរបស់ខ្លួនបានធ្វើការតបតទៅនឹងការវាយប្រហារជាច្រើនលើកច្រើនសារលើទាហានសហរដ្ឋអាមេរិកក្នុងពេលកន្លងមកដោយវាយប្រហារលើទីតាំង ៣ កន្លែងដែលក្រុមគាំទ្រអ៊ីរ៉ង់បានប្រើនៅក្នុងប្រទេសអ៊ីរ៉ាក់។
កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារម្ដងហើយម្ដងទៀតលើទីតាំងដែលអ៊ីរ៉ង់និងកងកម្លាំងតំណាងអ៊ីរ៉ង់បានប្រើនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររាប់សិបដងលើទាហានអាមេរិកាំងនិងទាហានសម្ព័ន្ធមិត្តនៅក្នុងតំបន់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលាមក។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «កងកម្លាំងយោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដែលចាំបាច់និងមានសមាមាត្រលើទីតាំង ៣ កន្លែងដែលក្រុម Kataeb Hezbollah និងក្រុមពាក់ព័ន្ធផ្សេងទៀតបានប្រើនៅក្នុងប្រទេសអ៊ីរ៉ាក់»៕