គោលបំណងនៃកិច្ចខំប្រឹងប្រែងក្នុងការស្តារឡើងវិញនៃដីព្រៃទាំងនេះ គឺដើម្បីផ្លាស់ប្តូរមុខមាត់នៃផ្ទៃដីដែលសោះកក្រោះ និងដែលធ្លាប់មានព្រៃឈើនៅក្នុងខេត្ត KPK ដែលស្ថិតនៅជួរភ្នំ Hindu Kush។
លោក Imran Khan មេដឹកនាំគណបក្ស Tehreek-e-Insaf ឬ PTI របស់ប៉ាគីស្ថាន ដែលជាថ្នាក់ដឹកនាំរបស់ខេត្តនេះ បានចាប់ផ្កើមយុទ្ធនាការដាំដើមឈើឡើងវិញកាលពីឆ្នាំ២០១៥ ក្រោមប្រធានបទ «ដើមឈើ១ពាន់លានដើម» ដែលជាភាសាអង់គ្លេសថា «Billion Tree Tsunami»។
អតីតកីឡាករវាយកូនបាល់ ដែលបានប្រែក្លាយទៅជាអ្នកនយោបាយរូបនេះបានប្រាប់ VOA ថាគោលបំណងនៃការដាំដើមឈើឲ្យបាន១ពាន់លានដើមនោះ បានទទួលជោគជ័យហើយនៅក្នុងខែនេះ គឺបានសម្រេចនៅមុនផែនការដែលបានកំណត់ គឺត្រឹមខែធ្នូឆ្នាំ២០១៧។
លោកបានថ្លែងថាគណបក្សរបស់លោកគ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដនៅចុងខែសីហា ដើម្បីអបអរសាទរការទទួលជោគជ័យលើគម្រោងនេះ ហើយក៏នឹងមានវត្តមានរបស់អ្នកការទូតបរទេសមួយចំនួនចូលរួមផងដែរ។ លោកបានមានប្រសាសន៍ថា៖ «យើងនឹងបង្ហាញពួកគេតាមរយៈផែនទីក្នុង Google ពីទីតាំងដាំដើមឈើទាំង១ពាន់លានដើមទាំងនោះ។ ព្រឹត្តិការណ៍នេះឥឡូវបានក្លាយទៅជាការងារគំរូដល់ពលរដ្ឋប៉ាគីស្ថានផ្សេងទៀត»។
ប៉ាគីស្ថានជាប្រទេសទី៧ នៅក្នុងបញ្ជីនៃប្រទេសដែលរងផលប៉ះពាល់ដោយសារការឡើងកម្តៅសកល និងជាប្រទេសដែលរងការកាប់បំផ្លាញព្រៃឈើធ្ងន់ធ្ងរជាងគេក្នុងចំណោមប្រទេសផ្សេងទៀតនៅក្នុងទ្វីបអាស៊ី។ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍នៃការកាប់ព្រៃឈើកន្លងមកនេះ នាំឲ្យព្រៃឈើរបស់ប្រទេសនេះបានថយចុះនៅតិចជាងផ្ទៃដីចំនួន៣ភាគរយ។ ព្រៃដែលនៅសល់ចំនួន៤០ភាគរយស្ថិតនៅក្នុងខេត្ត KPK។
លោក Khan សង្ឃឹមថាវិធីសាស្ត្រដាំដើមឈើរបស់លោក នឹងជួយកាត់បន្ថយផលប៉ះពាល់ការឡើងកម្តៅសកល ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ធម្មជាតិ ដូចជាទឹកជំនន់ដែលបង្កឡើងដោយសារការបំផ្លិចបំផ្លាញព្រៃក្នុងខេត្ត KPK និងនៅកន្លែងផ្សេងទៀតក្នុងប្រទេសប៉ាគីស្ថានជារៀងរាល់ឆ្នាំ។
លោក Khan បានគូសបញ្ជាក់ប្រាប់ថា៖ «យើងរកឃើញថា ប្រសិនបើអ្នកដាំដើមឈើនៅតាមមាត់ទឹក នោះវានឹងជួយគ្រប់គ្រងទឹកឲ្យមាននិរន្តភាព។ ក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺផ្ទាំងទឹកកកកំពុងតែរលាយនៅតាមតំបន់ភ្នំ ដោយសារតែហេតុផលចម្បងមួយគឺការបំផ្លិចបំផ្លាញព្រៃឈើដ៏ខ្លាំងក្លានេះ។ ដូច្នេះដើមឈើចំនួន១ពាន់លានដើមនេះ នឹងក្លាយជាសមិទ្ធិផលដ៏មានសារៈសំខាន់មួយនៅថ្ងៃអនាគត»។
អង្គការសហជីពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ ហៅកាត់ថា IUCN បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ដើម្បីអបអរសាទរដល់ខេត្តក្នុងប្រទេសប៉ាគីស្ថាន ដែលសម្រេចបាននូវ «ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ»។
អង្គការនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍នេះបានបង្ហាញពីការសម្រេចបានជាលើកដំបូង នៃការប្តេជ្ញាចិត្តរបស់កិច្ចខំប្រឹងប្រែង Bonn Challenge ដែលជាកិច្ចខំប្រឹងប្រែងជាសកលមួយ ដែលមានគោលបំណងឆ្ពោះទៅរកការស្តារព្រៃឈើឡើងវិញ»។
កិច្ចប្រឹងប្រែង Bonn Challenge ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ដើម្បីអំពាវនាវឲ្យមានការស្តារព្រៃឈើឡើងវិញនៅលើផ្ទៃដីដែលបានកាប់បំផ្លាញ និងផ្ទៃដីគ្មានជីជាតិទំហំ១៥០លានហិចតា នៅត្រឹមឆ្នាំ២០២០ និងកើនឡើងដល់ទំហំ៣៥០លានហិចតាត្រឹមឆ្នាំ២០៣០។
រហូតមកដល់ពេលនេះមានប្រទេសជាង២០ បានខិតខំប្រឹងប្រែងសម្រេចតាមការប្តេជ្ញានេះ តាមរយៈការបង្ហាញពីមហិច្ឆតារបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីស្តារព្រៃឈើឡើងវិញនៅលើផ្ទៃដីទំហំជាង៦០លានហិចតាត្រឹមឆ្នាំ២០២០។
យុទ្ធនាការដាំដើមឈើក្នុងខេត្ត KPK គឺជាយុទ្ធនាការថ្នាក់ក្រោមជាតិតែមួយគត់ដែលត្រូវបានដាក់បញ្ចូលនៅក្នុងកិច្ចប្រឹងប្រែង Bonn Challenge។
អ្នកស្រី Inger Anderson អគ្គនាយការបស់អង្គការ IUCN បានថ្លែងថា៖ «កម្មវិធីផ្តួចផ្តើមដើមឈើ១ពាន់លានដើម ឬ The Billion Trees Tsunami គឺជាគម្រោងអភិរក្សដ៏ជោគជ័យពិតប្រាកដមួយ។ វាគឺជាគម្រោងមួយបង្ហាញពីតួនាទីជាមេដឹកនាំបស់ប្រទេសប៉ាគីស្ថាន នៅក្នុងកិច្ចខំប្រឹងប្រែងស្តារព្រៃឈើឡើងវិញជាអន្តរជាតិ និងបានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីសម្រេចតាមគោលបំណងរបស់កិច្ចប្រឹងប្រែង Bonn Challenge»។
ក្រុមមន្ត្រីខេត្តនិយាយថាយុទ្ធនាការនេះបានសម្រេចតាមគោលដៅស្តារព្រៃឈើឡើងវិញ ដោយក្នុងនោះ៦០ភាគរយផ្តោតលើការការពារការបង្កើតធម្មជាតិឡើងវិញ និង៤០ភាគរយទៀតផ្តោតទៅលើផែនការដាំដើមឈើឡើងវិញ។
ទីតាំងបណ្តុះកូនឈើខ្នាតតូចជាច្រើនកន្លែងបណ្តុះកូនឈើបានរហូតចំនួន២ម៉ឺន៥ពាន់ដើមក្នុង១ទីតាំង ដោយបានទទួលប្រាក់កក់ជាមុន និងបានចុះកិច្ចសន្យាធានាទិញកូនឈើដោយរដ្ឋាភិបាលថ្នាក់ខេត្តថែមទៀតផង។
ក្រុមមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលខេត្ត KPK បានបោះទុនវិនិយោគទឹកប្រាក់ចំនួន១២៣លានដុល្លារ ដើម្បីបង្កើតកន្លែងបណ្តុះកូនឈើឯកជនចំនួន១ម៉ឺន៣ពាន់កន្លែងនៅស្ទើរគ្រប់ស្រុកទាំងអស់ និងបណ្តុះកូនឈើដាំក្នុងស្រុកបានរាប់ម៉ឺនដើម និងបាននាំយកកូនឈើមួយចំនួនពីក្រៅប្រទេសដូចជា ដើមស្រល់ ដើម Walnuts និងដើមប្រេងខ្យល់ជាដើម។
ការណ៍នេះបានបង្កើនប្រាក់ចំណូលក្នុងស្រុក បង្កើតការងារសម្រាប់វិស័យបរិស្ថានបានរាប់ពាន់ និងបានជួយបង្កើនសមត្ថភាពដល់ក្រុមយុវជន និងស្ត្រីដែលគ្មានការងារធ្វើនៅក្នុងខេត្តថែមទៀតផងដែរ។ ថវិកាចំនួន១០០លានដុល្លារផ្សេងទៀត នឹងដាក់បន្ថែមចូលក្នុងគម្រោងនេះឲ្យមានដំណើរការរហូតដល់ឆ្នាំ២០២០។
បើយោងតាមមន្រ្តីរបស់អង្គការ IUCN បានឲ្យដឹងថា៖ «ការគាំទ្រនេះនិងជួយធ្វើឲ្យគម្រោងនេះក្លាយជាគម្រោងវិនោយោគប្រព័ន្ធអេកូឡូស៊ី ធំជាងគេបង្អស់មួយនៅក្នុងប្រទេសប៉ាគីស្ថាន»។
តាមរយៈគម្រោងនេះ ដើមឈើដែលទើបដាក់ដាំនឹងជួយធ្វើឲ្យច្រាំងទន្លេរឹងមាំ ពង្រីកធនធានព្រៃឈើនៅលើផ្ទៃដីកសិកម្ម បង្កើនជីវចម្រុះតាមរយៈការស្តារជម្រកសត្វព្រៃឡើងវិញ និងជួយកាត់បន្ថយឧស្ម័នកាប៊ូនិច ដែលនាំឲ្យមានការឡើងកម្តៅរបស់ផែនដីបាន។
លោក Khan បានថ្លែងបន្តទៀតថា៖ «យើងមិនអាចធ្វើការងារនេះបានទេ បើគ្មានការចូលរួមពីសហគមន៍ក្នុងតំបន់។ ជាដំបូងពួកគេបានបង្កើតថ្នាលបណ្តុះកូនឈើ បន្ទាប់មកពួកគេការពារព្រៃឈើ និងដើមឈើដែលពួកគេបានដាំ។ នេះគឺជាបទពិសោធន៍ដ៏ជោគជ័យមួយមិនដែលធ្លាប់មាន ហើយឥឡូវនេះយើងបានជួយសង្គ្រោះព្រៃឈើបាន៨៥ភាគរយ»។
ក្រុមជំនាញការនៃអង្គការ WWF ប្រចាំក្នុងប្រទេសប៉ាគីស្ថាន ដែលជាអ្នកឃ្លាំមើល និងចុះអង្កេតលើគម្រោងដាំដើមឈើក្នុងខេត្ត KPK ថ្លែងថា គម្រោងនេះបានទទួលជោគជ័យទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គម។ នេះគឺជាគម្រោងដែលបានជួយសង្គ្រោះព្រៃឈើក្នុងអត្រាខ្ពស់ជាងគេបំផុតមួយក្នុងពិភពលោក ដែលមានអត្រាចាប់ពី៧០ភាគរយ ទៅ៩០ភាគរយ។
បើយោងតាមប្រសាសន៍របស់លោក Hamadd Khan Naqi អគ្គនាយករបស់អង្គការ WWF ប្រាប់ VOA ឲ្យដឹងថា៖ «ប្រសិនបើកិច្ចការនេះនៅតែបន្ត នោះចំនួនសត្វស្លាប អតិសុខុមប្រាណ សត្វល្អិត សត្វព្រៃនានា ក៏ដូចជាជម្រកសត្វនឹងមានការកើនឡើង។
ប្រព័ន្ធអេកូឡូស៊ីនឹងត្រូវបានស្តារឡើងវិញនៅតាមតំបន់មួយចំនួន។ ចំនួនទឹកភ្លៀងនឹងកើនឡើង យើងត្រូវការទឹកភ្លៀងជាចាំបាច់»។
លោក Khan បានថ្លែងបន្តទៀតថា រដ្ឋាភិបាលថ្នាក់ខេត្តបានពង្រឹងច្បាប់ក្នុងការដាក់បម្រាមមិនឲ្យកាប់ឈើក្នុងព្រៃអភិរក្សនៅទូទាំងខេត្ត KPK។
ក្រុមអាជ្ញាធរក៏បានកាត់បន្ថយសកម្មភាពកាប់ឈើរបស់ «ក្រុមម៉ាហ្វីយ៉ាព្រៃឈើ» ដោយបានចុះទៅរុះរើកន្លែងអារឈើខុសច្បាប់ ក៏ដូចជាចាប់ខ្លួនអ្នកកាប់ឈើខុសច្បាប់មួយចំនួនផងដែរ។
លោក Khan បានថ្លែងបន្ថែមទៀតថា យ៉ាងហោចណាស់មានកងកម្លាំងការពារព្រៃ២នាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួសក្នុងហេតុការណ៍ចុះបង្ក្រាបនេះ។
គំនិតផ្តួចផ្តើមរបស់ខេត្តដ៏មានប្រជាប្រិយ និងត្រូវបានគេទទួលស្គាល់មួយនេះ បានលើកទឹកចិត្តដល់រដ្ឋាភិបាលថ្នាក់ជាតិឲ្យប្រកាសពីកម្មវិធីរបស់ខ្លួនមួយមានឈ្មោះថា Green Pakistan ឬប៉ាគីស្ថានពណ៌បៃតង កាលពីឆ្នាំមុន ដោយមានបំណងដាំដើមឈើឲ្យបានចំនួន១០០លានដើមក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ៕