ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​មូលដ្ឋាន​នៅ​មិន​មាន​ជំនឿ​លើ​ផែនការ​ស្រោចស្រង់​គម្រប​ព្រៃឈើ


សហគមន៍​មូលដ្ឋាន​នៅ​មិន​មាន​ជំនឿ​លើ​ផែនការ​ស្រោចស្រង់​គម្រប​ព្រៃឈើ

ភាគទី៣​​នៃ​សេចក្តី​រាយការណ៍​ពិសេស​៣​ភាគ

នៅពេល​ដែល​មាន​របាយការណ៍​ស្តីពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​តាម​រយៈស្រប​ច្បាប់​និង​ខុស​ច្បាប់​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ទោះ​បី​ជាខ្លួន​មិនបាន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​នេះ​ក៏​ដោយ ​ក៏​បាន​បង្ហាញ​ការប្រឹង​ប្រែង​របស់​ខ្លួន​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ​ដើម្បី​ស្រោចស្រង់គម្រប​ព្រៃឈើ​ឡើង​វិញ។ គោល​នយោបាយ​នេះ ​ដែល​ជា​កម្ម​វិធី​ព្រៃឈើ​ជាតិ​សម្រាប់​រយៈ​ពេល​២០​ឆ្នាំ​ដោយ​គិត​ចាប់ពីឆ្នាំ​២០១០​ទៅ។

គោល​នយោបាយ​ដែល​មាន​ចំនួន​១៦៤​ទំព័រ​ដែល​ វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ បាន​ទទួល​បាន​លើក​ឡើង​នូវ​យុទ្ធសាស្រ្ត​ជា​ច្រើន​សម្រាប់​ការគ្រប់​គ្រង​ព្រៃ​ឈើ​ឱ្យ​មាន​និរន្តរភាព ​ដែល​រួម​មាន​អភិបាលកិច្ច​ល្អ​លើ​វិស័យ​ព្រៃឈើ​ ការរៀបចំ​ផែនការ​ការប្រើ​ប្រាស់​ដី​ធ្លី​ ការការពារ​បរិស្ថាន​និង​អភិរក្ស​ធនធាន​ព្រៃ​ឈើ​ ​ជម្រើស​របប​គ្រប់គ្រង​ព្រៃឈើ​និង​យុទ្ធសាស្រ្ត​ផ្សេងៗ​ទៀត។

លោក​ ថន សារ៉ាត់​ អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ផែនការ​ និង​ ហិរញ្ញ​វត្ថុ​របស់​រដ្ឋបាល​ព្រៃឈើ​បានថ្លែងប្រាប់​វីអូអេ​ខ្មែរ​ថា ប្រទេស​កម្ពុជា​មាន​កម្មវិធី​ជាតិ​ចំនួន​៦ដើម្បី​កែទម្រង់​វិស័យ​ព្រៃឈើ។
លោក​ ថន សារ៉ាត់​ អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ផែនការ​ និង​ ហិរញ្ញ​វត្ថុ​របស់​រដ្ឋបាល​ព្រៃឈើ​បានថ្លែងប្រាប់​វីអូអេ​ខ្មែរ​ថា ប្រទេស​កម្ពុជា​មាន​កម្មវិធី​ជាតិ​ចំនួន​៦ដើម្បី​កែទម្រង់​វិស័យ​ព្រៃឈើ។
លោក​ ថន សារ៉ាត់​ អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ផែនការ​ និង​ ហិរញ្ញ​វត្ថុ​របស់​រដ្ឋបាល​ព្រៃឈើ​បាន​និយាយ​ថា​យើង​មាន​កម្មវិធី​ជាតិ​ចំនួន​៦​ ដើម្បី​កែទម្រង់​វិស័យ​ព្រៃឈើ។

លោក​បាន​បញ្ជាក់​ថា ​កម្មវិធី​ទាំង​នោះ​រួមមាន​៖ ​កំណត់​ព្រំប្រទល់​ព្រៃ​ឈើ​ ចំណាត់​ថ្នាក់​និង​ចុះ​បញ្ជិកា អភិរក្ស​ធនធាន​ព្រៃ​ឈើ​និង​ជីវចម្រុះ​ ការ​អនុវត្ត​ច្បាប់​និង​អភិបាលកិច្ច​ សហគមន៍​ព្រៃឈើ​ អភិវឌ្ឍ​សមត្ថភាព​ និង​ថវិកា​ដែល​បាន​មក​ពី​ព្រៃ​ឈើ​យក​ទៅ​ថែ​រក្សា​ព្រៃឈើ​វិញ។

«យើង​បាន​គិត​គូរ​ថា​ប្រសិន​ជា​កម្មវិធី​ព្រៃ​ឈើ​ជាតិ​ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ​ ថវិកា​ជាតិនឹង​ផ្ដល់​និរន្តរភាព​ថវិកា​ចំណាយ​ ដើម្បី​បម្រើ​គម្រោង​តាម​បែប​បទ​បច្ចេកទេស ​និង​គណនេយ្យ​ត្រឹម​ត្រូវ​និង​តម្លាភាព។ ​យក​ប្រាក់​ដែល​បាន​មក​ពី​ការ​គ្រប់គ្រង​ព្រៃឈើ​យក​ទៅ​ប្រើ​ប្រាស់​ ដើម្បី​ថែរក្សា​ព្រៃឈើ​និង​បង់​ចំណូល​ចូល​ថវិកា​ជាតិ​និង​បើក​ជា​បៀវត្សរ៍​ពេញលេញ​ជូន​មន្ត្រី​រាជការ»។

ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា​បាន​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ប្រមាណ​ជា​៧០%​រហូត​ត្រឹម​ទសវត្សរ៍​ទី​៦០។

ក៏​ប៉ុន្ដែ​លោក​ ឈុត​ វុទ្ធី​ ​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​អះអាង​ថា​ព្រៃឈើ​កម្ពុជា​នៅ​សល់​ប្រមាណ​ពី​៣០%​ទៅ​៤០​%​តែ​ប៉ុណ្ណោះ។ លោក​បាន​ទស្សន៍ទាយ​ថា​ ក្នុង​រយៈ​ពេល​ចុង​ឆ្នាំ​២០១១​នេះ​ ​ឈើ​ប្រណិតៗ​នឹង​ត្រូវ​ហិន​ហោច​ខ្ទេច​ខ្ទី​អស់​ប្រសិន​បើ​ពុំ​មាន​វិធានការ​ទប់​ស្កាត់។

ឈើ​ប្រណិតៗ​ដូច​ជា​ក្រញូង​ បេង ​នាងនួន​ ជា​ដើម​កំពុង​ទទួល​រង​ការកាប់​បំផ្លាញ​យ៉ាងខ្លាំង​ក្លា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​ដែល​គេ​ភ្ជាប់​ការកាប់បំផ្លាញ​នេះ​មួយ​ផ្នែក​ទៅនឹង​អរិភាព​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។ ប្រទេស​ចិន ​និង​ប្រទេស​វៀត​ណាម​គឺជា​ទីផ្សារ​យ៉ាងសំខាន់​ដែលកំពុង​ស្រូបយក​ផលិតផល​ព្រៃឈើ​ពី​កម្ពុជា។

កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​ដដែល​បន្ថែម​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​គួរឲ្យ​កត់​សម្គាល់​ក្នុង​ការថែរក្សា​ធនធាន​ព្រៃឈើ​ដែល​គ្របដណ្តប់​ជាង​៥៩​ភាគរយ​ស្មើនឹង​ជាង​១០,៨​លាន​ហិកតា​នៃ​ផ្ទៃ​ប្រទេស។

ការ​តវ៉ា​ពីការកាប់បំផ្លាញ​ព្រៃឈើ​ត្រូវបាន​លេចឮ​ជា​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹងការរិះគន់​លើ​ការកាប់​បំផ្លាញ​ព្រៃឈើ​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​របស់​ប្រទេស​អង់គ្លេស Global Witness​ រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​បណ្ដេញ​អង្គការ​នេះ​ចេញពី​ទឹកដី​របស់​ខ្លួន។ អង្គការ​នេះ ដែល​បាន​សរសេរ​របាយការណ៍​មួយ​ស្ដីពី​ ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​បង្ហិនបង្ហោច​ក្នុង​ប្រទេស​កម្ពុជា​ក្រោមចំណង​ជើងថា ​Family's Tree​ ឬ​ហៅ ជា​ភាសាខ្មែ​រថា​ «សែស្រឡាយ​លក់​ជាតិ»។ របាយការណ៍​នោះ​បាន​បង្ហាញ​ពី​សមាជិក​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​ ដែល​ប្រឡូក​ប្រឡាក់​ក្នុង​ការកាប់​បំ​ផ្លាញ​ព្រៃឈើ​មាន​តម្លៃ​នៅ​កម្ពុជា។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ សហគមន៍​ព្រៃឈើ​បាន​ព្យាយាម​ធ្វើការ​តវ៉ា​ចំពោះ​ការ​កាប់បំផ្លាញ​ព្រៃឡង់​ដែល​ជា​ព្រៃឈើ​ដ៏ធំ​លាតសន្ធឹង​ពី​ខេត្ត​ព្រះវិហារ​ កំពង់ធំ​ ខេត្ត​ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង​ ក៏ប៉ុន្ដែ​ នៅតែ​ពុំមាន​ការដោះ​ស្រាយ​ពី​ក្រុម​អាជ្ញាធរ​នោះ​ទេ។

យ៉ាងណា​ក៏ដោយ​នៅក្នុង​ឯកសារ​នៃ​កម្ម​វិធី​ព្រៃ​ឈើ​ជាតិ​បាន​បង្ហាញ​ពី​ការប្រឈម​ជាច្រើន​ក្នុង​ការ​ការពារ​ព្រៃឈើ​ភាគច្រើន​នៃ​ប្រជាជន​នៅ​ជនបទ​ពឹងផ្អែក​លើ​ការចូលព្រៃ​រុករក​អនុផល​ព្រៃ​ឈើ។​ ជាពិសេស ​សម្រាប់​អាហារ​ ថាមពល​ អុស​ កូនឈើ​តូចៗ​ និង​សសរ​ ប្រមូល​ជ័រ​ ឃ្វាល​គោ​ ក្របី​ ប្រមូល​រុក្ខជាតិ​ថ្នាំ​ បុរាណ​ និង​មាន​ជំនឿ​អារក្ស​អ្នកតា​ជាដើម។

ថ្វីបើ​យ៉ាងនេះក្ដី ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្តារព្រៃ​ឈើ​ឡើង​វិញ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃឈើ​និង​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ការរំលោភ​បរិស្ថាន​មិន​មាន​ជំនឿ​ទៅ​លើ​កម្មវិធី​ព្រៃ​ឈើ​ជាតិ​នេះ។

លោក​ស្វាយ ភឿន​ អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​បាលហាល ​ឃុំ​រីករាយ ស្រុក​រវៀង ​ខេត្ត​ព្រះវិហារ​មិន​បាន​សម្តែង​ការ​គាំទ្រ​ទៅ​នឹង​កម្មវិធី​ការពារ​ព្រៃឈើ​របស់​រដ្ឋាភិបាល​ទេ​ ​លោក​លើក​ឡើង​ថា ​ព្រៃឡង់​ក្នុង​ខេត្ត​របស់​លោក​កំពុង​រងការបំផ្លាញ​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​ CRCK​ និង​ក្រុមហ៊ុន​ PNT។

ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ បាន​ទទួល​អាជ្ញា​ប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​តំបន់​ព្រៃ​ឡង់​កាល​ពី​ឆ្នាំ​២០០៩​នៅ​លើ​ផ្ទៃ​ដី​៤៥០.០០០​ហិកតា​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​គឺ​ខេត្ត​កំពង់ធំ​ ព្រះ​វិហារ​ ក្រចេះ​ និង​ ខេត្ត​ស្ទឹងត្រែង។ ​ក៏​ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​គោរព​កិច្ច​សន្យា​របស់​ខ្លួន​ទេ។

«ខ្ញុំ​មិន​ជំនឿ​ទេ។ ​មិន​ជំនឿ​ត្រង់​ថា​រដ្ឋា​ភិបាល​បាន​សម្រេច​ឱ្យ​ទៅ​ចម្ការ​ឈើ​ដាំ​ផង។ ​ជាពិសេស​ពួក​ខ្ញុំ​ជា​សហគមន៍​ហ្នឹង​ពួក​ខ្ញុំ​បដិសេធ​ទាំ​ស្រុង​ហើយ​បើ​រដ្ឋាភិបាល​រាប់​គិត​ទាំង​ចម្ការ​ឈើ​ដាំ​អញ្ចឹង​នោះ»។

លោ​កជុំ យីម​ អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ស្រែ​វាល​ខាង​កើត​ឃុំ​ដង​កាំបិទ​ស្រុក​សណ្តាន់​ខេត្ត​កំពង់​ធំ​បាន​និយាយថា ​ចម្ការ​ឈើ​ដាំ​មិន​ដូច​ព្រៃ​ធម្មជាតិ​ទេ។

«តាម​លក្ខណៈ​យើង​មើល​ទៅ ​កាល​ណា​យើ​ដាំ​កូន​ឈើ​ឡើង​វិញ​វាអត់​មាន​សត្វព្រៃ​ ផ្លែ​ឈើ​ បន្លែ​ វាកើតពី​ប្រពៃ​ណី​ពី​បុរម​ដូន​តា»។

លោក​ ឈុត វុទ្ធី​ បាន​បញ្ជាក់​ថា​ការកែទម្រង់​ព្រៃ​ឈើ​ឡើង​វិញ​លុះត្រា​តែ​អ្នកជំនាញ​ពាក់ព័ន្ធ​ទាំង​អស់​ស្រឡាញ់​ធនធាន​ធម្មជាតិ​តែ​បើ​ពួកគេ​ជា​ពាណិជ្ជករ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។

«នៅ​ប្រទេស​យើង​អ្នក​ធ្វើការ​រដ្ឋ​ផង​ពាណិជ្ជករ​ផង​ កន្លែង​នេះ​ហើយ​ជា​កំហុស​ឆ្គង​មួយ​ដែល​យើង​មិន​បាន​ត្រួត​ពិនិត្យ។ ​នៅ​ប្រទេស​ជឿន​លឿន​ឬ​ក៏​ប្រទេស​ផ្សេង​អ្នកធ្វើការ​រដ្ឋ​អត់​ធ្វើ​ពាណិជ្ជករ​បាន​ទេ»។

លោក​ឈុត វុទ្ធី​ បន្ថែម​ថា ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​រួមចំណែក​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​កម្ពុជា​យ៉ាង​រិចរិល។

ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សម្បទាន​ព្រៃឈើ​ចំនួន​៤៤​ក្រុមហ៊ុន​ ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ននេះ​នៅក្នុង​ខេត្ត​កំពង់ធំ ព្រះវិហារ​ ក្រចេះ ​ស្ទឹងត្រែង​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ រតនៈគីរី​ និង​មណ្ឌលគីរី​ ហើយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ចំនួន​ទៀត ​ដូចជា​ ក្រុមហ៊ុន​មកពី​ ប្រទេស​ចិននិង​ប្រទេស​វៀតណាម​ បាន​ទទួល​សិទ្ធិ​វិនិយោគ​ពង្រីក​ដី​រាប់សែន​ហិកតា​សម្រាប់​ការ​អភិវឌ្ឍ​ដំណាំ​កសិកម្ម​ដូចជា ​ដំណាំ​កៅស៊ូ​ជាដើម៕

XS
SM
MD
LG