ម្ចាស់​ទីតាំង​ស្តុក​ឱសថ​មួយ​កន្លែង​ត្រូវ​ចាប់​ខ្លួន​ ​ក្រោយ​រក​ឃើញ​ថ្នាំ​ពេទ្យ​ខុស​ច្បាប់​ជាង​៥០០​កេស

ឱសថខុសច្បាប់មួយប្រភេទ ដែលត្រូវបានរឹបអូសដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយនៃក្រសួងមហាផ្ទៃ។ (រូបថតដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ)

គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​និង​សមត្ថកិច្ច​ចម្រុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចុះ​បង្ក្រាប​ទីតាំង​នាំចូល​ ​និង​ចែក​ចាយ​ឱសថ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​ឃាត់​ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ និង​រឹបអូស​ឱសថ​ខុស​ច្បាប់​ជាង​មួយ​លាន​គ្រាប់។

អាជ្ញាធរ​ឃាត់​ខ្លួន​ជនជាតិ​ខ្មែរ​មួយ​រូប​ ក្រោយ​រក​ឃើញ​ថ្នាំពេទ្យ​ខុស​ច្បាប់​ជាង​៥០០​កេស​ ​នៅ​ទីតាំង​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​សង្ស័យ​ថា​ ជា​កន្លែង​ផ្ទុក​ ​និង​ចែក​ចាយ​ឱសថ​ខុស​ច្បាប់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ ​និង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផលក្លែងក្លាយ​ ​ដែល​ ​VOA​ ​ទទួល​បាន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ ​ចេញ​នៅ​ថ្ងៃ​ទី​១៨​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​ ​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែ​សីហា​ ​កម្លាំង​សមត្ថ​កិច្ចចម្រុះ​បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​ចែកចាយ​ថ្នាំពេទ្យ​ខុស​ច្បាប់​មួយ​កន្លែង​ ​ឈ្មោះ​«រស្មីសួគ៌»​ ​ក្នុង​សង្កាត់​អូរបែកក្អម ​ខណ្ឌ​សែនសុខ​ ​រាជ​ធានី​ភ្នំពេញ​ ​ដោយ​រឹបអូស​ថ្នាំពេទ្យ​បាន​ចំនួន​ជាង​៥០០​កេស។

សេចក្តីប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ដោយ​មាន​ការ​សម្រប​សម្រួល​ពី​តំណាង​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​យើង​បាន​ត្រួត​ពិនិត្យ​ឃើញ​មាន​ឱសថ​ចំនួន​២៣​មុខ​ ​សរុប​ចំនួន​ ៥០០​កេស​ស្មើ​នឹង​១.៣២៩.៦២០​គ្រាប់​ ​និង​៦៩.១០៥​កញ្ចប់​ ​និង​ឱសថ​ផុត​សុពលភាព​មាន​ចំនួន​១២​មុខ​ ​សរុប​២០​កេស»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បន្ថែម​ថា​ ​ក្រោយ​ការ​ពិនិត្យ​រួច គណៈកម្មាធិការ​ចម្រុះ​បាន​សន្និដ្ឋាន​បឋម​នូវ​បទ​ល្មើស​ដូចជា៖​

«សង្ស័យ​ជា​ទីតាំង​វេច​ខ្ចប់​ឱសថ​ក្លែងក្លាយ​ ​និង​កែ​សុពល​ភាព​ឱសថ​ ​រក្សា​ទុក​ ​និង​ចែក​ចាយ​ផលិតផល​ឱសថ​ក្លែង​ក្លាយ​ ​និង​ផុត​សុពលភាព។​ ​គ្មាន​លិខិត​អនុញ្ញាត​ឲ្យ​ចែក​ចាយ​ឱសថ។​ ​ដំណើរ​ការ​ក្រុមហ៊ុន​មិន​អនុលោម​តាម​ច្បាប់»។​

ឱសថខុសច្បាបច្រើនប្រភេទ ដែលត្រូវបានរឹបអូសដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយនៃក្រសួងមហាផ្ទៃ។ (រូបថតដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ)

លោក​ខាន់ លីណា​ ​អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ តំណាង​ក្រុមហ៊ុន​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សួរនាំ។​ ​យ៉ាង​ណាក៏​ដោយ ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ ​តើ​ឱសថ​ទាំង​នោះ​ជា​ប្រភេទ​ឱសថ​អ្វី​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បែបណា​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«ចាំ​មើល​ខាង​ជំនាញ​គាត់​សិក្សា​សិន​ ​បាន​គាត់​ចេញ​លទ្ធផល​មក​បាន​យើង​ដឹង។​ ​យើង​បាន​គ្រាន់​តែឃាត់​ខ្លួន​ម្ចាស់​សិប្បកម្ម​ម្នាក់​ដើម្បី​សួរ​ចម្លើយ​ទេ។​ ​សំណុំ​រឿង​ហ្នឹង​នៅក្នុង​ដៃ​តុលាការ​ហើយ។ ស៊ីសង​លើ​តុលាការ​លោក​អ្នក​សម្រេច​ទេ»។​

កាលពី​ឆ្នាំ​២០១៧​ ​អាជ្ញាធរ​បាន​ដុត​កម្ទេច​ផលិត​ផល​ក្លែង​ក្លាយ​រាប់រយ​តោន​ ​ដែល​រឹប​អូស​បាន​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​និង​ខេត្ត​កំពង់ស្ពឺ ​រួម​មាន​ថ្នាំ​ពេទ្យ ​គ្រឿង​សម្អាង​ ​ភេសជ្ជៈ ​និង​គ្រឿង​បរិភោគ​ជាដើម។​

ចំណែក​ក្នុង​រយៈពេល​បី​ខែ​នៃ​ដើម​ឆ្នាំ​២០១៨​នេះ ​អាជ្ញាធរ​ឃាត់​ខ្លួន​មនុស្ស​១០​នាក់​ បញ្ជូន​ទៅ​តុលា​ការ។​ ទំនិញ​ក្លែង​ក្លាយ​ ​និង​ទំនិញ​ខុស​ច្បាប់​ជាង​៨៨​តោន​ រួម​មាន​ ​សាច់​ប៉ាត់តេ​ ​ទឹកសុទ្ធ​ ​និង​ស្រាបៀរ​ ​ត្រូវ​បាន​រឹបអូស​ពី​ក្រុម​ឈ្មួញ​នានា​ក្នុង​រាជធានី​ភ្នំពេញ។​

ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ​លោក​ ​មៀច សុផាន់ណា​ ​នា​ពេល​ថ្មីៗ​នេះ ​បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​ចរាចរផលិតផល​ក្លែងក្លាយ គឺ​ដោយ​សារ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ​និង​តម្រូវ​ការ​ទីផ្សារ​កើន​ឡើង។​

អ្នក​ឃ្លាំមើល​សង្គម​លើក​ឡើង​ថា​ ​ការ​កើនឡើង​នៃ​ការ​ចរាចរ​ផលិតផល​ក្លែង​ក្លាយ​នៅ​កម្ពុជា ​គឺបណ្តាល​មក​ពី​កង្វះ​ខាតការគ្រប់​គ្រង​ ​និង​ការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​ ​និង​ថា ​ ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​ព្រមទាំង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ផលិត​ផល​ក្លែង​ក្លាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ ​និង​មាន​ប្រសិទ្ធ​ភាព៕