នៅពេលដែលពេលវេលាកំណត់ចុងក្រោយបង្អស់សម្រាប់ការឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរីជិតមកដល់ កាលពីថ្ងៃសុក្រកងយន្តហោះចម្បាំងរុស្ស៊ីបានបន្តការទម្លាក់គ្រាប់បែកលើអ្វីដែលអាជ្ញាធរវិមានក្រឹមឡាំងហៅថា «អង្គការភេរវជន» នៅពេលមានរបាយការណ៍ថា រុស្ស៊ីបានបង្កើនការវាយប្រហារលើសំបុកពួកឧទ្ទាម។
កិច្ចឈប់បាញ់គា្ននេះដែលបានត្រូវសម្របសម្រួលឱ្យមានឡើងដោយស.រ.អា. និងប្រទេសរុស្ស៊ីត្រូវបានកំណត់នឹងចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រតាមម៉ោងក្រុងដាម៉ាសដែលត្រូវនឹងម៉ោង១០យប់ម៉ោងសាកល។គណៈកម្មាធិការជាន់ខ្ពស់ខាងការចរចាដែលជាបណ្តុំក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានក្រុម៩៧បានសន្យាថានឹងគោរពកិច្ចឈប់បាញ់គ្នានេះ។
ក៏ប៉ុន្តែអង្គការ Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបានចោទប្រកាន់ប្រទេសរុស្ស៊ីថា បានបង្កើនការវាយប្រហារទៅលើពួកឧទ្ទាមដែលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។ ទីភ្នាក់ងារព័ត៌មានបារាំង Agence Frnace-Presse បានរាយការណ៍ថា ការវាយប្រហារតាមអាកាស «មានភាពខ្លាំងក្លាជាងធម្មតា»។ ទីដៅនៃការវាយប្រហារទាំងនេះមានរួមបញ្ចូលតំបន់នៅខាងកើតក្រុងដាម៉ាស ក្រុង Homs នៅប៉ែកខាងជើងប្រទេស និងផ្នែកនានានៃខេត្ត Aleppo។
គេបានដកស្រង់ពាក្យសម្តីលោក Dmitry Peskov អ្នកនាំពាក្យនៃវិមានក្រឹមឡាំងដែលបានឆ្លើយតបថា «ជាការពិត កងទ័ពអាកាសរុស្ស៊ីបានបន្តកិច្ចប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសស៊ីរី «ប្រឆាំងនឹងអង្គការភេរវជន» ហើយបានសាកសួរអំពី ភាពគួរឱ្យជឿទុកចិត្តបាននៃអង្គការ Observatory។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីគ្រោងនឹងបន្តយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនប្រឆាំងនឹងក្រុមរដ្ឋឥស្លាម និងរណសិរ្ស al-Nusra ដែលមានចំណងទាក់ទងជាមួយពួក al-Qaida ដែលជាក្រុមភេរវជននៅក្នុងប្រទេសស៊ីរី។ លោកបានថ្លែងថា កិច្ចព្រមព្រៀងអ.ស.ប.មិនបានអនុវត្តដល់ក្រុមទាំងឡាយណាដែលអ.ស.ប.បានចាត់ទុកជាអង្គការភេរវជនទេ។ ពួករដ្ឋឥស្លាម និងពួក al-Nusra មិនមែនជាភាគីនៅក្នុងកិច្ចឈប់បាញ់គ្នានេះទេ៕