អ្នក​មាន​ចំណូល​ទាប​នៅ​ភ្នំពេញ ថ្លឹងថ្លែង​រវាង​ក្រពះ​និង​ការឆ្លង​ជំងឺ​កូវីដ

រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​ក្រៅ​រោងចក្រ​មួយ​ ដែល​ស្ថិត​ក្នុងខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

ខណៈ​មាន​ការ​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍ជិត​ពីរ​សប្ដាហ៍​កន្លង​មក​ ​ក្រសួង​សុខា ភិបាល​ បាន​ស្នើ​ពលរដ្ឋ ​«សូម​កុំ​ដើរ​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់» ដើម្បី​បង្ការ​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ។

តែ​នៅ​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ដែល​ស្ងប់​ស្ងាត់​ជាង​មុន វត្ត​មាន​នៃ​អាជីវកម្ម​ខ្នាត​តូច​ នៅ​តែ​បន្ត​មាន។ អាជីវករ​ខ្នាត​តូច​ដូចជា​អ្នកស្រី ឃីម ហា អាយុ​៤៦​ឆ្នាំ ​លើក​ឡើង​ថា ខ្លួន​នៅ​តែ«ប្រថុយ»​ចេញ​ក្រៅ។

មាត់​និង​ច្រមុះ​បិទ​ដោយ​ម៉ាស ដៃ​ទាំងគូ​ឆាមី​លើ​រទះ​រខេក​រខាក ក្បែរ​ហាង​កាបូប​និង​ស្បែក​ជើង ​Pedro លើ​វិថី​ព្រះសីហនុ ដែល​មាន​ចង្កោម​ឆ្លង​ច្រើន​ក្នុង​ហាង​នោះ អ្នកស្រី ឃីម ហា ពន្យល់​យ៉ាង​ខ្លី​ថា ​ខ្លួន​មិន​អាច​នៅ​ផ្ទះ​បាន​ទេ។

«មាន​អី​ស៊ី មាន​អី​ចាយ បើ​បាន​គាត់​[រដ្ឋាភិបាល]​ ជួយ​ខ្លះ​ទៅ​មាន​អី»។

មាន​ដើម​កំណើត​ខ្មែរ​ក្រោម​នៅ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​និង​បាន​ឡើង​មក​កម្ពុជា​នៅឆ្នាំ​១៩៩៣ អ្នកស្រី ឃីម ហា ដែល​មាន​កូន​ម្នាក់ រំពឹង​របរ​លក់​មី​ឆា ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​រស់​នៅ​ក្នុង​ទីក្រុង​ដ៏​មមាញឹក​នេះ។

អ្នកស្រី​បន្ថែម​ថា៖

«ស្ងាត់​ហ្អា និយាយ​រួម​ស្ងាត់​តាំង​ពី​កូវីដ​ចាប់​ផ្ដើម​មក​រហូត និយាយ​រួម​តាំង​ពី​ខែ​ប៉ុន្មាន​មក​ហ្នុង ធ្លាក់ ធ្លាក់ ធ្លាក់ មក​រហូត»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី ឃីម ហា អំពី​អាជីវ​កម្ម​ឆ្នាំនេះ។

អ្នកស្រី ឃីម ហា ឈរលក់​មីឆា នៅ​សង្កាត់​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

តែ​ក្នុង​ពេល​១២​ថ្ងៃ​ចុង​ក្រោយ​ដែល​មាន​ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​កន្លង​មក​នេះ ចំណូល​របស់​អ្នកស្រី ​បន្ត​ធ្លាក់​ប្រមាណ​៨០%។

«គេ​អត់​សូវ​ហ៊ា​ន​ញ៉ាំ​ទេ​ឥឡូវ។ គេ​ឃ្លាន​ដែរ តែ​គេ​អត់​ហ៊ាន​ញ៉ាំ គេ​ថា​ខ្លាច​កូរ៉ូណា សួរ​គេ​ទៅ​ គេ​ថា​អ៊ីចឹង»។

អ្នកស្រី​រៀប​រាប់​បន្ត​ថា៖

«ខ្លាច​ដែរ​ សព្វ​ថ្ងៃ​ភ័យ​ដែរ​ក្នុង​ខ្លួន ភ័យ​ខ្លាច​ឆ្លង​អ៊ីចឹង​ទៅ​ណា។ តែ​ដល់​គិត​វែង​ឆ្ងាយ​ទៅ ដូច​ភ័យ​បន្តិច អត់​ភ័យ​បន្ដិច ឱ្យ​តែ​យើង​អនាម័យ​ខ្លួន​ឯង​ទៅ»។

នៅ​ខាង​មុខ​វត្ត​លង្កា ក្បែរ​វិមាន​ឯករាជ្យ​ឯ​នោះ​វិញ លោក សឹង ថា ឈរ​ត្រមង់ត្រមោច​ជាមួយ​នឹង​ម៉ូតូ​ដែល​មាន​ធុង​ឧស្ម័ន​អ៊ីដ្រូសែន និង​ប៉ោងប៉ោង​ពណ៌​ឆើត រេរាំ​តាម​ខ្យល់ រង់​ចាំអ្នក​ទិញ។

ទោះ​បី​ជំងឺ​កូវីដ​១៩​ រាតត្បាត​ពិភពលោក​យ៉ាង​ណា ការ​មិន​ឆ្លង​ក្នុង​សហគមន៍​រយៈពេល​១១​ខែ​កន្លង នៅ​តែ​អាច​ឱ្យ​បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ លក់​ប៉ោង​ប៉ោង​បាន​ចំណូល​ឥត​ដាច់ ដែល​អតិថិជន​ភាគ​ច្រើន​ជា​អ្នកមក​ទិញទៅ​លម្អ​ពិធី​ជប់​លៀង ខួប​កំណើត និង​អ្នក​ដើរ​លេង​ក្នុង​សួន។

តែ​ក្នុង​រយៈ​កាល​ការ​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍​អាជីវកម្ម​ខ្នាត​តូចរបស់​លោក ជួប​នូវ​ការ​ប៉ះ​ទង្គិច​មិន​ធ្លាប់​មាន ដែល​ចំណូល​ធ្លាក់​៩០% ហើយ​ថ្ងៃ​ខ្លះ ពុំ​មាន​អ្នក​ទិញ​ផង។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រហែល​ជា​នៅ​អត់​បាន​ទេ​មើល​ទៅ នៅ​ផ្ទះ​តែ​ម្ដង​អត់​ចេះ​នៅ ធ្លាប់​តែ​យើង​មក​រក​អ៊ីចឹង ឱ្យ​នៅ​នឹង​កន្លែង ​អត់​ចេះ​នៅ»។

លោក សឹង ថា ឈរ​លក់​ប៉ោងប៉ោង នៅមុខ​វត្តលង្កា ក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ខែធ្នូ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ធ្លាប់​ធ្វើ​ស្រែ​ចម្ការ​នៅ​ភូមិដ្ឋាន​កំណើត​ក្នុង​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង ប៉ុន្តែ​ដោយ​សារជីវភាព​មិន​ល្អ​ប្រសើរ លោក សឹង ថា ក៏​បាន​ទៅ​ប្រទេសថៃ​ដោយ​ខុស​ច្បាប់​ប្រមាណ​២​ឆ្នាំ មុន​ត្រឡប់។

លោក សឹង ថា ស្ថិត​ក្នុង​ចំណោម​ពលករ​កម្ពុជា​ដែល​មិន​មាន​ឯក​សារ​ទាំង​២២​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ និង​បង្ខំ​ឱ្យត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​រដ្ឋប្រហារ​យោធា​ថៃ នៅ​ឆ្នាំ​២០១៤។

ពេល​មក​ដល់​កម្ពុជា​វិញ បុរស​រូប​នេះ ​ក៏​ចាប់​យក​របរ​លក់​ប៉ោងប៉ោង​នៅ​កណ្ដាល​រាជធានីភ្នំពេញ​រហូត​មក ដែល​របរ​នេះ​ជួយ​ផ្គត់​ផ្គង់​ចំណាយ​គ្រួសារ​ដែល​មាន​ភរិយា ​និង​កូន​៣​នាក់​ផង និង​ជួយ​ដោះ​បំណុល​ប្អូន​ប្រុស​របស់​លោក​នៅ​ឯ​ស្រុក​កំណើត​ផង។

លោក​មាន​ប្រសាសន៍​ថា៖

«មិន​ដែល​ទេ​បង មិន​ដែល​ថា​រក​មិន​បាន។ បើ​មិន​សូវ​បាន​ ក៏​បាន​តិច​តួច។ វា​មិន​អត់​តែ​ម្ដង​ ដូច​អ៊ីចឹង។ ពី​មុន​អត់​បាន​យ៉ាង​ម៉េច​ក៏​បាន បី​បួន​ប្រាំ​ម៉ឺនៗ[រៀល] នោះ​យើង​បាន​ចាយ​ខ្លះ។ ឥឡូវ​ទទេ​តែ​ម្ដង។ មួយ​ថ្ងៃ​វិល​ល្ងាច​ហើយ អត់​មាន​នរណា​មក​មើល​មួយ​តែ​ម្ដង»។

ការ​ឆ្លង​ក្នុង​សហគមន៍​នៃ​ជំងឺកូវីដ១៩​ដែល​រក​ឃើញ​ដំបូង​ នៅ​ថ្ងៃទី២៨ ខែ​វិច្ឆិកា បាន​នាំ​ឱ្យ​មនុស្សសរុប​ចំនួន​៣៩​នាក់​ឆ្លង​ ហើយ​មាន​ចង្កោម​អ្នក​ពាក់ព័ន្ធ​ជាង​មួយ​ម៉ឺន​នាក់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា ​លោក​មិន​សម្រេច​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ឬ​បិទ​រាជធានី​ទាំង​មូល​ទេ ដោយ​លើក​ហេតុ​ផល​ពី​ការ​ប៉ះពាល់​រាំង​ស្ទះ​សកម្មភាព​សេដ្ឋកិច្ច​ ដែល​ត្រូវ​រដ្ឋាភិបាល​ព្យាករ​ថា ​នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា​១,៩%​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ។

អង្គការ​ UNDP ដែល​ជា​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ បាន​ព្យាករ​ថា ​វិបត្តិ​កូវីដ​១៩​ អាច​រុញ​អត្រា​ភាពក្រីក្រ​ក្នុង​ប្រទេស​កម្ពុជាដល់​កម្រិត ១៧.៦%​ ហើយ​អ្នក​មាន​ចំណូល​មធ្យម​១លាន​ ៣សែននាក់​ អាច​ធ្លាក់​ចូល​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​វិញ។​

នេះ​អាច​ជា​ករណី​លោក ច័ន្ទ ដារ៉ា អ្នក​រត់​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​នៅ​ខាង​មុខ​ផ្សារ​អ៊ីអន​មួយ ដែល​ត្រូវ​បិទ​ទ្វារ​ភ្លាមៗ​កាល​ពី​ព្រលប់​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ក្រោយ​រក​ឃើញ​ថា ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ម្នាក់ បាន​ទៅ​ផ្សារ​ទំនើប​នោះ។

លោកជា​អតីត​គ្រូ​បង្រៀន​វិជ្ជាជីវៈ​បដិសណ្ឋារ​កិច្ច​នៅ​សាលា​អង្គការ​មួយ ហើយ​បាន​បាត់​បង់​ការងារ​ កាល​ពី​ខែ​មេសា ឆ្នាំ​នេះ ចំ​ពេល​មាន​ការ​រឹត​បន្តឹង​ខ្លាំង ដើម្បី​បង្ការ​ជំងឺកូវីដ​ ដោយ​ចាប់​ផ្ដើមបិទ​សាលា​បង្រៀន។

ចាប់​ពី​ពេលនោះ​មក​ បុរស​វ័យ​៣៦ឆ្នាំ​រូប​នេះ ទិញ​រ៉ឺម៉ក​កង់​បី​ឥណ្ឌា ដើម្បី​បន្ត​ចិញ្ចឹម​ជីវភាព​គ្រួសារ​ដែល​មាន​ម្ដាយ​បង្កើត ភរិយា និង​ក្មួយ​ពីរ​នាក់​ក្នុង​បន្ទុក អាចបន្ត​ការ​សិក្សា​បាន។

តែ​បន្ទាប់​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​មក លោក​នៅ​បន្ត​ចេញ​រត់​រ៉ឺម៉ក​ផ្សង​រក​ភ្ញៀវ ដែល​ចំនួន​ធ្លាក់​ចុះ​ពាក់​កណ្ដាល។

លោក​មាន​ប្រសាសន៍​ថា៖

«និយាយ​រួម សម្រាប់​ខ្ញុំ​ជា​អ្នក​រក​ស៊ី បើ​ខ្ញុំ​នៅ​ផ្ទះ ខ្ញុំ​អផ្សុក​ងាប់ ហើយ​ដាច់​បាយ។ តែ​ខ្ញុំ​នៅ​ផ្ទះ​អត់​បាន អផ្សុក​ណាស់ ព្រោះ​អី​យើង​ធ្លាប់​រក។ ​បើ​នៅ​ផ្ទះ យើង​ប្រាកដ​ជា​មាន​បញ្ហា​សេដ្ឋកិច្ច»។

លោក វន់​ ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​លើក​ឡើង​ថា អ្នក​បម្រើ​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​ជួប​ប្រទះ​នឹង​ការ​បាត់​ចំណូល​ផង និង​ជំពាក់​បំណុល​វ័ណ្ឌ​ក​ផង។

លោក​ថ្លែង​ប្រាប់​ VOA​ ថា៖

«ចង់​និយាយ​ពី​ស្ថាន​ភាព​រួម គាត់​អត់​អាច​នៅ​ផ្ទះ​បាន​ទេ។ គាត់​រក​មួយ​ថ្ងៃ​ដើម្បី​មួយ​ថ្ងៃ។ អ៊ីចឹង​បើ​គាត់​នៅ​ផ្ទះ​ទៀត​ គឺ​ដាច់​បាយ​តែ​ម្ដង អត់​មាន​លុយ​ទិញ​អង្ករ ទិញ​អាហារ​ប្រចាំ​ថ្ងៃ​ហូប​ទេ។ អ៊ីចឹង​គាត់​បង្ខំ​ចិត្ត​ចេញ​រក​ទាំង​ប្រថុយប្រថាន តែ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ដោយ​គាត់​ពាក់​ម៉ាស់»។

មេដឹកនាំ​សហជីព​រូប​នេះ​ រិះគន់​ពី​ប្រព័ន្ធ​គាំពារ​សង្គម​របស់​រដ្ឋាភិបាល​ថា​ មិន​បាន​ជួយ​គ្រប់​គ្រាន់​ក្នុង​ជីវភាព​អ្នក​បម្រើ​ការងារក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​លោក​ប៉ាន់​ប្រមាណ​ថា​ មាន​ប្រមាណ៨​លាន​នាក់ បើ​រាប់​ទាំង​កសិករ​ផង។ ​

លោក ថេង បញ្ញាធន អគ្គនាយក​ផែន​ការ​នៃ​ក្រសួង​ផែន​ការ ដែល​ទទួល​បន្ទុក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បណ្ណ​ក្រីក្រ ប្រាប់​ VOA ​ថា ភ្លាមៗ រដ្ឋាភិបាល​មិន​ទាន់​អាច​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​បម្រើការងារ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នោះ​ទេ។

លោក​ថា ​កញ្ចប់​គាំពារ​សង្គម​របស់​រដ្ឋ​ ជួយ​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ទៅ​ដល់​គ្រួសារ​ក្រីក្រ ឬ​ធ្លាក់​ខ្លួន​ក្រ​ដោយ​សារ​កូវីដ ដែល​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ កើន​ដល់​៧០​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស។

«រីឯ​គាត់​នេះ​ យើង​មិន​មែន​ថា​មិន​គិត​គូរ​ទេ តែ​ដោយ​សារ​ថា​ យើង​ដឹង​ទាំង​អស់​គ្នា​ពី​ស្ថានភាព​ថវិកា​របស់​រាជ​រដ្ឋាភិបាល។ អ៊ីចឹង​ទេ ​យើង​មិន​អាច​ថា ​ក្នុង​ពេល​តែ​មួយ យើង​ជួយ​ឧបត្ថម្ភ​សព្វ​ទិស​ដៅ​ទាំង​អស់ វា​មិនទាន់​អាច​បាន​ទេ ដោយ​សារ​តែ​ស្ថាន​ភាព​យើង​វា​នៅ​ក្នុង​កម្រិត​មួយ​ដែរ។ យើង​យក​អ្នក​ប៉ះ​ពាល់​ខ្លាំង​មុន កន្លែង​ហ្នឹង​សុំ​ប្រជាជន​យើង​យោគ​យល់​ផង»។

យ៉ាងណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ផែន​ការ​រូប​នោះ ​លើក​ឡើង​ថា​ អ្នក​ដែល​ធ្លាក់​ក្នុង​សភាព​ក្រីក្រ​អំឡុង​ដំណាក់​កាល​នេះ ក៏​អាច​ត្រឡប់​ទៅ​មូលដ្ឋាន​រដ្ឋបាល​របស់​ខ្លួន ហើយដាក់​ពាក្យ​ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ​គាំពារ៕