ប្រទេស​កម្ពុជា ប្រារព្ធ​ខួប​ទី៦៦​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

អ្នក​ស្រី​ ទេព វន្នី​ ម្ចាស់​​ពាន​រង្វាន់​ស្រ្តី​ជា​អ្នក​ក្លាហាន​ Vital Voices

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ គណបក្ស​ប្រឆាំង សហជីព​សេរី​កម្មករ​ និងរដ្ឋាភិបាលនៅ​ថ្ងៃ​ពុធ​នេះ ប្រារព្ធ​ខួប​ទី​៦៦​នៃទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ក្នុង​ប្រទេស​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែងពួកគេ។

​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​មាន​គណកម្មការ​ប្រព្រឹត្តកម្ម​ បាន​ប្រារព្ធ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ចំណែក​ក្រុម​សហជីពសេរី​កម្មករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា​ដោយ​មាន​ការ​ចូល​រួម​ពីក្បួន​ធម្មយាត្រា។ សាលា​ក្រុង​ភ្នំពេញ​បាន​យកមជ្ឈមណ្ឌល​កំសាន្តកោះពេជ្រ រីឯ​គណបក្ស​ជំទាស់​បាន​ចាប់​យក​សួន​ច្បារ​មុខ​វត្ត​ភ្នំ​ ធ្វើ​ជា​កន្លែង​ប្រារព្ធ​ពិធី​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​យក​ឱកាស​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​និង​អំពាវ​នាវឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​ ព្រះសង្ឃ​ និង​ អ្នកនយោបាយចំនួន​១៩​នាក់​ឲ្យ​មាន​សេរីភាព​វិញ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បាន​និយាយ​លើក​សរសើរ​ពី​ការ​រីក​ចំរើន​ខាង​ការ​គោរព​សិទ្ធិមនុស្ស​និង​លិទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​។

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៏​រួម​មួយ អង្គការ​សង្គម​ស៊ីវិល​បាន​មើល​ឃើញ​ថា​ ជាទូទៅតុលាការ​យុត្តិធម៌​នៅ​កម្ពុជា​តែង​តែ​កំណត់​ដោយ​ក្រុម​គោល​ដៅ​និង​ដើម្បី​បំបិទសម្លេង សកម្មជន​ដីធ្លី​ និង​សកម្មជន​នយោបាយ​ ដោយ​ប្រើ​ប្រាស់​សិទ្ធិ​ដែល​មានការ​គាំទ្រ​ដោយ​ច្បាប់។

រដ្ឋាភិបាល​ត្រូវ​តែ​គោរព​ កាតព្វកិច្ច​ក្រោម​ច្បាប់​អន្តរជាតិ​ និង​ជា​ពិសេស​គឺ​ការ​គោរព​សិទ្ឋិ​ពល​រដ្ឋ​និង​សិទ្ឋិ​នយោបាយ​ដើម្បី​ធ្វើ​អោយ​ប្រាកដ​ថា ​សកម្មជននិង​អ្នកការ​ពារ​សិទ្ធិមនុស្ស​គ្មាន​ការ​រំលោភ​បំពាន​ និងការ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត។

​លោក​ សុក សំអឿន​ ប្រធាន​សម្រប​សម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​មាន​ប្រសាសន៏​ថា​អស់​រយៈពេល​ជិត​១២​ខែកន្លង​ទៅ​នេះ មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត ការ​សម្លាប់​និង​ការ​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលីស​ ឬ មន្ត្រី​យោធា​ ចំពោះ​សកម្មជន​ស្លូត​ត្រង់​ដែល​កំពុង​អនុវត្តន៏​សិទ្ឋិ​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី​របស់​ខ្លួន។

«យើង​ត្រូវ​តែ​ប្រារព្ធ​ទិវា​ដ៏​សំខាន់​នេះ​ដោយ​មិន​ធ្វើ​ការ​បំភ្លេច​ចំពោះ​ការ​ប្រយុទ្ឋ​ដ៏យូរ​អង្វែង​ដើម្បី​យុត្តិធម៌​ដែល​កំពុង​អនុវត្តន៏​សិទ្ឋិ​បាតុកម្ម​ដោយ​សន្តិវិធី​បាន​បង្ហាញ​ថា​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ដើម្បី​ធានា​ថាសិទ្ធិ និងការ​ទទួល​បាន​យុត្តិធម៌​របស់​ប្រជា​ពលរដ្ឋ​គឺ​ត្រូវ​តែ​បាន​គោរព»។

​អ្នក​ស្រី​ វ៉ាន់ ហ៊ាលី​ (Wan Hea Lee) តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៏ថា ទាំង​រដ្ឋាភិបាល​កម្ពុជា​និង​ប្រជាពលរដ្ឋ​ត្រូវ​តែ​គោរព​ច្បាប់​និង​សិទ្ឋិមនុស្ស​។

«​ដោយ​សារ​ការ​គោរព​ច្បាប់​នេះ​ហើយ​វាជា​ម៉ោង​មួយ​ដើម្បី​បិទភ្ជាប់​សិទ្ធិ​របស់​យើង​ឲ្យ​ជាប់​ទាក់​ទង​គ្នា​»។

លោក​ ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​គឺ​លោក​ វីលៀម ថត​ បាន​ប្រសាសន៏​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា សហរដ្ឋអាមេរិក​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ប្រកាន់​យក​ថ្ងៃ​នេះ​ដើម្បី​លើក​កំពស់​សិទ្ធិមនុស្ស​និង​សេរីភាព​ជាមូលដ្ឋាន​ហើយ​សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ការពារសិទ្ឋិ​មនុស្ស​និង​លិទ្ឋិប្រជាធិបតេយ្យ។

​នៅ​ពេល​ដែល​កម្ពុជា​កំពុង​ប្រារព្ធខួប​ទី៦៦​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​៨​នាក់​ បាន​ចាប់​យក​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​កូដកម្ម​អត់​អារហារ​ដោយ​គ្មាន​ការ​កំណត់​រហូត​ដល់​មាន​ការ​ដោះ​លែង។

​សកម្មជន​ដីធ្លី​ទាំង​១១​នាក់​នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយះ​ពេល​១​ឆ្នាំ ​និង​ពិន័យ​ជាប្រាក់​២​លាន​រៀល​ស្មើ​ប្រមាណ​៥០០​ដុល្លារ​សហរដ្ឋអាមេរិក​តាម​ច្បាប់​ចរាចរណ៏​ផ្លូវ​គោក​។ បន្ទាប់​ពី​អ្នក​ភូមិ​បឹងកក់​បាន​បិទ​ផ្លូវ​ដើម្បី​វ៉ាទឹក​ជន់​លិច​ផ្ទះ​របស់​ពួកគេ។

​មាន​សកម្មជន​ដីធ្លី​ ព្រះសង្ឃ​ និង​ អ្នក​នយោបាយ​ចំនួន​១៩​នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ដាក់​ក្នុង​ពន្ឋនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេង​ៗ​គ្នា។​

ក្រុម​អង្កការ​សង្គម​ស៊ីវិល​បាន​យក​ទិវា​សិទ្ធិ​មនុស្ស​នេះ​ទទួច​អោយ​រដ្ឋាភិបាល​ដោះ​លែង​ពួកគេ​អោយ​មាន​សេរីភាព​វិញ។​

លោក​ ប៉ា សុជាតិវង្ស អភិបាល​ក្រុង​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​អ្នក​ការ​សែត​ជុំ​វិញ​ការ​ចាប់​ខ្លួន​នេះ៕​