អ្នកស្រី Truss សន្យា​គាំទ្រ​អ៊ុយក្រែន​មុន​ការ​ថ្លែង​របស់​អ្នកស្រី​នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ

  • Reuters

រូបឯកសារ៖ អ្នកស្រី Liz Truss នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ថា​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ចក្រភពអង់គ្លេស ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss នឹង​សន្យា​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថា​នឹង​ផ្ដល់​ជំនួយ​យោធា​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ឆ្នាំ​ក្រោយ​បន្ថែម​ទៀត​ក្នុង​ចំនួន ២.៦០០ លាន​ដុល្លារ​អាមេរិក​ដូច​ទៅ​នឹង​ចំនួន​ដែល​បាន​ផ្ដល់​ជូន​ប្រទេស​អ៊ុយក្រែន​នៅ​ឆ្នាំ​នេះ ឬ​ក៏​អាច​ច្រើន​ជាង​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​អ្នកស្រី​ទៅ​បរទេស​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស អ្នកស្រី​នឹង​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​ផ្សេង​ទៀត​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក​ឱ្យ​ជួយ​បញ្ចប់​ការ​ក្ដោបក្ដាប់​របស់​ប្រទេស​រុស្ស៊ី​លើ​ថាមពល​នៅ​ទ្វីប​អឺរ៉ុប។

អ្នកស្រី Truss បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​មុន​ពេល​អ្នកស្រី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ថា៖ «សារ​របស់​ខ្ញុំ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​គឺ​ថា ចក្រភព​អង់គ្លេស​នឹង​បន្ត​គាំទ្រ​អ្នក​គ្រប់​ជំហាន​ទាំង​អស់។ សន្តិសុខ​របស់​អ្នក​គឺ​ជា​សន្តិសុខ​របស់​យើង»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ជីវិត​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ទ្វីប​អឺរ៉ុប និង​នៅ​ជុំវិញ​ពិភពលោក​កំពុង​ត្រូវ​បាន​បង្វិល​ដោយ​ការ​ពឹងផ្អែក​លើ​ថាមពល​របស់​ប្រទេស​រុស្ស៊ី។ យើង​ចាំបាច់​ត្រូវ​ធ្វើការ​ទាំង​អស់​គ្នា​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ជា​រៀង​រហូត»។

កន្លង​មក ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា ខ្លួន​គឺ​ជា​ប្រទេស​ផ្ដល់​ជំនួយ​យោធា​ច្រើន​ជាង​គេ​ទី​ពីរ​ដល់​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ផ្ដល់​ជំនួយ​ចំនួន ២.៦០០ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២២ នេះ ហើយ​ការ​ផ្ដល់​ជំនួយ​ដូច​នេះ​នៅ​ឆ្នាំ​ក្រោយ​គឺ​នឹង​ត្រូវ​កំណត់​ដោយ​តម្រូវការ​របស់​យោធា​អ៊ុយក្រែន៕