អ្នក​ភូមិ​បឹងកក់​សុំឲ្យ​ស្ថាន​ទូត​បស្ចឹម​​ប្រទេស​ជួយ​ដោះលែង​សកម្មជន​របស់​គេ​ពី​ពន្ធនាគារ

  • ហេង​ រស្មី​

ជនរងគ្រោះ​ដោយសារ​ការជម្លៀស​ចេញ​ពី​ដីធ្លី រង់ចាំ​ការចេញ​ញត្តិ​នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅក្នុង​ការប្រមូលផ្តុំគ្នា​មួយ​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ ពួកគេ​ទាមទារ​ ឲ្យ​ដោះលែង​សកម្មជន​ដី​ធ្លី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ធ្វើ​ បាតុកម្ម។

នៅ​មុន​មួយ​ថ្ងៃ​ក្រោយពី​សកម្មជន​ដីធ្លី​ទាំង​៨​នាក់​បាន​ប្រកាស​ធ្វើ​កូដកម្ម​អត់​អាហារ​នៅ​ពន្ធនាគារ​ព្រៃ​ស ​ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​រួម​មាន​កូន​ និង​ស្វាមី​អ្នក​ស្រី​ទេព វន្នី​ បាន​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​បស្ចឹមប្រទេស​មួយ​ចំនួន ​ដើម្បី​ឲ្យជួយ​បញ្ឈប់​កូដកម្ម​អត់​អាហារ​និង​ដោះ​លែង​ពួក​គេ​ឲ្យមាន​សេរីភាព​ឡើង​វិញ។​

ក្រុម​អ្នក​តវ៉ា​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​ស្ថានទូត​បារាំង​ នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​លើកបដា​ ហើយ​ក្រោយ​មក​បាន​ធ្វើ​ដំណើរ​ដោយ​ថ្នើរ​ជើង​ទៅ​កាន់​ស្ថានទូត​អង់គ្លេស​ និង​ស្ថានទូត​សហ​រដ្ឋ​អាមេរិក។​ ក៏ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​មាន​ចំនួន​តិចតូច​ប៉ុណ្ណោះ​ ហើយ​ក៏​មិន​បាន​ស្រែក​នៅ​ពី​មុខ​ស្ថានទូត​ ដូច​ការ​តវ៉ា​លើក​មុនៗ​ទៀត​ដែរ។​

មាន​ក្រុម​សមត្ថកិច្ចមួយ​ចំនួន​បាន​ស្លៀក​ពាក់​ស៊ីវិល​ និង​សម្លៀក​បំពាក់​ជា​ក្រុម​សមត្ថកិច្ចខ្លះ​បាន​តាម​ឃ្លាំ​មើល​ពួក​គេ​ តែ​មិន​បាន​រារាំង​សកម្ម​ភាព​របស់​ក្រុម​អ្នកភូមិ​បឹងកក់​ទេ។​

ប្អូន​ប្រុស​ឈ្មោះ​អ៊ូ គង់បញ្ញា​ កូនប្រុស​របស់​អ្នក​ស្រី​ទេព វន្នី​បាន​និយាយ​ទាំង​រលីង​រលោង​ទឹក​ភ្នែក​ ដើម្បី​ទាមទារ​ឲ្យមានការ​ដោះ​លែង​ សកម្មជន​បឹងកក់​និង​ឲ្យស្ថានទូត​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យបញ្ឈប់​ការ​ធ្វើ​កូដកម្ម​អត់​អាហារ​របស់ពួកគេ​ ​ដោយ​សារ​ប្អូន​ប្រុស​គង់ បញ្ញា​ខ្លាច​ក្រែង​ម្តាយ​របស់​ខ្លួន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ពន្ធនាគារ។​

ប្អូន​ប្រុស​និយាយ​ថា៖​ «គាត់​បាន​ធ្វើ​កូដកម្ម​អត់​អាហារ។​ ខ្ញុំ​ខ្លាច​គាត់​ស្លាប់​ខ្លាំង​ណាស់។ ​ហេតុ​នេះ​ហើយ​សុំ​ឯក​អគ្គរាជ​ទូត​ជួយ​ដោះលែង​ម្តាយ​ខ្ញុំ​វិញ​មក។​ ខ្ញុំ​ត្រូវ​ការ​ម្តាយ»។​

ប្អូន​អ៊ូ គង់​បញ្ញា​បាន​សម្រាក​ពី​ការ​សិក្សា​មួយ​ថ្ងៃ​ ដោយ​សារ​តែ​មក​ចូល​រួម​ការ​តវ៉ា​ដើម្បី​ដោះ​លែង​ម្តាយ​ និង​សកម្មជន​ដទៃ​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ។​

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ដើម​ខែ​វិច្ឆិកា​បាន​កាត់​ទោស​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ចំនួន​១១​នាក់​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ដូចៗគ្នាតាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា​ ពួក​គេ​បាន​បិទ​ផ្លូវ​បង្កឲ្យកក​ស្ទះ​ចរាចរណ៍ និង​បាត់បង់​សណ្តាប់​ធ្នាប់​សារធារណៈ។​

ការ​កាត់​ទោស​អ្នក​ភូមិ​បឹង​កក់​ ដែល​សុទ្ធសឹង​ជា​អ្នក​ហ៊ាន​ចេញ​មុខ​តវ៉ា​ដ៏​សកម្ម​ដែល​ក្នុង​នោះ​មាន​អ្នក​ស្រី​ទេព​ វន្នី​ ម្ចាស់​ពាន​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​«Vital Voices»​ របស់​លោក​ស្រី​ហ៊ីល ឡារីគ្លីតុន​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

លោក​អ៊ូ គង់ជា​ ស្វាមីអ្នក​ស្រី​ទេព វន្នី​ មាន​ប្រសាសន៍​ថា​ លោក​បាន​ទៅ​ជួប​ភរិយា​របស់​លោក​ និង​សកម្ម​ជន​ដីធ្លី​ដទៃ​ទៀត​នៅ​ក្នុង​ពន្ធនាគារ​ដើម្បី​កុំ​ឲ្យពួក​គេ​ធ្វើ​កូដកម្ម​អត់​អាហារ។​ ក៏​ប៉ុន្តែ​ពួក​គេ​បាន​សម្រេចចិត្ត​រួច​ហើយ​ថា ​នឹង​ធ្វើ​កូដកម្ម​អត់​អាហារ ​ប្រសិន​ណា​បើ​ពួក​គេ​មិនត្រូវ​បាន​ដោះ​លែង។​

លោក​និយាយ​ថា៖ ​«ខ្ញុំ​ចង់​សំណូម​ពរ​ឲ្យ​ទូត​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​ឆាប់​បាន​ដោះ​លែង​ បើ​ទុក​យូរ​ អាច​ពួកគាត់​ស្លាប់»។​

នៅ​ក្នុង​លិខិត​សរសរ​ដោយ​ផ្ទាល់​ដៃ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ និង​មាន​ហត្ថលេខា​របស់​សកម្ម​ជន​ដីធ្លី​ចំនួន​៨​នាក់ ​ដែល​នៅ​ក្នុង​នោះ​មាន​អ្នក​ស្រី​ទេព វន្នី​ផង ​បាន​ប្រកាស​ថា​ ​នៅ​ថ្ងៃ​ពុធស្អែក​នេះ ​ដែល​គ្រប់​រយៈ​ពេល​កំណត់​១​ខែ​គត់នៃ​ការ​ឃុំ​ខ្លួន​ពួក​គេ​ ប្រសិន​ណា​បើ​ពួក​គេ​មិន​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ទេ​ ​នោះ​ពួកគេ​នឹង​ធ្វើ​កូដកម្ម​អត់​អាហារ​ដោយ​គ្មាន​កាល​កំណត់​រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង។​

យ៉ាង​តិច​មាន​មនុស្ស​ចំនួន​១៩​នាក់ហើយ​ ដែល​មាន​សកម្ម​ជន​នយោបាយ​ សកម្មជន​ដីធ្លី​ និង​ព្រះ​សង្ឃ​ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថ​កិច្ចរបស់​រដ្ឋាភិបាលចាប់​ដាក់​ពន្ធនាគារ ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ប្រជុំ​សភា​ ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​អាណត្តិ​នេះ។​

លោក​មាជ សុវណ្ណារ៉ា​ បេក្ខជន​តំណាង​រាស្ត្រ​លំដាប់​ទី៣​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ​ដែរ ​ដើម្បី​ប្រឆាំង​ជំទាស់​និង​ការ​ឃុំ​ខ្លួន​លោក​នៅ​ក្នុង​ពន្ធនាគារ។​

សាលា​ឧទ្ធរណ៍​ នៅ​ថ្ងៃ​សុក្រ​ខាង​មុខនេះ​ នឹង​បើក​សវនាការ​លើ​សំណើ​ស្នើ​សុំ​ឲ្យនៅ​ក្រៅ​ឃុំ​លើ​ករណី​លោក​មាជ សុវណ្ណារ៉ា។​ ​ចំណែក​សកម្ម​ជន​ដីធ្លី​ និង​ព្រះ​សង្ឃ​មិន​ទាន់​ដឹង​ថា​ តុលាការ​នឹង​បើក​សវនាការ​នៅ​ពេល​ណា​ទេ៕