ភ្នំពេញ - យ៉ាងតិចមានមនុស្សជាច្រើនរាប់ពាន់នាក់បានទៅស្វាគមន៍ និងហែហមលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងគម្រប់ខួបមួយឆ្នាំនៃការវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ការហែហមនេះមានពីព្រលានយន្តហោះឆ្ពោះមកកាន់ទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែក្រោមក្រុងភ្នំពេញ។
បន្ទាប់ពីបានជាន់ជើងដល់ដីប្រទេសកម្ពុជាភ្លាម លោកសម រង្ស៊ីបានស្នើឲ្យមានជំនួបកំពូលជាមួយគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីដោះស្រាយវិបត្តិនយោបាយដែលបានជាប់គាំងអស់រយៈពេលជិតមួយឆ្នាំ។
ខណៈពេលដែលក្បួនដង្ហែបានឈប់នៅពីមុខទីស្តីការគណៈរដ្ឋមន្ត្រី លោកសម រង្ស៊ីមានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រថា ជម្រើសសម្រាប់គណបក្សសង្គ្រោះជាតិគ្មានអ្វីក្រៅពីការចរចាដោយសន្តិវិធីទេ ពីព្រោះភាគីម្ខាងមានកងកម្លាំងប្រដាប់អាវុធ ដូច្នេះមានតែការអង្គុយជជែកគ្នាដើម្បីរកដំណោះស្រាយទេ ទើបអាចទម្លុះទម្លាយភាពជាប់គាំងបាន។
មានប្រសាសន៍ប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកនៅព្រលានយន្តហោះអន្តរជាតិ បើទោះបីជាពុំមានពេលវេលាគ្រប់គ្រាន់ក៏ដោយ ក៏លោកសម រង្ស៊ីបញ្ជាក់យ៉ាងខ្លីថា លោកសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយឲ្យបានឆាប់ៗក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកនិយាយថា៖ «សង្ឃឹមថា នឹងមានដំណោះស្រាយរួមចំពោះវិបត្តិនយោបាយនៅប្រទេសកម្ពុជា។ ដំណោះស្រាយរួមគឺដោះលែងអ្នកដែលគេចាប់យកទៅឃុំឃាំង»។
លោកឈាង វ៉ុន សមាជិកសភាតំណាងរាស្ត្រ និងជាសមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍សេចក្តីស្នើរបស់លោកសម រង្ស៊ីដើម្បីឲ្យមានជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរ។ ក៏ប៉ុន្តែលោកសួរថា តើជំនួបកំពូលលើកក្រោយនេះ គណបក្សសង្គ្រោះជាតិហ៊ានធានាទេ រាល់ការចរចាអាចដំណើរការទៅបានល្អ។
លោកនិយាយថា៖ «សប្បាយចិត្តនៅពេលឮថា ចង់ចរចាឡើងវិញ។ ប៉ុន្តែគ្រាន់ថា ម្តងទៀតសុំឲ្យស្មោះត្រង់។ សំណួរទីពីរ ចង់ចរចាចាមួយអ្នកណា ហើយអ្នកណាមួយជាអ្នកសម្រេចនិងមួយទៀតចាប់ផ្តើមពីត្រឹមណា ពីព្រោះចរចាច្រើនណាស់ហើយ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅមិនទាន់ដឹងថា នឹងកំណត់ជួបចរចាថ្នាក់ដឹកនាំកំពូលនៅពេលណាទេ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកសម រង្ស៊ី លោកបានស្នើឲ្យមានជំនួបកំពូលនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
របៀបវារៈនៃការចរចាគឺត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាពនិងដោះលែងអ្នកតំណាងរាស្ត្រ សកម្មជនគណបក្សដែលកំពុងជាប់ឃុំ។ នេះបើតាមការបញ្ជាក់របស់លោកសម រង្ស៊ី។
លោកឈាង វ៉ុនបានបញ្ជាក់ថា អ្នកតំណាងរាស្ត្រនិងសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំជារឿងរបស់តុលាការ។ តែរាល់ការសម្រេចយ៉ាងណានោះអាស្រ័យទៅលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលយើងធ្លាប់ដឹងកន្លងមក។
កាលពីឆ្នាំ២០១៣ នៅពេលដែលលោកសម រង្ស៊ីវិលចូលមកកាន់មាតុប្រទេសលើកដំបូងនោះ មានមនុស្សជាង១លាននាក់បានទៅស្វាគមន៍លោក។ តែមួយឆ្នាំក្រោយមកចំនួននេះបានថយចុះជាងមុន ក៏ប៉ុន្តែនៅតាមមហាវិថីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅតែមានការកកស្ទះចរាចរណ៍យ៉ាងណែនណាន់តាន់តាប់។
ក្រុមអ្នកគាំទ្របានកាន់ទង់គណបក្ស ទង់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកាន់រូបថតអ្នកតំណាងរាស្ត្រទាំង៧រូប និងសកម្មជនគណបក្សដែលកំពុងជាប់ឃុំឃាំង។
ស្ត្រីម្នាក់ដើរកណ្តាលហ្វូងដង្ហែបណ្តើរស្រែកឲ្យដោះលែងអ្នកតំណាងរាស្ត្របណ្តើរ។ អ្នកស្រីបានធ្វើដំណើរមកពីស្រុកជុំគីរី ខេត្តកំពត។
អ្នកស្រីនិយាយថា៖ «ខ្ញុំយល់ថា អ្នកចាប់ខ្លួនអ្នកតំណាងរាស្ត្រគឺវាកៀបសង្កត់អំពីសិទ្ធិមនុស្សដើម្បីឲ្យតំណាងរាស្ត្រយើងហ្នឹងចូលប្រជុំសភា»។
ក្បួនដង្ហែស្វាគមន៍លោកសម រង្ស៊ីវិលមកកាន់មាតុប្រទេសលើកនេះគ្មានការដាក់ពង្រាយកងកម្លាំងមានសមត្ថកិច្ចទេគឺមានតែប៉ូលិសជួយសម្រួលក្នុងការធ្វើចរាចរណ៍តែប៉ុណ្ណោះ៕