នៅ​ខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ លោក កឹម សុខា អំពាវនាវ​ឱ្យ​មាន​ការ​ជួយ​សង្គ្រោះ​ប្រជាធិបតេយ្យ​កម្ពុជា

A view of a damaged car and buildings are seen after an earthquake in Petrinja, Croatia. The European Mediterranean Seismological Center says the magnitude 6.3 earthquake hit southeast of Zagreb, killing at least six people and injuring dozens.

លោក​ កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ថ្ងៃ​ច័ន្ទ​ ​បាន​អំពាវនាវ​ពី​ក្នុង​ពន្ធនាគារ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ ​ចូលរួម​ការពារ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ​និង​ការពារ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។

ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ទិវា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ២៣ តុលា​ ខួប​លើក​ទី​២៦​ លោក​ កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ បាន​អំពាវនាវ​ពី​ក្នុង​ពន្ធនាគារ​តាម​រយៈ​លិខិត​មួយ​ច្បាប់​ថា​ ​កម្ពុជា​បាន​ដើរ​ផ្លូវ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នោះ​ ​ទើប​បណ្តាល​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​មតិ​ជាតិ​ ​និង​អន្តរជាតិ។​ ក៏ប៉ុន្តែ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ លើក​ឡើង​ថា​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​បាន​ស្លាប់​បាត់​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​មក។

លោក​ កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ថ្ងៃ​ច័ន្ទ​ ​បាន​អំពាវនាវ​ពី​ក្នុង​ពន្ធនាគារ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ ​ចូលរួម​ការពារ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ​និង​ការពារ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​ ប្រធាន​បក្ស​ប្រឆំាង​ដែល​កំពុង​ជាប់​ឃុំឃាំង​ ​ក្រោម​បទ​ចោទ​ ​«ក្បត់ជាតិ»​ ​អះអាង​ផង​ដែរ​ថា​ ​កម្ពុជា​បាន​ដើរ​ផ្លូវ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​២៣​ ​តុលា​ ​ឆ្នាំ​១៩៩១។

បើ​តាម​លិខិត​មួយ​ច្បាប់​របស់​លោក​ ​កឹម សុខា​ ​ចេញ​នៅ​ថ្ងៃ​ទី​២៣ ​ខែ​តុលា​ ​ហើយ​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ពួកគេ​ ​បញ្ជាក់​ថា​ ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​ឈ្លានពាន​ពី​បរទេស​ ​សង្គ្រាម​ស៊ីវិល​រវាង​ខ្មែរ​ ​និង​ខ្មែរ​ ​និង​ដើម្បី​បង្រួប​បង្រួម​ផ្សះផ្សារ​ជាតិ​តាម​រយៈ​ការ​បោះឆ្នោត។ ​លោក​ កឹម សុខា​ បន្ថែម​ក្នុង​លិខិត​នោះ​ថា ការ​លាប​ពណ៌​ដែល​ជា​លេស​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ខ្មែរ​ដូចគ្នា​ចូលរួម​បោះឆ្នោត​ដោយ​ពេញ​លក្ខណៈ​ គឺជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក កឹម សុខា ​បន្ថែម​ក្នុង​លិខិត​នោះ​ដោយ​សម្រង់​ន័យ​ដើម​ថា៖​

«ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់ មេត្តា​ចូលរួម​ការពារ​នូវ​ស្មារតី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ជា​ពិសេស​ការពារ​រដ្ឋធម្មនុញ្ញ»។

​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្តាល​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដោយ​ចោទលោក​ពី​បទ​ ​«ក្បត់ជាតិ» និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​ ក្រោយ​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា​ គេ​ឃើញ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​កំពុង​ជំរុញ​យន្តការ​រឹបអូស​យក​អាសនៈ​ទាំង​៥៥​របស់​គណបក្ស​ប្រឆាំង​ឲ្យ​ទៅ​គណបក្ស​ផ្សេង។

ការ​ប៉ុនប៉ង​រំលាយ​បក្ស​ជំទាស់​ ​ដែល​គេ​ដឹង​ថា ​ជា​គូប្រជែង​ដ៏​ធំ​របស់​បក្ស​កាន់​អំណាច​ ​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​ ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​ជា​ច្រើន​ ​ចំពោះ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ដំណើរ​ឆ្ពោះ​ទៅ​រក​ប្រទេស​គ្រប់គ្រង​ដោយ​ឯកបក្ស​នៅ​កម្ពុជា។

លោក​ កឹម សុខា​ ដែល​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ ​ម៣​ ត្រពាំងផ្លុង​ ​ក៏​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​សូម​បញ្ចប់​ការ​បំបែក​បំបាក់​ខ្មែរ​ ​ដើម្បី​ឈាន​ទៅ​រក​ការ​ផ្សះផ្សារ​ជាតិ​ ​បង្រួបបង្រួម​ជាតិ​ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ ​ពហុបក្ស​ ​និង​សុំ​ឲ្យ​វិល​មក​ការ​ប្រកួត​ប្រជែង​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

លោក​ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​ឲ្យ​ចេញ​វិធានការ​ជាក់ស្តែង​ណាមួយ​ ​ជា​បន្ទាន់​ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានការណ៍​នៅកម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ។

​ការ​លើក​ឡើង​របស់​មេបក្ស​ជំទាស់​សង្គ្រោះជាតិ​ ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ រំឭក​ខួប​២៦​ឆ្នាំ​នៃ​សន្និសញ្ញា​ទី​ក្រុង​ប៉ារីស​ ​ដែល​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ ​ក្នុង​ប្រទេស​ និង​ការ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​របប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ ​និង​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ធ្លាប់​បាន​លើកឡើង​ដដែលៗជាច្រើន​ដងថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​កន្លែង​នៅ​ថ្ងៃ​ច័ន្ទ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​ថ្លែង​ជាថ្មី​ទៀត​ថា​ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ស្លាប់​ ​បន្ទាប់​ពី​កម្ពុជា​បង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣។​ លោក​បន្ថែម​ថា​ ​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​ច្របាច់​បញ្ចូល​គ្នា​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​លោក​ថា​ ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ ​ពិបាក​ក្នុង​ការ​កោះ​ប្រជុំ​សើរើ​រឿង​នេះ​ឡើង​វិញ។​

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ថ្លែង​ទៅ​កាន់​កម្មករ​កាត់ដេរ​ក្នុងអំឡុង​ពេលលោកទៅទស្សនកិច្ច​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧។

លោក ​ហ៊ុន សែន​ ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣​ទសវត្សរ៍​ ​បន្ថែម​ថា៖​ ​

«កិច្ចព្រមព្រៀង​ប៉ារីស​នេះ​ ​វា​បាន​រលាយ​ធាតុ​របស់​វា​ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រួច​ស្រេច​ទៅ​ហើយ។​ ដូច្នេះ​ ​របស់​ដែល​ហៅ​ថា​ ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ភាគី​នៃ​ហត្ថលេខី​ទីក្រុង​ប៉ារីស​ ​ប្រជុំ​ឡើង​វិញ​ ​វា​ហួស​សម័យ ហើយ​វា​ធ្វើ​មិន​កើត​ផង​ ​វា​ត្រូវ​តែ​បង្កើត​ភាគី​កម្ពុជា​៤ភាគី​ឡើង​វិញ​ ​ទើប​វា​ត្រឹមត្រូវ។​ ​ឥឡូវ​ភាគី​កម្ពុជា​មាន​តែ​មួយ​ទេ គឺ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​ទីនេះ»។

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា​ ​ឆ្នាំ១៩៩១​ ដែល​បាន​ធ្វើឲ្យ​ភាគី​៤​ឈប់​បាញ់​គ្នា​ បាន​នាំ​ឲ្យ​មាន​សន្តិភាព ​ធានា​បូរណភាព​ដែន​ដី​ អធិបតេយ្យ​ភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ​ គឺ​ជា​ស្នា​ព្រះហស្ត​របស់​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ ដែល​ជា​អ្នក​ផ្តួចផ្តើម។​

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ​បាន​បន្ត​តម្កល់​ទុក​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១។​ ពួក​គេ​លើក​ឡើង​ថា ដរាប​ណា​កម្ពុជា​គ្មាន​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ​ ​ដរាប​នោះ​កិច្ច​ព្រមព្រៀង​ដែល​មាន​ប្រទេស​ចំនួន​១៨​ជា​អ្នក​ផ្តល់​ការ​គាំទ្រ​នេះ​ នឹង​នៅ​តែ​មាន​សុពលភាព​ជានិច្ច។

លោក​ Phil Robertson​ ​នាយករង​ខាង​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ដោយ​លើកឡើង​ពី​បញ្ហា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​និង​កំពុង​វាយ​កម្ទេច​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ពហុបក្ស​ ​ដែល​បានប្តេជ្ញា​ចិត្ត​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​តាមរយៈ​ការ​រិះរក​វិធី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការ​បំផ្លាញ​សារព័ត៌មាន​ឯករាជ្យ និង​ការ​បំភិត​បំភ័យ​សកម្មជន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឈរ​គាំទ្រ​សិទ្ធិ​មនុស្ស​ជាដើម។​

លោក​ Phil Robertson​ បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ដោយ​សម្រង់​ន័យ​ដើម​ថា៖

​«ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស គួរ​តែ​ធ្វើ​សកម្មភាព​ឥឡូវ​នេះ​ ហើយ​បញ្ឈប់​កុំ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ចាត់​ទុក​ថា ​សកម្មភាព​របស់​គាត់​ក្នុង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ការ​មិន​គោរពសិទ្ធិ​មនុស្ស​ ​គឺជា​រឿង​ធម្មតា​សម្រាប់​កម្ពុជា​ឲ្យ​សោះ»។​

នៅ​ថ្ងៃ​ច័ន្ទ​ជាមួយ​គ្នា​នេះ​ដែរ​ អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ចំនួន​៥៥​ ​ព្រម​ទាំង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​លោក Phil Robertson ផង​នោះ កំពុង​អំពាវនាវ​ដល់​អគ្គ​លេខាធិការ​អង្គការ​ប្រជាជាតិ​ ​និង​សហ​ប្រធាន​នៃ​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​ដែល​រួមមាន​ប្រទេស​បារាំង​ ​និង​ឥណ្ឌូណេស៊ី​ ​ដើម្បី​បំពេញ​កាតព្វកិច្ច​ស្របច្បាប់​របស់​ពួកគេ ក្នុង​ការ​កោះ​ហៅ​ភាគី​នៃ​កិច្ច​ព្រមព្រៀង ដោះ​ស្រាយ និង​ធ្វើ​សកម្មភាព​ឥឡូវ​នេះ មុន​ពេល​យឺត​ពេល​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា៕