ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ នេះ ដោយមានអត្តពលិកប្រមាណ ១ម៉ឺន ៥រយនាក់ ចូលរួមមកពីប្រទេសនិងតំបន់ចំនួន ២០០។ ប៉ុន្តែការប្រកួតកីឡាអូឡាំពិកមានលើសពីការសប្បាយរីករាយនិងការប្រកួតកីឡាទៅទៀត។
ការប្រកួតកីឡាអូឡាំពិកជាពាណិជ្ជកម្មដ៏ធំមួយ ដែលរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ការប្រកួតកីឡាទាំងនេះក៏ជាតំណាងនៃឥទ្ធិពលភូមិសាស្ត្រនយោបាយត្រូវឃើញតាមរយៈតារាងមេដាយ វត្តមាននៃបណ្តាមេដឹកនាំពិភពលោក នៅក្នុងពិធីបើកការប្រកួតនិងភ្លេងជាតិដែលត្រូវបានប្រគុំនៅពេលប្រគល់មេដាយដល់អ្នកឈ្នះ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិជាអង្គការក្រៅរដ្ឋាភិបាលមិនគិតកម្រៃមានមូលដ្ឋាននៅក្រុង Lausanne ប្រទេសស្វីស។ គណៈកម្មាធិការនេះមានប្រាក់ចំណូល ៩១% ពីការលក់សិទ្ធិផ្សព្វផ្សាយតាមទូរទស្សរ៍ចំនួន ៦១% និងការឧបត្ថម្ភចំនួន ៣០%។ ប្រាក់ចំណូលពីការប្រកួតកីឡានេះក្នុងរដូវធ្លាក់ទឹកកកនិងរដូវក្តៅកាលពីបួនឆ្នាំមុន ដែលបានបញ្ចប់ជាមួយកីឡាអូឡាំពិកនៅក្រុងតូក្យូ កាលពីឆ្នាំ ២០២១ មានទឹកប្រាក់ ៧ពាន់ ៦រយលានដុល្លារ។
បណ្តាប្រទេសចាត់ចែងការប្រកួតកីឡាអូឡាំពិកបង់ចំណាយភាគច្រើន។ ការចំណាយទៅលើការប្រកួតកីឡានេះនៅក្រុងតូក្យូត្រូវបានប្រាប់ឱ្យដឹងជាផ្លូវការថាដល់ទៅ ១៣ពាន់លានដុល្លារ។ អង្គភាពនានារបស់រដ្ឋាភិបាលជប៉ុនបានបង់សោហ៊ុយចំណាយនេះជាងពាក់កណ្តាល។ ការចំណាយទៅការប្រកួតកីឡាអូឡាំពិកពិបាកនឹងតាមដាន ប៉ុន្តែសវនកម្មមួយរបស់រដ្ឋាភិបាលជប៉ុនចែងថា ការចំណាយពិតប្រាកដអាចមានពីរដងច្រើនជាងចំនួនដែលមានចែង។
ការសិក្សាស្រាវជ្រាវមួយអំពីកីឡាអូឡាំពិកដោយលោក Victor Matheson និងលោក Robert Baade ដែលជាសាស្ត្រាចារ្យមហាវិទ្យាល័យនៅអាមេរិក បានសន្មតថា៖ «ក្នុងករណីភាគច្រើនការប្រកួតកីឡាអូឡាំពិកធ្វើឱ្យទីក្រុងដែលរៀបចំនោះខាតបង់ថវិកា»។ ការនិយាយបង្ហាញហេតុផលសំខាន់មួយគឺថា កីឡាអូឡាំពិកត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយអាចប៉ះពាល់ដល់អាទិភាពខ្លះ ដូចជាសាលារៀននិងមន្ទីរពេទ្យជាដើម។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ថា កីឡាអូឡាំពិកហួសពីនយោបាយ។ ប៉ុន្តែតាមការពិតជាក់ស្តែង កីឡានេះមានលក្ខណៈនយោបាយខ្លាំង។ ជាការគួរកត់សម្គាល់ថា គណៈកម្មាធិការ IOC មានឋានៈជាអ្នកសង្កតការណ៍នៅអង្គការសហប្រជាជាតិ ដែលបញ្ជាក់អំពីមុខនាទីខ្លួនក្នុងពិភពលោក។
អ្នកវិទ្យាសាស្ត្រនយោបាយលោក Jules Boykoff កត់សម្គាល់នៅក្នុងសៀវភៅថ្មីបំផុតរបស់លោកមានចំណងជើងថា «តើកីឡាអូឡាំពិកធ្វើឡើងដើម្បីអ្វី?» ថាក្រុ មអត្តពលិកដើរក្បួនដង្ហែនៅក្នុងពិធីបើកការប្រកួតជាក្រុមៗនៃប្រទេសនីមួយៗ។ លោកកត់សម្គាល់ថា ពួកគេអាចដើរជាក្រុមតាមប្រភេទកីឡាដែរ។
ប៉ុន្តែការណ៍នេះអាចមិនផ្តល់សារៈសំខាន់ដល់កត្តាជាតិនិយម ដែលជាគន្លឹះសំខាន់មួយនៃប្រជាប្រិយភាពរបស់ការប្រកួតកីឡានេះ។ Adolf Hitler បានប្រើ
ការប្រកួតកីឡាអូឡាំពិកនាក្រុងប៊ែរឡាំង កាលពីឆ្នាំ ១៩៣៦ ដើម្បីឧបត្ថម្ភផ្ចុងផ្តើមរបៀបវារៈរបស់គាត់។ ការរត់បណ្តាក់កាន់គុបភ្លើងមានប្រភពក្នុងក្រុងប៊ែឡាំង។
ជាញឹកញយ ការប្រកួតកីឡាអូឡាំពិកក៏មានទាក់ទិននឹងរឿងអាស្រូវឬអំពើពុករលួយដែរ ប្រហែលដោយសារមានទាក់ទិនជាមួយថវិកាសាធារណៈច្រើននិងពេលកំណត់ចុងក្រោយបង្អស់។
ការប្រកួតកីឡាអូឡាំពិកថ្មីៗបំផុតនៅក្រុងតូក្យូមានទាក់ទិននឹងរឿងអាស្រូវពុកលួយអំពីកុងត្រា ការឧបត្ថម្ភផ្ចុងផ្តើមនិងការដេញថ្លៃ។ ការចាត់ចែងការប្រកួតកីឡាអូឡាំពិកនៅក្រុង Rio de Janeiro កាលពីឆ្នាំ ២០១៦ អស់ថវិកានៅពេលបើកការប្រកួតទាំងនេះ។ លោក Carlos Nuzman សមាជិកគណៈកម្មាធិការ IOC នៅពេលនោះត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយក្នុងពេលខ្លីក្រោយការប្រកួតចប់។
ការប្រកួតកីឡាអួឡាំពិករដូវធ្លាក់ទឹកកកនៅក្រុង Sochi ប្រទេសរុស្ស៊ី មានរឿងអាស្រូវប្រើថ្នាំកម្លាំងនិងការលាក់បាំងរឿងនេះ។ អំពើពុករលួយនៅក្នុងការដេញថ្លៃក្នុងការប្រកួតកីឡាអូឡាំពិករដូវធ្លាក់ទឹកកកនៅ Salt Lake កាលពីឆ្នាំ ២០០២ បានបង្ខំឱ្យមានការកែទម្រង់ខ្លះខាងសីលធម៌។
ហើយគេបានរាយការណ៍ជាច្រើនថា ក្រុមអ្នកចាត់ចែងការប្រកួតកីឡាអូឡាំពិករដូវធ្លាក់ទឹកកកនៅក្រុង Nagoya កាលពីឆ្នាំ ១៩៩៨ នៅប្រទេសជប៉ុនបានបំផ្លាញឯកសារហិរញ្ញវត្ថុ ដែលបង្ហាញថា ពួកគេបានចំណាយប្រាក់រាប់លានដុល្លារសម្រាប់ការកម្សាន្តហ៊ឺហាសម្រាប់ក្រុមសមាជិកគណៈកម្មាធិការ IOC៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ