មនុស្សយ៉ាងតិច ៦នាក់ត្រូវបានគេជឿថាបានស្លាប់ បន្ទាប់ពីកប៉ាល់ដឹកទំនិញមួយគ្រឿងដែលចាកចេញពីកំពង់ផែ Baltimore ក្នុងរដ្ឋម៉ារីឡែន (Maryland) បានបុកនឹងស្ពាន Francis Scott Key Bridgeដោយធ្វើឱ្យស្ពាននេះបាក់រលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការរុករកអ្នកបាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមីនា។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកលោក Pete Buttigieg បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃពុធ ទី២៧ ខែមីនាថា ស្ពាន Francis Scott Key Bridge ក្នុងក្រុង Baltimore ត្រូវបានបុកខ្ទិចខ្ទីដោយសារតែកម្លាំងប៉ះទង្គិចដ៏ខ្លាំង ដែលស្មើនឹងកម្លាំងនាវាផ្ទុកយន្តហោះមួយគ្រឿងបុកទៅលើតួស្ពាន។
លោកថ្លែងដូចនេះថា៖ «កម្លាំងបុកដ៏ខ្លាំងដែលយើងឃើញគឺមានទំហំស្មើនឹងអគារមួយជួររបស់ទីក្រុង ដែលមានកម្លាំងទម្ងន់ ១សែនតោន បុកក្នុងពេលតែមួយទៅលើតួស្ពានរបស់កំពង់ផែនេះ»។
មន្ត្រីអាមេរិកនិយាយថា វាលឿនពេកដើម្បីដឹងថាតើពេលណាទើបបំណែកស្ពានដែលបាក់បែកទាំងនេះនឹងត្រូវស្រង់ចេញពីទន្លេ Patapsco ហើយនៅពេលណាទើបកំពង់ផែក្រុង Baltimore នឹងវិលតត្រឡប់ទៅរកប្រតិបត្តិការដូចដើមវិញនោះ។
ក្រុមការងារទទួលបន្ទុកសង្វាក់ផ្គត់ផ្គង់ថ្នាក់ជាតិនៃរដ្ឋាភិបាលសហព័ន្ធអាមេរិកកំពុងជួបប្រជុំ ដើម្បីវាយតម្លៃទៅលើការបាក់រលំនៃស្ពាននេះ ក៏ដូចជាការបិទកំពង់ផែនេះផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកលោក Buttigieg និយាយថា ខណៈពេលដែលវានៅថ្មីពេកដើម្បីដឹងឱ្យពិតប្រាកដពីផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនោះ ទំហំនៃការប៉ះពាល់គឺមិនតូចឡើយ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណរិទ្ធ