មន្រ្តី​ព្រមាន​ដក​អាជ្ញាបណ្ណ​ប្រសិន​បើ​កាស៊ីណូ​បន្ត​ការ​រកស៊ី​ល្បែង​អនឡាញ

រូប​ឯកសារ៖ កាស៊ីណូ​​របស់​ជនជាតិ​ចិន​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។

កន្លង​ទៅ​ រដ្ឋាភិបាល​របស់​ចិន​ក៏​បាន​សរសើរ​​កម្ពុជា​​ចំពោះ​វិធាន​ការ​ប្រឆាំង​​ល្បែង​អនឡាញ​នេះ​ផង​ដែរ។

រដ្ឋាភិបាល​នឹង​បញ្ចប់​ល្បែង​អនឡាញ​នៅ​តាម​កាស៊ីណូ​ទាំង​អស់​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ​ដែល​ជា​ចំណាត់​ការ​មួយ​ ដែល​រដ្ឋាភិបាល​អះអាង​ថា​ ដើម្បី​បញ្ចប់​ឧក្រិដ្ឋកម្ម ​និង​ការ​លាង​លុយ​កខ្វក់។​ មន្រ្តី​ជំនាញ​ព្រមាន​ដក​អាជ្ញាបណ្ណ ​ប្រសិន​បើ​កាស៊ីណូ​បន្ត​ការ​រកស៊ី​ល្បែង​អនឡាញ​នេះ។

មន្រ្តី​ជំនាញ​អះអាង​ថា ​អាជ្ញាធរ​នឹង​ចុះ​ពិនិត្យ​ជាក់​ស្តែង​គ្រប់​កាស៊ីណូ​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធានា​វិធាន​ការ​បញ្ចប់ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ ​ឬ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃទី​១៨ ​ខែ​សីហា​ លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ចេញ​សារាចរណ៍​មួយ​ ដើម្បី​ចាត់​វិធាន​ការ​លើ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ​ ក្រោយ​ពេល​ដឹង​ថា​ ​ក្រុម​ឧក្រិដ្ឋ​ជន​បរទេស​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ល្បែង​ភ្នាល់​នេះ​ដើម្បី​បោក​ប្រាស់​ជម្រិត​ទារ​ប្រាក់​ពី​ជន​រងគ្រោះ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។​

លោក ​រស់ ភារុណ ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មន្រ្តី​ជំនាញ​នឹង​តាម​ពិនិត្យ​ជាក់​ស្តែងតាម​កាស៊ីណូ ក្រោយថ្ងៃ​បញ្ចប់​ឱសានវាទ។ ​លោក​ព្រមាន​ដកហូត​អាជ្ញាបណ្ណ​ពី​កាស៊ីណូ​ ក្នុង​ករណី​នៅ​មាន​ការ​បន្ត​ដំណើរ​ការ​ល្បែង​ស៊ីសង​អនឡាញ។​ លោក​បន្ត​ថា​ល្បែង​ស៊ីសង​អនឡាញ​ជា​«ប្រភេទ​បច្ចេកវិទ្យា​ថ្មី និង​ស្មុគស្មាញ»​ ​ដែល​លោក​ថា​មាន​ហានិភ័យ​ខ្ពស់ ​ទើប​រដ្ឋាភិបាល​សម្រេច​មិន​បន្ត​ឲ្យ​មាន​ដំណើរការ​ទៅ​មុខ​ទៀត​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ប្រាប់​VOAថា៖​ «វា​អាច​មាន​ហានិភ័យ​ ព្រោះ​ថា​ជា​ការងារ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ហើយ​សមត្ថភាព​ជំនាញ​របស់​យើង​នៅ​មាន​កម្រិត។​ រួម​ទាំង​ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​នឹង​វិស័យ​ធនាគារ​ជា​ដើម ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​កំពុង​តែ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់។ អញ្ចឹង​ហើយ​ដើម្បី​ចៀស​វាង​ផ្លូវ​ដែល​គាត់​អាច​គឺ​យើង​បិទ​ផ្លូវ​ហ្នឹង​ចោល​តែ​ម្តង»។

លោក​បន្ត​ថា៖ «ជា​ធម្មតា​ទេ​ថា ​ផល​របរ​ពេល​ដែល​បាន​កំពុង​ដំណើរការ​អញ្ចឹង​វា​តែង​តែ​មាន​ចំណូល​។ ​ដល់​ពេល​មាន​ចំណូល​ យើង​ទៅ​កាត់​ចំណូល​ហ្នឹង​វា​ប្រាកដ​ជា​មាន​ការ​ប៉ះពាល់។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកប​ផល​របរ​ហ្នឹង​ ពេល​ខ្លះ​គេ​សុខចិត្ត​ឲ្យ​វា​ប៉ះពាល់​ វា​ខាត​អា​បន្តិច​នឹង​ដើម្បី​ប្រយោជន៍​ស្អី​ផ្សេង​ទៅ​វិញ»។

បើ​តាម​លោក​រស់ ភារុណ​ មក​ទល់​ពេល​នេះ​ កាស៊ីណូ​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ មាន​ចំនួន​២១៨ ​ដែល​ក្នុង​នោះ​កាស៊ីណូ​ចំនួន​១៤១ ​កំពុង​មាន​ដំណើរ​ការ ​និង​ផ្សេង​ទៀត​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ។​ លោក​បាន​បន្ត​ថា​ នៅ​ឆ្នាំ​២០១៩​នេះ ​រដ្ឋាភិបាល​ប្រមូល​ប្រាក់​ចំណូល​បាន​ជាង៨០​លាន​ដុល្លារ​ពី​វិស័យ​កាស៊ីណូ។

​ក្នុង​ការ​បើក​ពិធី​បុណ្យ​សមុទ្រ ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ចំណាត់​ការ​លើ​ការ​បញ្ចប់​ល្បែង​អនឡាញ​ គឺ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា។

លោក ​ហ៊ុន សែន បាន​ថ្លែង​ថា៖ ​«តើ​អ្នក​ចង់​បាន​អ្វី​ពិត​ប្រាកដ​ សម្រាប់​ខ្ញុំ ខ្ញុំ​សង្កេត​ឃើញ​ថា បើ​សេដ្ឋកិច្ច​កម្ពុជា​ពឹងពាក់​ទៅ​លើ​អនឡាញ ​កម្ពុជា​នឹង​ក្លាយ​ជា​អ្នក​រងគ្រោះ​សម្រាប់​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន។​ យើង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​នៃ​ក្រុម​ម៉ាហ្វីយ៉ា​ ដែល​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​របស់​យើង​ដើម្បី​ធ្វើ​សកម្មភាព។​ យើង​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​នៃ​គោលដៅ​នៃ​ការ​លាង​លុយ​កខ្វក់​តាម​រយៈ​អនឡាញ»។

កន្លង​ទៅ​ រដ្ឋាភិបាល​របស់​ចិន​ក៏​បាន​សរសើរកម្ពុជាចំពោះ​វិធាន​ការ​ប្រឆាំងល្បែង​អនឡាញ​នេះ​ផង​ដែរ។

ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​ខេត្ត​ព្រះសីហនុ​បាន​ផ្លាស់​ប្តូរ​ពី​តំបន់​ទេសចរណ៍​ស្ងប់ស្ងាត់​មួយ ទៅ​ជា​តំបន់​ដែល​សម្បូរ​ទៅ​សំណង់​ខ្ពស់ៗ ​កាស៊ីណូ​ និង​ការ​រកស៊ី​របស់​ជនជាតិ​ចិន។ ​កាស៊ីណូ​ទាំង​នោះ​ ក៏​មាន​ការ​ភ្នាល់​ល្បែង​តាម​អនឡាញ​ផង​ដែរ។

ចំណាត់​ការ​លើ​ល្បែង​អនឡាញ​នេះ​ បាន​ធ្វើ​ឲ្យ​ជនជាតិ​ចិន​រាប់​ពាន់​នាក់​ដែល​ធ្វើ​ការ​លើ​វិស័យ​នេះ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ​ហើយ​បាន​ប៉ះពាល់​ដល់​ការ​ជួល​ផ្ទះ​ និង​ការ​រកស៊ី​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​ លោក ​ឃាង ភារម្យ​ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ក្រោយ​ថ្ងៃ​ឱសានវាទ​ អាជ្ញាធរខេត្ត​ព្រះសីហនុនឹង​ចុះ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បញ្ឈប់​ដំណើរការ​ល្បែង​ស៊ីសង​អនឡាញ។

«នៅ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​គឺ​មាន​ចែង​នូវ​ចំណុច​គោលៗ​សំខាន់ៗ​ ដែល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​អនុវត្ត​តាម​។ អញ្ចឹង​ដូចថា​ អត់​មាន​អី​ដែល​ត្រូវ​ថា​ មិន​គោរព​ អនុវត្ត​តាម​ការ​កំណត់​នៃ​ច្បាប់​នៃ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ទេ»។

លោក​ មាស នី​ អ្នក​សិក្សា​ការ​វិវត្ត​សង្គម​ បាន​លើកឡើង​ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បិទ​ល្បែង​ស៊ីសងតាម​ប្រព័ន្ធ​អនឡាញ ​ជា​រឿង​ត្រឹមត្រូវ​ ប៉ុន្តែ​លោក​បារម្ភ​ថា ​ការអនុវត្ត​ពី​សំណាក់​រដ្ឋាភិបាល​មាន​ចន្លោះ​ប្រហោង។

«តាម​ពិត​រឿង​ហ្នឹង​គឺ​ជា​ រឿង​ត្រឹមត្រូវ​។ ក៏​ប៉ុន្តែ​ទាក់ទិន​នឹង​ការ​អនុវត្ត​ច្បាប់​ ថា​តើ​រដ្ឋាភិបាល​មាន​ការ​រឹតបន្តឹង​ប៉ុណ្ណា។ ​ប៉ុន្តែ​រដ្ឋាភិបាល​គ្រាន់​តែ​ថា​ ហើយ​បណ្តោយ​ដូចជា​ ការ​អនុវត្ត​ទៅ​លើ​ច្បាប់​ដទៃ​ទៀត ​អា​ហ្នឹង​បាន​ត្រឹម​តែ​ថា ​តែ​វា​មិនមាន​ប្រសិទ្ធភាព។​ នៅ​ក្នុង​ប្រទេស​យើង​នេះ ​ចំណុច​ខ្សោយ​សំខាន់របស់​រដ្ឋាភិបាល​នោះ​គឺ​ការ​ខ្វះ​ខាត​ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព»៕