អាជ្ញាធរស.រ.អានិយាយថា អ្នកបើករថភ្លើង Amtrak ដែលធ្លាក់ចេញពីផ្លូវដែក នៅទីក្រុង Philidelphia កាលពីថ្ងៃពុធនោះ បានចាប់ហ្រ្វាំងអាសន្នយ៉ាងពេញទំហឹងមួយភ្លែត នៅមុនពេលដែលរទេះភ្លើងនោះធ្លាក់ចេញពីផ្លូវដែក។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ បាននិយាយថា រថភ្លើងដឹកអ្នកដំណើរនោះ ប្រហែលជាកំពុងបើកដល់ល្បឿន ១៦០ គីឡូម៉ែត្រ គឺលឿនលើសល្បឿនកំណត់ ដល់ទៅទ្វេដង នៅកន្លែងផ្លូវកោងដែលមានគ្រោះថ្នាក់ កាលពីយប់ថ្ងៃអង្គារ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិចប្រាំពីរនាក់ស្លាប់ និង ជាងពីររយនាក់ទៀតរងរបួសនោះ។
អ្នកបើករថភ្លើង Amtrak ដែលមាន៧ទូពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់ទីក្រុង ញូយ៉កនោះ នៅរស់រានមានជីវិតពីគ្រោះថ្នាក់នោះ ក៏ប៉ុន្តែលោកបានបដិសេធមិននិយាយជាមួយប៉ូលិស។ អភិបាលក្រុង Philadelphia លោក Michael Nutter បានថ្លែងថា អ្នកបើករថភ្លើងនោះមានរបួសខ្លះ ហើយត្រូវបានពេទ្យព្យាបាលហើយ។
ក្រុមមន្ត្រីនិយាយថា នៅមានមនុស្សខ្លះក្នុងចំណោមអ្នកដំណើរ និងបុគ្គលិករថភ្លើងចំនួន២៤៣នាក់ នៅលើរថភ្លើងនោះនៅបាត់ខ្លួននៅឡើយ ទោះជាមានអ្នកខ្លះ ប្រហែលជាបានដើរចេញពីកន្លែងកើតហេតុដោយគ្មានរបួស។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងថាលោក និងភរិយារបស់លោកគឺលោកស្រី MichelleObama មានការ «តក់ស្លុត និង ព្រួយចិត្តយ៉ាងខ្លាំង» ចំពោះគ្រោះថ្នាក់នេះ៕