កម្ពុជា​ត្រូវ​ការ​ពេល​បន្ថែម មុន​ស្នើ​ដាក់​បញ្ចូល​ទីក្រុង​៣​ទៀត​ជា​បេតិកភណ្ឌ​ពិភពលោក

សំណង់​ផ្ទះ​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​បន្សល់​ទុក​តាំងពី​សម័យ​អាណានិគម​បារាំង ហើយ​រដ្ឋាភិបាល​គ្រោង​នឹង​ស្នើ​សុំ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។ (ស៊ុន ណារិន/VOA)

កាល​ពី​ថ្មីៗនេះ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ក្នុង​ខេត្ត​កំពង់ធំ ទើប​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​កម្ពុជា ​ក៏​កំពុង​ពិភាក្សា និង​សិក្សា​ស្រាវជ្រាវ​បន្ថែម ដើម្បី​ដាក់​បញ្ចូល​ទីក្រុង​ចំនួន​៣​ទៀត ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ក្នុង​ការ​ដាក់​បញ្ចូល​ទីក្រុង​របស់​ខ្មែរ​ ជា​បេតិកភណ្ឌ​ពិភពលោក។

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​សិក្សា និង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ក្នុង​ការ​ស្រាវជ្រាវ មុន​នឹង​ដាក់​សំណើ​ទៅ​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​ទីក្រុង​ចំនួន​៣ ក្នុង​ខេត្ត​៣​ផ្សេង​គ្នា រួម​មាន​ខេត្ត​បាត់ដំបង កំពត និង​ក្រចេះ ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក។

លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ បាន​ថ្លែង​ប្រាប់ ​VOA​ថា កម្ពុជា​មាន​បទពិសោធន៍​ក្នុង​ការ​ដាក់​ប្រាសាទ​ជា​បេតិកភណ្ឌ​ពិភពលោក ប៉ុន្តែមិន​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ដាក់​បញ្ចូល​ទីក្រុង​នោះ​ទេ។

សំណង់​ផ្ទះ​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​បន្សល់​ទុក​តាំងពី​សម័យ​អាណានិគម​បារាំង ហើយ​រដ្ឋាភិបាល​គ្រោង​នឹង​ស្នើ​សុំ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។ (ស៊ុន ណារិន/VOA)

លោក​បន្ត​ថា ការងារ​នេះ​ត្រូវការ​ការ​ពិភាក្សា​គ្នា​ច្រើន​ជាមួយ​ក្រសួង​ពាក់ព័ន្ធ រួម​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួង​ទេសចរណ៍ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

លោក​មាន​ប្រសាសន៍​ថា៖ «រឿង​ដាក់​ទីក្រុង​នេះ គឺ​ជាមួយ​វែង​ឆ្ងាយ ត្រូវ​ការ​ពេល​វេលា​ មិន​មែន​ឆាប់​ទេ ហើយ​វា​ថ្មី​សម្រាប់​ក្រសួង​វប្បធម៌ ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការ​ដាក់​ទីក្រុង ទៅ​ជា​ទីក្រុង​បេតិកភណ្ឌ​ទេ»។

លោក ប្រាក់ សុណ្ណារ៉ា បាន​បន្ត​ថា កម្ពុជា​ក៏​បាន​សិក្សា​បទ​ពិសោធន៍​ពី​ប្រទេស​ឡាវ ដែល​បាន​បញ្ចូល​ទីក្រុង​ហ្លួងព្រះបាង​របស់​ខ្លួន ជា​បេតិកភណ្ឌ​ពិភពលោក។

លោក​បាន​ថ្លែង​ថា៖ «ហើយ​អញ្ចឹង​ទៅ ក៏​គេ​បាន​ប្រាប់​យើង​ត្រង់​ដែរ ថា​វា​មាន​បញ្ហា​លំបាក​ដែរ ក្រោយ​ពី​ចូល​ហ្នឹង។ វា​ជួប​បញ្ហា​ច្រើន​អីចឹង។ អញ្ចឹង​បើ​សិន​ជា​យើង​ចង់​ដាក់ ឲ្យ​យើង​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់។ យើង​សិក្សា​ផែន​ការ​គ្រប់គ្រង ធ្វើ​យ៉ាង​ម៉េច​របស់​យើង​ ឲ្យ​បាន​ច្បាស់​លាស់»។

បើ​ទោះ​ជា​ពេល​វេលា​នៅ​វែង​ឆ្ងាយ ក្នុង​ការ​ដាក់​សំណើ​ផ្លូវការ​ទៅ​អង្គការ​យូណេស្កូ មន្ត្រី​ក្រសួង​វប្បធម៌​រូប​នោះ បាន​អះអាង​ថា រដ្ឋាភិបាល​មាន​ឯកសារ​ខ្លះ​ហើយ​សម្រាប់​ការ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភព​លោក។

បើ​តាម​លោក ប្រាក់ សុណ្ណារ៉ា ទីក្រុង​នៅ​ក្នុង​ខេត្ត​ទាំង​៣​នោះ នៅ​សល់​សំណង់​ប្រវត្តិសាស្ត្រ​ច្រើន​គួរ​សម ដែល​ត្រូវ​អភិរក្ស ថែរក្សា ជួសជុល និង​គ្រប់គ្រង។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា អង្គការ​យូណេស្កូ បាន​សម្រេច​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​ខេត្ត​កំពង់ធំ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។ តាម​រយៈ​ការ​ដាក់​បញ្ចូល​នេះ អង្គការ​យូណេស្កូ​នឹង​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ការ​ជួសជុល ថែរក្សា អភិរក្ស​ប្រាសាទ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផង​ដែរ។ ការ​ដាក់​បញ្ចូល​នេះ រំពឹង​ថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​តំបន់​ទាំង​នោះ។

ក្នុង​ពិធី​អបអរ​សាទរ​ការ​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក​ជា​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា រដ្ឋាភិបាល​នឹង​បន្ត​កិច្ច​ប្រឹង​ប្រែង ​ដើម្បី​ដាក់​បញ្ចូល​ប្រាង្គ​ប្រាសាទ ​និង​សម្បត្តិ​វប្បធម៌​ផ្សេង​ទៀត ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

លោក​បាន​ថ្លែង​កាល​នោះ​ថា៖ «យើង​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ជា​បន្ត។ រឿង​នេះ​មិន​ចប់​ត្រឹម​ថ្ងៃ​នេះ​ទេ។ យើង​នៅ​មាន​ប្រាសាទ​កោះ​កេរ យើង​នៅ​មាន​ប្រាសាទ​បន្ទាយ​ឆ្មារ យើង​នៅ​មាន​ភ្នំ​គូលែន និង​នៅ​មាន​កន្លែង​ដទៃ​ទៀត​ដែល​យើង​ត្រូវ​ធ្វើ»។

សំណង់​ផ្ទះ​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​បន្សល់​ទុក​តាំងពី​សម័យ​អាណានិគម​បារាំង ហើយ​រដ្ឋាភិបាល​គ្រោង​នឹង​ស្នើ​សុំ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។ (ស៊ុន ណារិន/VOA)

រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​បាន​បញ្ចូល​ប្រាង្គ​ប្រាសាទ​ចំនួន​៣​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក រួមមាន​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​សំបូរ​ព្រៃ​គុក។ សម្បត្តិ​វប្បធម៌​មួយ​ចំនួន​ទៀត​ ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ផង​ដែរ រួម​មាន​របាំ​ព្រះរាជទ្រព្យ ល្ខោន​ស្រមោលស្បែក​ធំ និង​ចាប៉ី​ដង​វែង​ជាដើម។

អភិបាលរង​ខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​ថ្លែង​ប្រាប់​ VOAថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​រង់​ចាំ​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង ដែល​ចូលរួម​ពិភាក្សា និង​សិក្សា​ស្រាវជ្រាវ​សំណង់​ប្រវត្តិសាស្ត្រ ដែល​បន្សល់​ទុក តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង។ លោក​បន្ត​ថា កិច្ចការ​ទាំង​នេះ​ត្រូវ​ការ​ពេល​វេលា​ច្រើន ក្នុង​ការ​ស្រាវជ្រាវ។

បើ​តាម​លោក ងួន រតនៈ អគារ​សំណង់​ផ្ទះ​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​បាត់ដំបង មាន​ប្រមាណ​៨០០ខ្នង​ផ្ទះ។ លោក​រំពឹង​ថា នៅ​ពេល​មាន​ការ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក ខេត្ត​បាត់ដំបង នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បន្ថែម​ទៀត។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ «គោលដៅ​ទេសចរ​ដែល​មក​បាត់ដំបង ច្រើន​តែ​ការងារ​ទេសចរណ៍​វប្បធម៌​ធម្មជាតិ។ បាទ​អញ្ចឹង​ជា​ការ​លើក​ទឹកចិត្ត ជា​ការ​ជំរុញ​វិស័យ​ទេសចរណ៍​មក​តំបន់​ហ្នឹង​ដែរ»។

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​រឹតត្បិត​ចំពោះ​ការ​ជួសជុល និង​រុះរើ​សំណង់​ចាស់ៗ ដោយ​អាជ្ញាធរ​ចង់​រក្សា​រចនាបថ​ដើម។

ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង លោក ព្រុំ យន់ អាយុ​៥៧ឆ្នាំ ជា​អ្នក​លក់​សម្ភារៈ​សិក្សា នៅ​ផ្លូវ​លេខ​២ ក្នុង​សង្កាត់​ស្វាយ​ប៉ោ បាន​ថ្លែង​ប្រាប់ ​VOA ​ថា អាជ្ញាធរ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​វាយ​ធ្វើ​ផ្ទះ​ថ្មី ដោយ​ចង់​អភិរក្ស​រចនាបថ​ចាស់។

លោក ព្រុំ យន់ អាយុ​៥៧ឆ្នាំ បាន​ប្រើប្រាស់​ផ្ទះ​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង ជា​កន្លែង​សម្ភារៈ​សិក្សា នៅ​ផ្លូវ​លេខ​២ ក្នុង​សង្កាត់​ស្វាយ​ប៉ោ ក្រុងបាត់ដំបង។ (ស៊ុន ណារិន/VOA)

លោក​បន្ត​ថា​ លោក​ពេញចិត្ត​ចំពោះ​ការ​អភិរក្ស​អគារ​បុរាណ​ទាំង​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គាំទ្រ​អភិរក្ស ពីព្រោះ​ខ្ញុំ​ស្រឡាញ់​ដែរ​របស់​ពីដើម។ របស់​ពីដើម​វា​ស្អាត​ជាង​ឥឡូវ ជំនាន់​បារាំង»។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​បរទេស​បាន​មក​លេង​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​ជា​បន្ត​បន្ទាប់ ហើយ​អ្នក​ខ្លះ​បាន​មក​រក​ស៊ី​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ផង​ដែរ។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ជា សារិន អាយុ​៦០ឆ្នាំ ជា​ម្ចាស់​ផ្ទះ​បុរាណ​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​ VOA​ ថា លោក​បាន​មក​រស់​នៅ​ផ្ទះ​នេះ តាំង​ពី​ឆ្នាំ​១៩៨៤។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ លោក​បាន​ដូរ​ដំបូល​អគារ​ក្បឿង ដែល​បន្សល់​ទុក​ពី​សម័យ​បុរាណ មក​ជា​ដំបូល​ស័ង្កសី​វិញ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា លោក​បាន​ឭ​ថា រដ្ឋាភិបាល​នឹង​បញ្ចូល​អគារ​ទាំង​នេះ ជា​បេតិកភណ្ឌ​ពិភព​លោក។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ពូ​មិន​ជំទាស់​ទេ​ជាមួយ​រដ្ឋ។ រដ្ឋ ​គេ​ដាក់​ហើយ ទៅ​ហើយ ធ្វើ​ម៉េច​បើ​រដ្ឋ​ដាក់​ហើយ។ កុំ​ឲ្យ​តែ​ដាក់​តែ​មួយ​ប្លុក​មួយ​ប្លុក ប្លុក​ខ្លះ​អត់​ដាក់ អា​ហ្នឹង​ក៏​ពិបាក​ដែរ»។

លោក​ ជា សារិន បាន​បញ្ជាក់​ថា ការ​បញ្ចូល​ជា​បេតិកភណ្ឌ​នេះ នឹង​ធ្វើ​ឲ្យ​លោក​អាច​លក់​ដូរ​របស់​របរ​អនុស្សាវរីយ​មួយ​ចំនួន នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​ច្រើន។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ដំបូង​មានអី​ទេ ព្រោះ​សំខាន់​បំផុត យើង​មិន​សូវ​មាន​លុយ មាន​កាក់​អញ្ចឹង។ យើង​អត់​មាន យើង​ដាក់​អា​វត្ថុ​អនុស្សាវរីយ​តិច​តួច ទិញ​មក ដែល​គេ​ច្នៃ​ប្រឌិត។ កូន​ខ្មែរ​យើង​ច្នៃ​ប្រឌិត»៕