អ្នក​តាម​ដាន​ចង់​ឃើញ​លោក ដូណាល់ ត្រាំ យក​ចិត្ត​ទុកដាក់​លើ​កម្ពុជា​បន្ថែម​ទៀត

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump ឈរនៅលើវេទិកា នៅក្រុង West Palm Beach រដ្ឋ Florida កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នក​ពាក់ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​មតិ​ចម្រុះ​ជុំវិញ​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក ​ ដូណាល់ ត្រាំ ​(Donald Trump)​ ដោយ​ជំរុញ​ឱ្យ​រដ្ឋបាល​ថ្មី​នេះ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា។​

ការ​ជំរុញ​នេះ​កើត​មាន​ឡើង​ ក្រោយ​លោក ​ដូណាល់ ត្រាំ ​អតីត​ប្រធានាធិបតី​អាមេរិក​ ត្រូវ​បាន​ព្យាករថា​ ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​ទី ​៤៧ ​របស់​អាមេរិក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤។​

លោក​ ប៉ា ចន្ទ​រឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ​ថ្លែង​ថា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូណាល់ ត្រាំ ​កាល​ពី​អាណត្តិ​ក្នុង​ឆ្នាំ​ ២០១៦​ សហ​រដ្ឋ​អាមេរិក​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​កម្ពុជា​ឡើយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «សម្រាប់​លោក​ ដូណាល់ ត្រាំ ​កាល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី ​កាល​ពី​អាណត្តិ​មុន​នោះ ​គឺ​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​កម្ពុជា​ហ្នឹង​ គេ​ចាត់​ទុក​ជា​ប្រទេស​តូច​តាច​ ដែល​សឹង​តែ​មិន​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​លោក​ ដូណាល់ ត្រាំ ​ទេ​បាទ​ ដែល​យើង​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​លោក​ ដូណាល់ ត្រាំ ​មិន​សូវ​ជា​បាន​ខ្វល់​ខ្វាយ ​និង​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​មក​លើ​ប្រទេស​កម្ពុជា ​ជាពិសេស​គឺ​ទាក់​ទង​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។​

អ្នក​តាម​ដាន​រូប​នោះ​បាន​អំពាវនាវ​ឱ្យ​លោក ​ដូណាល់ ត្រាំ ​ដែល​នឹង​ចូល​កាន់​តំណែង​នៅ​ខែ​មករា​ ឆ្នាំ ​២០២៥​ ខាង​មុខ​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​គ្រប់​វិស័យ​ និង​ពង្រីក​ទំនាក់​ទំនង​ជា​ដៃ​គូ​ផ្នែក​សេដ្ឋកិច្ច​ ជួយ​ជ្រោម​ជ្រែង​កម្ពុជា​ ព្រោះ​កម្ពុជា​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ហៅ​កាត់​ថា​ អាស៊ាន។ ​ជាង​នេះ​ទៅ​ទៀត ​លោក​ថា​ សហ​រដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដើម្បី​ជួយ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ធ្វើ​ដំណើរ​តាម​បែប​ប្រជា​ធិបតេយ្យ​ដែល​បាន​ធ្លាក់​ចុះ​ក្នុង​អាណត្តិ​លោក ​ដូណាល់ ត្រាំ ​ធ្វើ​ជា​ប្រធានាធិបតី។​

ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ជា​ពិសេស​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​ ២០១៨​ ​ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ផ្តើម​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ​ក្រុម​ជំទាស់​ និង​អ្នក​រិះគន់​រដ្ឋាភិបាល។ ​កាល​ពី​ឆ្នាំ​ ២០១៧​ គណបក្ស​ជំទាស់​ដ៏​ធំ​មួយ ​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល។​

អ្នក​នយោបាយ​ដូច​ជា​លោក​ អ៊ូ​ ច័ន្ទ​រ័ត្ន​ ដែល​ជា​អនុ​ប្រធាន​គណ​បក្ស​កែ​ទម្រង់​កម្ពុជា​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ការ​ឡើង​កាន់​តំណែង​ជា​ថ្មី​របស់​លោក​ ដូណាល់​ ត្រាំ។ ​លោក​មើល​ឃើញ​ថា​ ទោះ​បី​គណ​បក្ស​ប្រជា​ធិបតេយ្យ ​ឬ​គណបក្ស​សាធារណ​រដ្ឋ​ឈ្នះ​ការ​បោះ​ឆ្នោត ​គោល​នយោបាយ​ការ​បរទេស​នៃ​គណបក្ស​ទាំង​ពីរ​មិន​មាន​អ្វី​ប្រែ​ប្រួល​ខ្លាំង​ទេ​ ជា​ពិសេស​នៅ​តំបន់​អាស៊ី ​ហើយ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ប្រកួត​ប្រជែង​ភូមិ​សាស្ដ្រ​នយោបាយ​ជាមួយ​មហា​ចិន​ជា​ដើម។​ លោក​បន្ត​ថា​ ​កាល​ពី​អាណត្ដិ​នៃ​ការ​ដឹក​នាំ​របស់​លោក ​ដូណាល់ ត្រាំ​ ក្នុង​អំឡុង​ឆ្នាំ​ ២០១៦​ កម្ពុជា​និង​អាមេរិក​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ធម្មតា ​ប៉ុន្តែ​ក៏​មាន​ភាព​ចម្រូង​ចម្រាស​ខ្លះ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​និង​មាន​ការ​ដាក់​សម្ពាធ​ខ្លះ​មក​លើ​កម្ពុជា។​

អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នោះ​ស្នើ​ឱ្យ​រដ្ឋបាល​ថ្មី​អាមេរិក​បន្ត​ជួយ​អភិវឌ្ឍ​កម្ពុជា ​ជួយ​លើក​កម្ពស់​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖ «មាន​ចំណុច​បី​ ទី​មួយ​ស្នើ​ឱ្យ​រដ្ឋបាល​ថ្មី​របស់​លោក​ ដូ​ណាល់ ត្រាំ ​បន្ត​ជួយ​អភិវឌ្ឍ​កម្ពុជា​ ទី​ពីរ​ ជួយ​ជំរុញ​ផ្នែក​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើង​ ទី​បី​ ធ្វើ​យ៉ាង​ណា​ជួយ​រក្សា​លំ​នឹង​ឯក​រាជ្យ​ភាព​ ឬ​ក៏​អព្យា​ក្រឹត​ភាព​របស់​កម្ពុជា​ហ្នឹង​ឱ្យ​បាន​ល្អ»។​

ចំណែក​លោក ​នី សុខា ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ អះអាង​ថា​ សហ​រដ្ឋ​អាមេរិក​មិន​អាច​បោះ​បង់​ឡើយ​ការ​ជំរុញ​ប្រទេស​នានា​ឱ្យ​ដឹកនាំ​តាម​បែប​ប្រជា​ធិបតេយ្យ​សេរី។​ ដូច្នេះ​លោក​យល់​ថា​ គណបក្ស​ណា​ឈ្នះ​ឆ្នោត​ក៏​ដោយ​ ក៏​មាន​ការ​គិត​គូរ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​នៅ​លើ​ពិភព​លោក។​

ពាក់ព័ន្ធ​នឹង​កម្ពុជា​ជា​ពិសេស​វិញ ​លោក ​នី សុខា ​ជំរុញ​ឱ្យ​សហ​រដ្ឋ​អាមេរិក​បន្ត​ជួយ​កម្ពុជា​ផ្នែក​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ។​

លោក​ថ្លែង​ថា៖​ «យើង​ក៏​ចង់​ឃើញ​ប្រទេស​អាមេរិក​បន្ត​កិច្ច​សហការ​គាំទ្រ​មក​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​បន្ត​ទៅ​ទៀត​ ដើម្បី​ពិសេស​គឺ​គាំទ្រ​មកដ​ល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ឱ្យ​មាន​ការ​ចូល​រួម​ ដើម្បី​លើក​កម្ពស់​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​ប្រជា​ធិបតេយ្យ​ ពីព្រោះ​ថា​ ប្រទេស​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ដែល​ជា​រដ្ឋភាគី​នៃ​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។​

កាល​ពី​ឆ្នាំ​ ២០១៩ ​លោក ​ដូណាល់ ត្រាំ ​ដែល​កាល​នោះ​ជា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក ​ហ៊ុន សែន​ ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​កំពុង​មាន​ភាព​រកាំ​រកូស​ជាច្រើន​ឆ្នាំ។ ​លោក ​ត្រាំ​ បាន​បញ្ជាក់​ថា​ សហ​រដ្ឋ​អាមេរិក​គោរព​អធិប​តេយ្យភាព​របស់​កម្ពុជា ​និង​មិន​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ​ប៉ុន្តែ​លោក​ត្រាំ​បាន​ប្រាប់​ឱ្យ​លោក​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​កាល​នោះ​ ដាក់​ប្រទេស​កម្ពុជា​លើ​មាគ៌ា​អភិបាល​កិច្ច​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច ​ថ្លែង​ថា​ លោក ​ដូណាល់ ត្រាំ ​នឹង​អនុវត្ត​នយោបាយ​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ដដែល។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ខ្ញុំ​យល់​ឃើញ​ថា​លោក​ ដូណាល់ ត្រាំ ​ទោះ​បី​ថា​ គាត់​មក​ធ្វើ​ជា​ប្រធានាធិបតី​ ក៏​គាត់​នៅ​អនុវត្ត​នយោបាយ​ការ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក​ដដែល​ទេ។ ​វា​អត់​មាន​អី​ប្លែក​ប៉ុន្មាន​ទេ។ ​ខ្ញុំ​យល់​ថា​ មិន​មាន​ការ​ប្រែប្រួល​ប៉ុន្មាន​ទេ។​ បញ្ហា​សំខាន់​កុំ​ឱ្យ​គាត់​យក​កម្ពុជា​ធ្វើ​ជា​ភូមិសាស្រ្ត​នយោបាយ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​មនោគមន៍​វិជ្ជា​នៅ​ក្នុង​ពិភពលោក។​ អាហ្នឹង​កម្ពុជា​អាច​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក»។​

ក្រោយ​លោក​ ដូណាល់ ត្រាំ ​ត្រូវ​បាន​ព្យាករ​ថា ​ឈ្នះ​ការ​បោះ​ឆ្នោត ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ចេញ​សារ​អបអរ​សាទរ​ ហើយ​ថា​ ​នេះ​ជា​ការ​ទុក​ចិត្ត​របស់​ប្រជាជន​អាមេរិក​មក​លើ​រូប​លោក។ ​លោក​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ពេញ​ទំហឹង​ក្នុង​ការ​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​ថ្មី​ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។​

ចំណែក​លោក​ ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្រ្តី ​និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ ក៏​បាន​ចេញ​សារ​អបអរ​សាទរ​មួយ​ ដោយ​លើក​ឡើង​ថា​ លោក​នៅ​តែ​បន្ត​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​លោក ​ត្រាំ និង​សភា​សហ​រដ្ឋ​អាមេរិក​ ជា​ពិសេស​ព្រឹទ្ធ​សភា ​ដើម្បី​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​យូរ​អង្វែង​របស់​ប្រទេស​ទាំង​ពីរ៕​