អ្នកតាមដានជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារគោរពនិងអនុវត្តតាមលក្ខខណ្ឌ និងបទដ្ឋានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិឱ្យបានត្រឹមត្រូវ មុននឹងផ្តល់កម្ចី ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិនិងសេដ្ឋកិច្ចរបស់អតិថិជន។ អ្នកតាមដានលើកឡើងថា រដ្ឋក៏ត្រូវគិតគូរចរន្តសេដ្ឋកិច្ចផ្ទៃក្នុង និងជំរុញសហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការងារធ្វើ។
ការលើកឡើងបែបនេះ កើតមានឡើងបន្ទាប់ពីក្រុមហ៊ុនស៊ីប៊ីស៊ីដែលជាក្រុមហ៊ុនកត់ត្រាទិន្នន័យនៃទំហំឥណទានរបស់រូបវន្តបុគ្គល គ្រឹះស្ថាន ឬសហគ្រាស បង្ហាញរបាយការណ៍ថ្មីរបស់ខ្លួន ដែលលើកឡើងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ប្រជាជនជិត ៥០%ដែលមានអាយុ ១៨ឆ្នាំឡើង ឬប្រមាណ ៥លាននាក់ បានខ្ចីលុយពីគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុនិងធនាគារ ក្នុងទំហំប្រមាណ ៥៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ក្រុមហ៊ុនស៊ីប៊ីស៊ីដែលចេញផ្សាយកាលពីចុងខែមីនា។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា ទំហំទឹកប្រាក់នៃកម្ចីនេះស្ថិតក្នុងកម្រិតមួយខ្ពស់ខ្លាំង ដែលជាចំណុចមួយគួរឱ្យព្រួយបារម្ភ ព្រោះថា វាអាចប៉ះពាល់ដល់ការសងត្រឡប់របស់អតិថិជន និងក្នុងករណីខ្លះ ពលរដ្ឋបង្ខំចិត្តលក់ដី និងឱ្យកូនឈប់រៀន ដើម្បីទៅធ្វើការរកចំណូលបង់សងបំណុល។
លោកថ្លែងថា៖ «អ៊ីចឹងហើយដែលធ្វើឱ្យគាត់អាចបង្ខំចិត្តក្នុងការលក់ដី ដើម្បីសងបំណុល។ ទី ២ អាចឱ្យកូនឈប់រៀន ហើយជួយធ្វើការរកលុយបន្ថែមដើម្បីសងបំណុល ហើយចំណុចទី ៣ ធ្វើឱ្យគាត់កាត់នៃរបបអាហារមួយចំនួន បានន័យថា បន្ថយការបរិភោគ ដែលវាអាចនឹងប៉ះពាល់ដល់សុខភាព»។
លោក អំ សំអាត បន្ថែមថា បើតាមការរកឃើញរបស់អង្គការសង្គមស៊ីវិលដែលបានសិក្សាកន្លងមក ប្រជាពលរដ្ឋមួយចំនួនបានខ្ចីបុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ លើសពីចំណូលរបស់ពួកគេ ដោយពលរដ្ឋខ្លះខ្ចីបុលរហូតដល់ ៧០% នៃចំណូល និងខ្លះទៀតខ្ចីបុល រហូតដល់ ១០០% នៃចំណូលតែម្តង ដែលវាប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់គោរពតាមលក្ខខណ្ឌ និងបទដ្ឋានអន្តរជាតិនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិឱ្យបានត្រឹមត្រូវ មុននឹងផ្តល់កម្ចីដល់អតិថិជន។
លោកបញ្ជាក់ថា៖ «មីក្រូហិរញ្ញវត្ថុ និងធនាគារត្រូវគោរពគោលការណ៍ឱ្យបាន ហើយអតិថិជនមុននឹងកម្ចី ឬមុនធ្វើការខ្ចីត្រូវគិតគូរឱ្យបានដិតដល់ចំពោះលុយដែលខ្ចីមក ដើម្បីយកមកប្រើប្រាស់ឱ្យបានត្រូវទិសដៅ។ ហើយមួយទៀត រដ្ឋត្រូវធានា និងពិនិត្យមើលបញ្ហាទាំងអស់នេះ ហើយធ្វើម៉េចឱ្យធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុគោរពទៅតាមច្បាប់ គោរពតាមគោលការណ៍ និងលក្ខខណ្ឌរបស់ខ្លួន»។
កាលពីខែសីហា ឆ្នាំ ២០២៣ អង្គការការពារសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជាបានចេញផ្សាយរបាយការណ៍មួយស្ដីពីហានិភ័យនៃបំណុល ដែលជាការសិក្សាស្រាវជ្រាវបែបបរិមាណអំពីអ្នកជាប់ជំពាក់កម្ចីខ្នាតតូចនៅខេត្តកំពង់ស្ពឺ។ របាយការណ៍នេះបង្ហាញពីការរកឃើញនៅក្នុងការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋចំនួន ៧១៧ ខ្នងផ្ទះ។ ការសិក្សាស្រាវជ្រាវនេះបង្ហាញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម នៅខេត្តកំពង់ស្ពឺ។
បើតាមការសិក្សា ប្រជាពលរដ្ឋតាមខ្នងផ្ទះ ៦,១% បានលក់ដីដើម្បីសងបំណុល។ របាយការណ៍បន្តថា ពលកម្មកុមារ និងកុមារបោះបង់ការសិក្សាដោយសារបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារ គឺកើតឡើងញឹកញាប់ខ្លាំង។ ប្រមាណជា ៣% នៃប្រជាពលរដ្ឋតាមខ្នងផ្ទះបានឱ្យកូនបោះបង់ការសិក្សា ដោយសារតែកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយកុមារជាច្រើនត្រូវទៅធ្វើការជួយរកប្រាក់ដើម្បីបង់សងកម្ចីទាំងនោះវិញ។
លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាល ថ្លែងថា ពលរដ្ឋមួយចំនួនខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនមែនសម្រាប់ការវិនិយោគនោះទេ។ លោកបន្ថែមថា ការខ្ចីបុលមួយចំនួនទៀតក៏បានកប់ទៅលើវិស័យអចលនទ្រព្យ ដែលកំពុងតែជាប់គាំង ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋជួបការលំបាក។
បើតាមលោក គី សេរីវឌ្ឍ អ្នកលក់ដូរទំនិញរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែពលរដ្ឋកាត់បន្ថយការចំណាយនិងទិញទំនិញ ព្រោះពួកគេទុកលុយមួយផ្នែក ដើម្បីបង់សងបំណុល។
លោកថ្លែងថា៖ «ក្រុមអ្នកដែលរងផលប៉ះពាល់ គឺក្រុមដែលប្រកបសេវាលក់ដូររាយរង [គឺ]សេវាលក់រាយនេះ គឺត្រូវលក់មិនសូវដាច់ ដោយសារតែអ្នកទិញបន្ថយការទិញ បង្កើនការសន្សំច្រើនជាង និងមួយចំណែកត្រូវយកទៅបង់នៅធនាគារ។ អ៊ីចឹងវាទាញឱ្យសេដ្ឋកិច្ចវិលដើរថយក្រោយ»។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋត្រូវលើកទឹកចិត្ត និងជំរុញឱ្យចរន្តសេដ្ឋកិច្ចផ្ទៃក្នុងដើរ និងធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យម (SME)មានភាពល្អប្រសើរឡើង ដើម្បីធានាការងារធ្វើសម្រាប់ពលរដ្ឋ ដែលអាចជួយបង្កើនចំណូលសម្រាប់អ្នកលក់ដូរទំនិញរាយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបាននៅឡើយទេ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បា្រប់វីអូអេថា ទំហំសរុបឥណទាន ៥៧ពាន់លានដុល្លារអាមេរិក ដែលបានចាក់បញ្ចូលទៅក្នុងទីផ្សារកម្ពុជា មិនបានបង្ហាញសញ្ញាហានិភ័យណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះឥណទានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ដើមទុនសម្រាប់ពលរដ្ឋក្នុងការពង្រីក និងស្តារអាជីវកម្ម បើទោះបីជាវា ប៉ះពាល់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងរយៈពេលចុងក្រោយនេះក្តី។
លោកបញ្ជាក់ថា៖ «វិស័យធនាគារហិរញ្ញវត្ថុ នៅតែមានភាពរឹងមាំ ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ច ដូចដែលបានកើតឡើង។ តែយ៉ាងណាក៏ យើងមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ចំណូលរបស់ប្រជាពលរដ្ឋយើង ក៏មានការធ្លាក់ចុះដែរ ដោយសារតែការធ្លាក់ចុះ ឬកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ បញ្ហាប្រឈមផ្សេងៗលើពិភពលោក។ វាធ្វើឱ្យប្រជាពលរដ្ឋយើងមានផលប៉ះពាល់លើប្រាក់ចំណូល»។
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេតកម្ពុជា (Khmer Real Estate) ថ្លែងថា ស្ថានភាពក្នុងប្រទេសកម្ពុជាអាស្រ័យលើសេដ្ឋកិច្ចពិភពលោក និងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងចិន។ លោកមើលឃើញថា ទិន្នន័យទំហំឥណទានដែលបង្ហាញដោយក្រុមហ៊ុនស៊ីប៊ីស៊ីនេះ មិនប៉ះពាល់វិស័យដីធ្លី និងអចលនទ្រព្យនៅកម្ពុជាឡើយ។
លោកប្រាប់វីអូអេថា៖ «បើយើងប្រៀបធៀបទៅនឹងប្រទេសជាច្រើន ចំនួនហ្នឹង គឺវាមិនទាន់ច្រើនទេ។ អ៊ីចឹងបើថា វាប៉ះពាល់ដល់វិស័យដីធ្លីអត់ គឺវាមិនទាក់ទងនឹងចំនួននៃអ្នកជំពាក់ទេ។ អ្វីដែលប៉ះពាល់វិស័យអចលនទ្រព្យ គឺសេដ្ឋកិច្ចរបស់កម្ពុជា សេដ្ឋកិច្ចអាស៊ាន និងសេដ្ឋកិច្ចពិភពលោក។ បើសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចអាស៊ានដើរល្អ ខ្មែរយើងដើរល្អ។ប៉ុន្តែបើសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចអាស៊ានដើរថយក្រោយ ខ្មែរដើរថយក្រោយ»។
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូខេមបូឌា ខូអិលធីឌី ហៅកាត់ថា ស៊ីប៊ីស៊ីបានឱ្យដឹងថា ចំពោះស្ថានភាពឥណទាននៅកម្ពុជាឆ្នាំ២០២៣ ប្រជាជនចំនួន ៤,៩៨លាននាក់ក្នុង ២៥រាជធានីខេត្ត បានខ្ចីឥណទាន ដោយក្នុងនោះពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងសៀមរាប ខ្ចីជិត ៦០% នៃសមតុល្យឥណទានសរុប។ ចំណែកគុណភាពឥណទាននៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ គិតត្រឹមចុងឆ្នាំ២០២៣ មានចំនួន ៤,៦% ដែលកើនឡើង ២,៤% បើធៀបនឹងឆ្នាំ២០២២។ កាលពីឆ្នាំ២០២២ ប្រជាជនចំនួន ៤,៨លាននាក់ បានខ្ចីឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា៕