ខណៈប្រជាពលរដ្ឋជិត ៤០ នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាលជិត ៩០ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ អ្នកតាមដានសម្តែងការសោកស្តាយនិងជំរុញឱ្យអាជ្ញាធរបន្តពង្រឹងការអនុវត្តច្បាប់ ទោះក្នុងឱកាសបុណ្យទានក៏ដោយ និងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីផលលំបាកនៃគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានដល់កម្រិតទាបបំផុត។
ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរាប់ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន ៦៤ ករណី ដែលបណ្តាលឱ្យពលរដ្ឋស្លាប់ចំនួន ៣៧ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៨៨ នាក់។ តួលេខនេះ ប្រហាក់ប្រហែលទៅនឹងពិធីបុណ្យចូលឆ្នាំ ២០២៣ ដែរ។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ដោយឡែករយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២៣ វិញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៤៥ ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៥ នាក់និងរងរបួសធ្ងន់ស្រាលចំនួន ៩២ នាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ។
អាជ្ញាធរបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំងនោះបណ្តាលមកពីការបើកបរក្នុងស្ថានភាពប្រជែងគ្រោះថ្នាក់ ល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ និងស្រវឹងជាដើម។
បើតាមលោក ទូច សុខៈ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ ដែលអាចគ្រប់គ្រងបាន។
លោកថ្លែងថា៖ «បងប្អូនប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែល្អប្រសើរថែមទៀតនៅក្នុងការបើកបរ ការយោគយល់ឱ្យគ្នាទៅវិញទៅមក ការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មានការប្រុងប្រយ័ត្នអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដែលនាំឱ្យករណីគ្រោះថ្នាក់ចរាចរណ៍យើងអាចគ្រប់គ្រងបាន មិនកើនឡើងគំហុកទេ»។
ប៉ុន្តែអ្នកតាមដាននៅតែសម្តែងការព្រួយបារម្ភ និងចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយដល់កម្រិតទាប។
លោក គង់ រតនៈ អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោក សម្តែងការសោកស្តាយនៅពេលឃើញតួលេខអ្នកស្លាប់ជិត ១០ នាក់ ក្នុងមួយថ្ងៃនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដែលកើនឡើងពាក់កណ្តាល បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ។
លោក គង់ រតនៈ សង្កេតឃើញថា ឥរិយាបថធ្វើដំណើរតាមដងផ្លូវរបស់ប្រជាពលរដ្ឋមានសេរីភាពខ្លាំង ជាពិសេសក្រុមយុវជនតែម្តង ដែលបើកបរលឿន និងមិនពាក់មួកសុវត្ថិភាព និងខ្លះទៀត ប្រើប្រាស់គ្រឿងស្រវឹង រួចបើកបរជាដើម ដែលជាកត្តាបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកបន្ថែមថា សមត្ថកិច្ចក៏មានការបន្ធូរបន្ថយ ដោយមិនត្រួតពិនិត្យការធ្វើចរាចរណ៍តាមដងផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះទេ។ លោកជំរុញឱ្យអាជ្ញាធរធ្វើយុទ្ធនាការផ្សព្វផ្សាយតាមដងផ្លូវជាប្រចាំ ដូចជាការលើកស្លាកសញ្ញា និងបដាតាមដងផ្លូវដែលបង្ហាញរូបភាពនៃហានិភ័យ និងផលលំបាកដោយសារការបើកបរលឿន ឬសេពគ្រឿងស្រវឹងរួចបើកបរជាដើមដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋបានឃើញ និងយល់ដឹង និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតមួយទាបបំផុត។
លោកថ្លែងថា៖ «ចុះទម្រាំគាត់ជាអាជ្ញាធរ គាត់គ្រាន់តែស្រែកសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពាក្យមួយម៉ាត់តែប៉ុណ្ណឹង អត់មានប្រសិទ្ធភាពក្នុងការកែប្រែឥរិយាបថរបស់មនុស្សទេ។ អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំនៅតែទាមទារថា ឱ្យមានការធ្វើជាប់ជាប្រចាំហើយឱ្យដល់គោលដៅ អ្នកដែលត្រូវទទួលចំណេះដឹងហ្នឹងទៀតផង»។
លោកក៏ស្នើឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នដោយផ្ទាល់ ព្រោះថា ការសប្បាយដោយភ្លេចខ្លួន គឺអាចបង្កជាទុក្ខលំបាក និងប៉ះពាល់អាយុជីវិត។
លោកប្រាប់វីអូអេថា៖ «តម្លៃនៃជីវិតគឺមិនអាចគិតគូរជាលុយជាកាក់ទេ។ អត់មានពីណាយកលុយទៅទិញជីវិតបានទេ។ អ៊ីចឹងការបាត់បង់នេះ គឺជាការខាតបង់ដ៏ធំមួយរបស់ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ។ អ៊ីចឹងសម្រាប់ខ្ញុំ យុទ្ធនាការហ្នឹងគឺត្រូវតែធ្វើការអប់រំផ្សព្វផ្សាយត្រូវតែធ្វើ ហើយប្រជាពលរដ្ឋ ត្រូវតែស្វែងរកវិធីសាស្ត្រដើម្បីធ្វើម៉េចឱ្យខ្លួនឯងមានសុវត្ថិភាពរាល់ពេលធ្វើដំណើរទាំងអស់គ្នា»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាពក៏កត់សម្គាល់ស្រដៀងគ្នានេះផងដែរ។ លោកថា កត្តាចម្បងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការយកដងផ្លូវសាធារណៈសម្រាប់ការកម្សាន្ត ដូចជាជះទឹក ប៉ាតម្សៅ និងបើកបរខ្វះការប្រុងប្រយ័ត្នជាដើម។
លោកប្រាប់វីអូអេនាថ្ងៃពុធនេះថា៖ «បើសិនជាយើងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍បាន [គឺ]អាចកាត់បន្ថយការខាតបង់របស់ពលរដ្ឋ [និង]អាចកាត់បន្ថយការខាតបង់របស់រដ្ឋដែរ»។
លោកបន្ថែមថា អាជ្ញាធរត្រូវតែពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ដោយមិនគួរលើកលែងនៅថ្ងៃបុណ្យនោះទេ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនបែបនេះ៕