អ្នក​តាមដាន​បារម្ភ​ដំណោះស្រាយ​នយោបាយ​មិន​ទៅ​មុខ ក្រោយ​អាជ្ញាធរ​បដិសេធ​មិន​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មន្រ្តី​បក្ស​ប្រឆាំង

រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់លាបថ្នាំពី​លើ​ស្លាកសញ្ញាគណបក្សនេះនៅឯទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ ​កាល​ពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយ​មាន​ការ​បដិសេធ​មិន​ផ្តល់​សិទ្ធិ​នយោ​បាយ​ដល់​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​រូប មន្រ្តី​សិទ្ធិ​មនុស្ស​និង​អ្នក​វិភាគនៅ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​លម្ហ​សេរីភាព​នយោបាយ​កាន់​តែ​រឹត​ត្បិត និង​ដំណោះ​ស្រាយ​នយោបាយ​មិន​ទៅ​មុខ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។

កាល​ពី​សប្តាហ៍​មុន អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា​ក្រសួងមិន​អាច​អនុម័ត​សំណើសុំ​នីតិ​សម្ប​ទា​នយោបាយ​ឡើង​វិញ​ចំពោះ​លោក ​ជូង ជូងី អតីត​សមាជិកគណបក្ស​សង្រ្គោះ​ជាតិ និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង និង​លោក ញឹម គឹមញ៉ុល អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ដោយ​មូលហេតុ​ថា​អ្នក​ទាំង​ពីរនៅ​ជាប់​បណ្តឹង​តុលា​ការ។ នេះ​ជា​ករណី​បដិសេធ​ការ​សុំ​សិទ្ធិ​នយោបាយ​លើក​ដំបូង​ចំពោះ​អតីត​មន្រ្តី​មក​ពី​គណ​បក្ស​ប្រឆាំង ខណៈ​មន្រ្តី​បក្ស​ប្រឆាំង​ជាង​២០​នាក់​ក្នុង​ចំណោម​១១៨​នាក់​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ បាន​ស្នើ​សុំ​សិទ្ធិ​នយោបាយ ហើយ​ពួកគេ​ត្រូវ​បាន​ផ្តល់​ឲ្យ ដោយ​មិន​មាន​ការ​សួរ​នាំ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ប្រាប់​VOA ​ថា​ការ​បដិសេធមិន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​លោក ជូង ជូងី និង​លោក ញឹម គឹម​ញ៉ុល​ជា​ការ​បង្ហាញ​ទៅ​អតីត​សមាជិក​គណបក្ស​ប្រឆាំងដទៃ​ទៀត ដែល​កំពុង​រង​បទ​ចោទ​ប្រកាន់​ពី​តុលា​ការ​ឬ​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នៅ​តុលា​ការ ថា​ពួកគេ​មិន​អាច​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ទេ ដោយ​សារ​នៅ​ជាប់​បណ្តឹង​នៅ​តុលាការ។ លោកបន្ថែម​ថា​គួរ​មាន​ការ​វែក​ញែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​នីតិ​វិធី​តុលាការ និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ។

លោក​ថ្លែង​ថា​៖ «អា​រឿង​នីតិ​វិធី​របស់​តុលា​ការ​វា​ជា​រឿង​មួយ។ ប៉ុន្តែ​ទាក់​ទង​នឹង​សិទ្ធិ​ធ្វើ​នយោបាយ វា​ជា​រឿង​មួយ​ផ្សេង​គ្នា។ ប៉ុន្តែ​បើ​សិន​ជា​គាត់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ហ្នឹង​គាត់​អនុវត្ត​ខុស​ច្បាប់ អាហ្នឹង​យើង​អនុវត្ត​តាម​វិធានការ​ផ្លូវ​ច្បាប់​ទៅ។ ហើយ​បើ​សិន​ជា​គាត់​មាន​សំណុំ​រឿង​តុលាការ​អា​ហ្នឹង​អនុវត្ត​តាម​ផ្លូវ​តុលាការ។ អញ្ចឹង​ខ្ញុំ​គិត​ថា​វា​ខុស​គ្នា​អញ្ចឹង​ណា»។

លោក​ អំ សំអាត​ ក៏​បាន​ជំរុញការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ណា​មួយពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​នីតិ​សម្បទា​នយោបាយ​ដល់​អតីត​មន្រ្តី​និង​សកម្មជន​នយោបាយ​ដែល​បាន​បាត់បង់​សិទ្ធិ​នយោបាយ​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​បញ្ចៀស​ការ​រិះ​គន់ពី​សាធារណជន។

រូបឯកសារ៖ ប្រជាជនខ្មែរជិះម៉ូតូកាត់ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧។

ចំណែក​អ្នក​ស្រី ចក់ សុភាព នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ប្រាប់​ VOA ​ថា​សង្គម​ស៊ីវិល​ធ្លាប់​សង្កេត​ឃើញ​ការ​តាក់​តែងច្បាប់ ឬ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ ដើម្បី​រារាំង​បុគ្គល​ជា​សកម្មជន​នយោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ពួកគេ។

អ្នកស្រីបន្ថែម​ថា​ទោះ​បី​ជា​មាន​ការ​ដាក់​ចេញ​ជា​វិធាន​ការ​ផ្លូវ​ច្បាប់ដូចជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ស្នើ​សុំ​សិទ្ធិ​នយោបាយ​មួយ ការ​បដិសេធនៅ​តែ​អាច​មាន​ចំពោះ​បុគ្គល​មួយ​ចំនួន​ផង​ដែរ ដោយ​សារ​ប្រវតិ្ត​សកម្មភាពរបស់​ពួក​គេ។

អ្នក​ស្រី​ថ្លែងថា៖ «យើង​ឃើញ​ថា​នៅ​ក្នុង​ករណី​ចុង​ក្រោយ​នេះ​ហាក់​ដូច​ជា​មាន​ការ​កំណត់​គោល​ដៅ​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​យើង​ដឹង​ហើយ​កន្លង​មក​ដូចជា​ករណី​លោក ជូង ជូងី​ហ្នឹង។ លោក​ជា​មេធាវី​ផង​ដែល​តំណាង​ឲ្យ​ករណី​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស ឬ​ក៏​តំណាង​ឲ្យ​សមាជិក​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែរ។ អញ្ចឹងយើង​ឃើញ​ថា ករណី​គាត់​កន្លង​មក​ដូច​ថា​គាត់​ត្រូវ​បាន​ទទួល​បាន​រហ័ស​នាម​មួយ​ថា​មេធាវី​ការពារ​ក្តី​មិន​ដែល​ឈ្នះ​ហ្នឹង​ចា។ អញ្ចឹង​ជា​ទិដ្ឋភាព​មួយ​ដែល​ថា​ការ​បដិ​សេធ​ហ្នឹង​សកម្មភាព​គាត់​កន្លង​មក ដែល​គាត់​សកម្ម​នៅ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​របស់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ហ្នឹង»។

លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ បាន​ថ្លែង​ប្រាប់​ VOA ​ថា ​ការ​បដិសេធ​មិន​ផ្តល់​សិទ្ធិ​នយោបាយ​ឡើង​វិញ​អាច​ធ្វើ​ឲ្យ​អ្នក​នយោបាយ ឬ​សកម្ម​ជន​នយោបាយ​ផ្សេង​ទៀត រារែក​ពី​ការ​ស្នើ​សុំ​សិទ្ធិ​នយោ​បាយ​ឡើងវិញ ឬ​ពន្យារ​ពេល​ក្នុង​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយ។ លោក​បន្ថែម​ថា​លម្ហ​នយោបាយ​នៅ​ក្នុង​ប្រទេស​អាច​បន្ត​ជាប់​គាំង​បន្ថែម​ទៀត​ប្រសិន​បើ​និន្នាការ​ច្រាន​ចោល​ការ​ស្នើ​សុំ​សិទ្ធិ​នយោបាយ បន្ត​កើត​មាន​ចំពោះ​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត​នា​ពេល​ខាង​មុខ។

លោក​បញ្ជាក់​ថា៖ «ចរន្ត​នេះ​ប្រសិន​បើ​តុលាការ ឬ​រដ្ឋាភិបាល​មិន​ទម្លាក់​បទ​ចោទ លើក​លែង​ឲ្យ​គាត់​ចូល​ធ្វើ​នយោបាយ​វិញ បាន​ន័យ​ថា​ចរន្ត​នយោបាយ​នៅ​កម្ពុជា​វា​ជាប់​គាំង​ហើយ​ចង់​និយាយ​ថា​វា​អត់​មាន​ការ​ស្រុះ​ស្រួល​គ្នា​រវាង​អ្នក​នយោ​បាយ​និង​អ្នក​នយោបាយ​ទេ។ វា​អាច​ជា​នយោបាយ​មួយ​ប្រឈម​មុខ​ដាក់​គ្នា​ហើយ​មិន​អាច​ឈាន​ទៅ​ដល់​ការ​ត្រូវ​រ៉ូវ​គ្នា​នៅ​ក្នុង​រូបភាព​នេះ​ទេ​បាទ»។

រូប​ឯកសារ៖ លោក​ ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/ VOA)

លោក ជូង ជូងី អតីត​សមាជិកគណបក្ស​សង្រ្គោះ​ជាតិ បាន​បដិសេធ​សុំ​មិន​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹងសេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ហើយ​ទុក​ឲ្យ​សាធារណជន​ជា​អ្នក​វិនិច្ឆ័យ​លើ​បញ្ហា​នេះ។

លោក​បាន​ថ្លែង​ថា៖ «អត់​មាន​អី​អត្ថាធិប្បាយ​ទេ ទុក​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​សុភ​វិនិច្ឆ័យ​របស់​គេ​ចុះ។ គេ​យល់​ថា​ធ្វើ​យ៉ាង​ម៉េច​ត្រូវ មហាជន​ជា​អ្នក​វិនិច្ឆ័យ​ពី​លើ​ក្រសួង​មហាផ្ទៃ​ទៅ​ទៀត»។

លោក ​ជូង ជូងី ​បាន​រង​បទ​ចោទ​ប្រកាន់ពី​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ ២០១៨ តាម​ការ​លើកឡើងរបស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស។ នេះ​ជា​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដាក់​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប)។

ចំណែក​លោក ញឹម គឹមញ៉ុល អតីត​សមាជិក​បក្ស​ប្រឆាំង​ដែល​ជាប់​បណ្តឹង​រឿង​គាំទ្រ​គម្រោង​វិល​ចូល​ប្រទេស​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩ ក៏​បាន​បដិសេធ​មិនអត្ថា​ធិប្បាយ​នៅ​ថ្ងៃ​ចន្ទ​នេះ លើ​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប្រាប់​ VOA ​ថា ​មន្រ្តី​បក្ស​ប្រឆាំង​អាច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ប៉ុន្តែ​ករណី​អ្នក​ជាប់​បណ្តឹងនៅ​តុលាការ មិន​អាច​ទទួល​បាន​សិទ្ធិ​នយោបាយ​ទេ លុះ​ត្រា​តែ​មាន​ការ​ដោះ​ស្រាយ​បណ្តឹង​តាម​ផ្លូវ​តុលាការ​ជា​មុន​សិន៕