អ្នក​ឃ្លាំ​មើល៖ មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រំដែន​កើត​ឡើង​ចំពេល​ពលរដ្ឋ​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ

រូបឯកសារ៖ ស្ត្រីម្នាក់ធ្វើដំណើរតាមស៊ីក្លូនៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

អ្នក​ឃ្លាំមើល​សង្គម​កម្ពុជា​បាន​កត់​សម្គាល់​ថា​ ការ​បង្កើត​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​បណ្តោយ​ព្រំដែន​ជា​ស្មារតី​ជាតិ​និយម​មួយ​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​ តែ​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រជា​ពលរដ្ឋ​ដែល​មិន​គាំទ្រ​គម្រោង​ CLV-DTA ​ហើយ​ថា ការ​បង្កើត​មូលនិធិ​នេះ​កើត​ឡើង​ចំ​ពេល​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក។​

មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​នៅ​តាម​ព្រំដែន​ដែល​ផ្តោត​លើការ​កសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​ម៉ាណែត​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​សីហា​ គឺ​ក្នុង​ពេល​លោក​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ពិសេស​មួយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​អំពី​ «សមិទ្ធ​ផល ​១ ​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧»។​

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និង​សង្គម​ លោក​ ស៊ឹង​ សែនករុណា​ ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​អូស្រ្តាលី​ ប្រាប់​វីអូអេ​ថា ​ការ​បង្កើត​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​បណ្តោយ​ព្រំដែន​គឺ​ជា​ការ​ដោះស្រាយ​មួយ ​ដែល​មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ឱ្យ​លុប​ចោល​គម្រោង​ CLV-DTA ​ ហើយ​ថា​ ការ​ជំរុញ​ឱ្យ​មាន​ដំណើរ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំ​ដែន​នេះ​ទៀត​សោត ​គឺ​ជា​កាតព្វ​កិច្ច​របស់​រដ្ឋាភិបាល​ ដែល​មិន​គួរ​ក្លាយ​ជា​បន្ទុក​របស់​ពលរដ្ឋ​ក្នុង​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​មិន​សូវ​មាន​កំណើន​ខ្លាំង​នៅ​ឡើយ។​

បើ​តាម​អ្នក​ឃ្លាំមើល​រូប​នេះ​ អ្នក​ឧកញ៉ា​ និង​លោក​ឧកញ៉ា​ និង​អ្នក​ជំនួញ​ផ្សេង​ទៀត​ចូល​រួម​ផ្តល់​ថវិកា​ដល់​មូលនិធិ​នេះ​ក្នុង​ចំនួន​ដ៏​ច្រើន​ធៀប​នឹង​ពលរដ្ឋ​ទូទៅ​ គឺ​ដោយ​សារ​តែ​ពួកគេ​ខ្លាច​រងការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា​ ប្រឆាំង​នឹង​គម្រោង​ CLV-DTA។​

លោក​ថ្លែង​ថា៖​ «អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​ឃើញ​ក្នុង​កាលៈ​ទេសៈ​នេះ​ ប្រជា​ពលរដ្ឋ​យើង​ និង​មន្ត្រី​រាជការ​មួយ​ចំនួន​ហ្នឹង​ ក៏​មិន​ទាន់​មាន​ជីវភាព​អីល្អ​ប្រើ​សើរ​អី​ដែរ​ក្នុង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​កំពុង​តែ​ធ្លាក់​ដុនដាប​អី​នេះ»។

កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀតណាម​ CLV-DTA​ បាន​ក្លាយ​ជា​ចំណុច​រសើប​មួយ​ក្នុង​នយោបាយ​កម្ពុជា​នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ដោយ​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ព្រម​ទាំង​អតីត​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដែល​ភៀសខ្លួន​ចេញពី​ប្រទេស​ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​បាត់​បង់​បូរណ​ភាព​ទឹក​ដី​ទៅ​ភាគី​វៀតណាម​ ហើយ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​តំបន់​ត្រីកោណ​នេះ។​

ប៉ុន្តែ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អះអាង​ថា ​កម្ពុជា​មិន​ទទួល​រង​ការ​ខាត​បង់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ តែ​បាន​ទទួល​មក​វិញ​នូវ​កំណើន​សកម្ម​ភាព​ពាណិជ្ជ​កម្ម ​សេដ្ឋ​កិច្ច ​និង​ទេស​ចរណ៍​ ដែល​បាន​ជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភាគ​ឦសាន​ប្រទេស​គឺ​ ខេត្ត​ក្រចេះ​ ស្ទឹងត្រែង​ រតនៈ​គិរី​ និង​មណ្ឌលគិរី ​ដែល​ស្ថិត​ក្នុង​ក្នុង​តំបន់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នោះ។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​តាម​ទូរសព្ទ​លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ ថ្លែង​ថា គម្រោង​កសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​គឺ​មិន​ទាន់គ្រប់​គ្រាន់​ទេ ​ពោល​គឺ​រដ្ឋាភិបាល​គួរតែ​គិត​គូរ​បន្ថែម​ទៀត​លើ​ការ​កសាង​របង​ព្រំដែន។ ​លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ប្រើ​កញ្ចប់​ថវិកា​ជាតិ ​និង​ចំណូល​ប្រមូល​បាន​ពី​ពន្ធ​នានា​ យក​ទៅ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​បណ្តោយ​ព្រំដែន ​ជា​ជាង​ការ​ប្រមូល​មូលនិធិ​ពី​ប្រជា​ពលរដ្ឋ​ដែល​អាច​ក្លាយ​ជា​សម្ពាធ​មួយ​លើ​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ដែល​កំពុង​តែ​រង​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ពិភពលោក​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ។​

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​គម្រោង​កសាង​ឱ្យ​បាន​ច្បាស់​លាស់​មាន​ដូចជា​ប្រវែង​ផ្លូវ​ ទំហំ​ឬ​តួលេខ​ចំណាយ ​និង​ការ​ចាត់​ចែង​មូលនិធិ​ដើម្បី​បង្ហាញ​ពី​តម្លា​ភាព​និង​គណនេយ្យ​ភាព​នៃ​ការ​អនុវត្ត​កញ្ចប់​ថវិកា​របស់​មូលនិធិ​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​នេះ។​ លោក​បន្ត​ថា​ រូប​មន្ត​កសាង​ស្មារតី​ជាតិ​និយម​មិន​អាស្រ័យ​លើ​ការ​បង្កើត​គម្រោង​រៃ​អង្គាស​ប្រាក់​ពី​ពលរដ្ឋ​នោះ​ទេ ​ប៉ុន្តែ​វា​អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ​ត្រូវ​ធ្វើ​ជា​គម្រូ​ល្អ​ ហើយ​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ពលរដ្ឋ​ ឬ​យុវជន​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រឈម​របស់​ជាតិ។​ ​

លោក​ថ្លែង​ថា៖​ «គ្រាន់​តែ​បញ្ចេញ​មតិ​ បញ្ចេញ​ទស្សនៈ ​សម្តែង​កង្វល់​អំពី​បញ្ហា​បូរណ​ភាព​ទឹក​ដី​ អំពី​បញ្ហា​អធិប​តេយ្យ​ភាព​នៃ​ប្រទេស​ជាតិ​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​អី​សព្វ​បែប​យ៉ាង​ហ្នឹង។​ ទោះ​បី​បង្កើត​គម្រោង​នេះ​គម្រោង​នោះ​បង្ហាញ​ថា​ ជាតិ​និយម ​ឬ​មួយ​ការ​បង្កើត​ឱ្យ​មាន​ការ​សាមគ្គី​ហ្នឹង​ យើង​ឃើញ​ស្រាប់​ហើយ​ថា ​មិន​អាច​ទៅ​រួច​ទេ​បាទ»។​

ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​ប្រកាស​បង្កើត​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​បណ្តោយ​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​ ២៦ ​ខែ​សីហា ​ឆ្នាំ ​២០២៤ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​ចូល​រួម​ចំណែក​ដោយ​ផ្ទាល់​ជា​មួយ​រដ្ឋា​ភិបាល ​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់​តែ​រឹង​មាំ​និង​ប្រកប​ដោយ​ចីរភាព​ រួមទាំង​ការពារ​អធិប​តេយ្យ​ជាតិ​ និង​បូរណភាព​ទឹក​ដី។​

ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក ​រស់ សុថា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​រៃ​អង្គាស​នេះ​ចាំបាច់​ត្រូវ​មាន​គណៈ​កម្មការ​ដើម្បី​រៀបចំ​ការ​គ្រប់គ្រង​ថវិកា​ឱ្យ​មាន​តម្លាភាព​ និង​ប្រសិទ្ធ​ភាព។​

លោក​ថ្លែង​ថា៖​ «ហើយ​បើសិន​ជា​យើង​មាន​គណៈ​កម្មការ​មួយ ​គណៈកម្មការ​ចម្រុះ​មួយ​ដែល​មាន​សមត្ថ​ភាព​ឯករាជ្យ​គ្រប់គ្រង​ធនធាន​ហ្នឹង​ឱ្យ​យើងប្រើ​ប្រាស់់​ ឱ្យ​យើង​មាន​ផែនការ​ច្បាស់​លាស់​ដែល​យើង​ធ្វើ​អ្វី​ខ្លះ។​ ឥឡូវ​ថវិកា​រដ្ឋ​នឹង​មាន​ប៉ុន្មាន។​ ឥឡូវ​យើង​ខ្វះ​ខាត​ថវិកា​ពី​ខាង​ក្រៅ​ប៉ុន្មាន​ទៀត»។​

ព័ត៌មាន​ទាក់ទង៖ រដ្ឋាភិបាល​បញ្ចេញ​ឯកសារ​គម្រោង​ CLV​ ឆ្លើយ​តប​នឹង​មន្ទិល​របស់​ពលរដ្ឋ

គិត​ចាប់​តាំង​ពី​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​អំពី​ការ​បង្កើត​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​ ​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​ចាប់​ផ្តើម​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​របស់​ពួក​គេ​ចូល​ក្នុង​មូលនិធិ​នោះ​ ដោយ​មាន​ចំនួន​ចាប់​ពី​ ២០០០ ​រៀល​រហូត​ដល់​ខ្ទង់​លាន​ដុល្លារ។​

អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​លោក ​ប៉ែន បូណា ​ប្រាប់​វីអូអេ​ថា​ សន្ទុះ​នៃ​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ គឺ​ដូច​ជា ​«ទឹក​បាក់​ទំនប់» ​ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ប្រជាជន​ខ្មែរ​ដ៏​ច្រើន​លើស​លប់​គាំ​ទ្រ​រាជ​រដ្ឋាភិបាល​ និង​រួម​ដំណើរ​ជា​មួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន។ លោក​បន្ត​ថា ​កម្លាំង​នៃ​ការ​គាំទ្រ​បង្ហាញ​ថា​ អ្វី​ដែល​រដ្ឋាបាល​បាន​ធ្វើ​ជា​យូរ​មក​ហើយ​នោះ​ពិត​ជា​ត្រឹម​ត្រូវ​ និង​ស្រប​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​ការ​ការពារ​បូរណ​ភាព​ទឹក​ដី។​

លោក​ថ្លែង​ថា៖​ «ហើយ​ចំពោះ​ការ​រិះ​គន់​របស់​មនុស្ស​មួយ​ចំនួន​តូច​ ជា​ពិសេស​ក្រុម​ប្រឆាំង​ជ្រុល​និយម​ហ្នឹង​វា​អត់​មាន​អី​ចម្លែក​ទេ​ ពី​ព្រោះ​ជា​ទម្លាប់​របស់​ពួក​គេ​ទៅ​ហើយ​ដែល​ប្រឆាំង​រដ្ឋា​ភិបាល​គ្រប់​រឿង ​រាប់​ទាំង​ប្រឆាំង​ប្រយោជន៍​ជាតិ​ផង​ដែរ។ ​កាល​ណា​រដ្ឋាភិបាល​ធ្វើ​អ្វី​ក៏​ខុស​ដែរ អ៊ីចឹង​ទុក​ឱ្យ​ពួក​គាត់​ប្រឆាំង​ទៀត​ចុះ!​ សំខាន់​នៅ​ត្រង់​ថា​ ប្រជា​ពលរដ្ឋ​ដែល​បរិច្ចាគ​ពេល​នេះ​គឺ​អត់​មាន​អី​ប៉ះ​ពាល់​ជីវ​ភាព​ក្នុង​ស្ថាន​ភាព​លំបាក​អី​ដូច​ដែល​គេ​លើក​ឡើង​ទេ។​ សូម​បញ្ជាក់​ថា​ មូលនិធិ​នេះ​កើត​ឡើង​ដោយ​សារ​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ»។​

លោក​បន្ថែម​ថា​ ក៏​ពុំ​មាន​បញ្ហា​ខ្វះ​តម្លាភាព​កើត​ឡើង​ដែរ​ ព្រោះ​ពលរដ្ឋ​បាន​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ដោយ​សារ​តែ​រដ្ឋាភិបាល​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​ និង​ចាយ​វាយ​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ចំគោល​ដៅ​នៃ​ការ​ចំណាយ។​

បើ​តាម​លោក ​ប៉ែន បូណា រដ្ឋា​ភិបាល​តែង​តែ​បាន​បង្ហាញ​នូវ​តម្លា​ភាព​លើ​កិច្ច​ការ​របស់​ខ្លួន​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ជាសាធារណៈ​នៅ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ដូច​ជា​ហ្វេសបុក ​និង​តេឡេក្រាម​ជា​ដើម៕​