អ្នកតាមដានមួយចំនួនបានចោទសួរអំពីសមត្ថភាព និងគុណសម្បត្តិរបស់អ្នកដែលចាកចេញពីគណបក្សជំទាស់ ហើយទទួលបានតំណែងនិងតួនាទីខ្ពស់ៗក្នុងស្ថាប័នរដ្ឋ នៅពេលពួកគេចុះចូលជាមួយគណបក្សកាន់អំណាច។
ការលើកឡើងរបស់អ្នកតាមដាន ធ្វើឡើងក្រោយមានមន្ត្រី និងសកម្មជនរបស់គណបក្សភ្លើងទៀនជាបន្តបន្ទាប់បាននាំគ្នាចាកចេញពីគណបក្សមួយនេះ។
សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថាការផ្តល់តួនាទីដែលមិនសមនឹងសមត្ថភាព មិនត្រឹមតែប៉ះពាល់ដល់បុគ្គលដែលទទួលបានតំណែងទេ ប៉ុន្តែប៉ះពាល់ដល់គណបក្សកាន់អំណាចផងដែរ។ បើតាមសាស្ត្រាចារ្យរូបនេះគណបក្សកាន់អំណាចត្រូវតែឆ្លើយចំពោះការរិះគន់នេះ ដើម្បីបញ្ចៀសការធ្លាក់ចុះឥទ្ធិពលរបស់ខ្លួន ហើយក៏ជាការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋផងដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថាវាប៉ះពាល់ទៅលើទាំងពីរ ទាំងស្ថាប័នរដ្ឋ ឬក៏ស្ថាប័នសាធារណៈ ដែលទទួលថវិកាជាតិហ្នឹង។វាអាចប៉ះហើយ ប្រសិនបើឥស្សរជនហ្នឹង គាត់ពុំមានភាពសកម្មជន ឬក៏សមត្ថភាពសមស្របទៅនឹងមុខតំណែង តួនាទីដែលគណបក្សកាន់អំណាចផ្តល់ឱ្យទី១។ទី២ក៏វាប៉ះពាល់ទៅនឹងគណបក្សកាន់អំណាចខ្លួនឯងដែរ នៅក្នុងការប្រើប្រាស់ធនធានមនុស្ស ដែលគេហៅថាពុំអាចជួយប្រជាពលរដ្ឋបានតាមឆន្ទៈឬក៏សេចក្តីត្រូវការពលរដ្ឋ។
អ៊ីចឹងគេអាចឆ្លុះបញ្ចាំងមើលពីសមត្ថភាពនៃការដឹកនាំរបស់អ្នកនយោបាយ និងគណបក្សនយោបាយដែរ»។
នៅពេលនិយាយពីការចុះចូលរបស់មន្ត្រីគណបក្សភ្លើងទៀនជាហូរហែ លោក ឯម សុវណ្ណារ៉ា អះអាងថាវាពាក់ព័ន្ធជាមួយយុទ្ធសាស្ត្រ IF(Isolate and Finish) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសំដៅលើការដាក់ឱ្យនៅ ឯកា និងបញ្ចប់។ ប៉ុន្តែលោកថាវាមិននាំផលចំណេញដល់ជាតិទាំងមូលឡើយ ខណៈលើកឡើងពីការបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន លើកឡើងថាតំណែងទាំងនោះធ្វើឡើងស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីពង្រឹងនូវឯកភាពជាតិ និងសាមគ្គីភាពជាតិ។
លោកថ្លែងថា៖ «ដូច្នេះតំណែងមួយចំនួន គឺអត់មានឆ្លើយតបពីវិជ្ជាជីវៈទេ។ សូម្បីតែតំណែងចៅក្រម តំណែងដទៃទៀតហ្នឹងគឺសុទ្ធតែស្ថិតនៅក្នុងកូតា។ អានេះយើងធ្លាប់ធ្វើតាំងពីដើមទីមកហើយ»។
កាលពីពេលថ្មីៗនេះ ក្រោយការចាកចេញពីគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា អតីតសមាជិកគណបក្សភ្លើងទៀន បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងជាទីប្រឹក្សាអមក្រសួងអប់រំ យុវជន និងកីឡា ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើយោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ចំណែកលោក ស ឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ ក្រោយការប្រកាសលាឈប់ពីគណបក្សភ្លើងទៀន ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីលោកបានប្រកាសតាមបណ្ដាញសង្គមអំពាវនាវឱ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌ជាមួយនឹងរូបលោក។
លោកបានបដិសេធមិនអត្ថាធិប្បាយ នៅពេលវីអូអេទាក់ទងទៅ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថាការតែងតាំងមុខតំណែងក៏ដូចជាតួនាទីផ្សេងៗនៅក្នុងស្ថាប័នរដ្ឋ វាជាសិទ្ធិសម្រេចរបស់គណបក្សកាន់អំណាច។ ប៉ុន្តែលោកជំរុញឱ្យគណបក្សកាន់អំណាចពិចារណាទៅលើសមត្ថភាពនិងគុណវឌ្ឍន៍ មុនសម្រេចផ្តល់តួនាទីដល់បុគ្គលណាមួយនៅក្នុងស្ថាប័នរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថាតួនាទីដែលជាបច្ចេកទេសជំនាញ មិនមែនជាតួនាទីនយោបាយ គួរតែបំពេញតួនាទីរបស់ខ្លួនឱ្យសមស្រប ឱ្យបានត្រឹមត្រូវ ដោយបម្រើទៅដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ហើយធ្វើកិច្ចការងារនេះដោយកុំយកតួនាទីហ្នឹងទៅភ្ជាប់ជាមួយនឹងគណបក្សនយោបាយរបស់ខ្លួន»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថាបើសិនពួកគេទាំងនោះទទួលបានតំណែងមិនសមនឹងសមត្ថភាពរបស់ខ្លួនពិតមែន លោកថាវាជាការខាតបង់ថវិកាជាតិ ព្រមទាំងធ្វើឱ្យអ្នកមានសមត្ថភាពពិតប្រាកដមិនពេញចិត្ត។
លោកបញ្ជាក់ថា៖ «អាចការសម្រេចចិត្តរបស់គាត់មិនបានត្រឹមត្រូវនៅក្នុងការជួយទៅដល់ការអភិវឌ្ឍជាតិ និងការអភិវឌ្ឍប្រទេសរបស់យើង»។
នៅក្នុងករណីទទួលបានតំណែងរដ្ឋាភិបាលមួយទៀត ក្រោយជាប់ពន្ធនាគារបានមួយរយៈពេលខ្លី លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អតីតសកម្មជនគណបក្សប្រឆាំង បានសុំទោស និងទទួលស្គាល់កំហុស ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រមាថព្រះមហាក្សត្រ កាលពីកន្លងទៅ។ ពួកគេទាំងពីរនាក់ត្រូវបានដោះលែង ហើយក៏បានចុះចូលជាមួយគណបក្សកាន់អំណាច ហើយបន្ទាប់មក លោក ស៊ីណន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ។ ចំណែកលោក ហ៊ុន កុសល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាក្រសួងរៀបចំដែនដី។
លោក យឹម ស៊ីណន ប្រាប់វីអូអេថារដ្ឋាភិបាលបានផ្តល់ឱកាសឱ្យលោក ដើម្បីបម្រើប្រជាពលរដ្ឋ។ ប៉ុន្តែលោកក៏មានការព្រួយបារម្ភពីតំណែងដ៏ធំមួយនេះដែរ។
លោកថ្លែងថា៖ «ខ្ញុំនៅតែយល់ឃើញថាតួនាទីនេះគឺជាឱកាសដែលផ្តល់ឱ្យខ្ញុំ ដើម្បីបម្រើប្រជាពលរដ្ឋខ្មែរ ជាពិសេសផ្តោតទៅលើកម្មករ កម្មការិនី ពលករក្រៅប្រទេស ដែលក្នុងក្របខណ្ឌក្រសួងការងារដែលខ្ញុំអាចរួមចំណែកមួយផ្នែក»។
គួរបញ្ជាក់ថាការចុះចូលរបស់សកម្មជនគណបក្សជំទាស់មួយចំនួន កើតឡើងក្រោយពួកគេត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានចាប់ខ្លួន ឬអ្នកខ្លះជាប់ពន្ធនាគារបានបន្តិច រួចសុំទោសលោកនាយករដ្ឋមន្រ្តី ចំពោះកំហុសឆ្គងរបស់ខ្លួន និងស្នើសុំចូលរួមជាមួយគណបក្សកាន់អំណាច។ ក្រោយដោះលែងពីពន្ធនាគារ ពួកគេត្រូវបានផ្តល់តំណែងក្នុងរដ្ឋាភិបាល៕