អ្នកវិភាគនិងអ្នកជំនាញនយោបាយនៅប្រទេសកម្ពុជា ថ្លែងនៅថ្ងៃច័ន្ទនេះថា ការស្នើសុំសិទ្ធិធ្វើនយោបាយរបស់អតីតសមាជិកកំពូលៗនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ នឹងមិនមានទម្ងន់គ្រប់គ្រាន់ ដើម្បីស្តារដំណើរការប្រជាធិបតេយ្យនៅកម្ពុជាទេ។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពនយោបាយថ្មីរបស់ក្រុមអតីតសមាជិកគណបក្សសង្គ្រោះជាតិទាំងនោះ អាចធ្វើឲ្យចលនាប្រជាធិបតេយ្យចុះថមថយហើយពិបាកទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។
កាលពីសប្តាហ៍មុន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកបីរូបរបស់គណបក្សសង្គ្រោះជាតិ រួមមានលោក សុន ឆ័យ លោក វ៉ា សាម៉ុន និងលោក តាវ គឹមឈន ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយក្រោមសាលដីការបស់តុលាការកំពូល បានដាក់លិខិតទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអាចធ្វើនយោបាយឡើងវិញ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិអស់រយៈពេលជិត៣ឆ្នាំ។
លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយកម្ពុជាប្រាប់វីអូអេថា ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ គឺជាសិទ្ធិរបស់បុគ្គលរបស់អ្នកនយោបាយ។ ប៉ុន្តែលោកថាប្រសិនអ្នកដែលស្នើសុំសិទ្ធិនយោបាយបានមកវិញ រួចទៅបង្កើតគណបក្សនយោបាយថ្មី ដូចអ្វីដែលអតីតសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនបានធ្វើនោះ នោះគ្រឹះរបស់គណបក្សសង្គ្រោះជាតិនឹងរង្គោះរង្គើទៅបន្តិចម្តងៗ រហូតលែងមានកម្លាំងក្រោកមកតទល់នឹងគណបក្សកាន់អំណាច។
«បើចេញមកហើយ តតាំងឈ្លោះគ្នាបានន័យថា ខាងសង្គ្រោះជាតិក៏មើលមកថា ក្រុមអ្នកចេញមក ជាសត្រូវរបស់គាត់ ហើយខាងណេះ ក៏ចេញមកវាយប្រហារត្រឡប់ទៅវិញនោះអាហ្នឹង ធ្វើឲ្យមានផលលំបាកច្រើនទៅលើចលនាប្រជាធិបតេយ្យនៅពេលខាងមុខដែរ គឺទីចុងបំផុតអ្នកដែលចេញមក ហើយប្រកាសធ្វើគណបក្ស ហើយ ប្រមាថត្រឡប់ទៅមេដើមវិញនោះ ក៏នឹងមិនអាចទៅណារួចបានឆ្ងាយ ហើយទីចុងបំផុត បើរឿងហ្នឹងវានៅតែយូរហើយមានការចេញមកបន្តបន្ទាប់ទៀត វានឹងធ្វើឲ្យជីវិតរបស់សង្គ្រោះជាតិ នៅពេលអនាគត នឹងអាចត្រូវទន់ខ្សោយបន្តិចម្តងៗ រហូតទៅដល់លែងអាចមានកម្លាំងយកមកប្រឈមជាមួយនឹងគណបក្សកាន់អំណាចបាន»។
ស្របពេលនឹងការសុំសិទ្ធិធ្វើនយោបាយរបស់អតីតសមាជិកផ្សេងទៀត លោក អ៊ូ ចន្ទរ័ត្ន អតីតតំណាងរាស្រ្តបក្សប្រឆាំង ដែលមានសិទ្ធិធ្វើនយោបាយចាប់តាំងពីឆ្នាំ២០១៩ លើកឡើងថា លោកកំពុងស្ទង់ទឹកចិត្តអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិថា គួរត្រូវបង្កើតគណបក្សនយោបាយថ្មី ឬ យ៉ាងណា ដោយមិនត្រូវការចាំការបើកផ្លូវពីមេដឹកនាំគណបក្សជំទាស់ គឺលោក កឹម សុខា និងលោក សម រង្ស៊ី។
លោកយល់ថា ការបន្តនៅស្ងាត់ស្ងៀមរបស់ក្រុមអតីតមន្ត្រីនៃគណបក្សជំទាស់ នឹងមិនអាចរកដំណោះស្រាយនយោបាយថ្មីទេ គ្រាដែលគណបក្សជំទាស់កំពុងបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរនោះ។ លោកជឿថា បើសិនក្រុមអតីតមន្ត្រីនៃគណបក្សជំទាស់មិនរកច្រកថ្មីដើម្បីធ្វើនយោបាយទេ នោះរឹតតែផ្តល់ឱកាសឲ្យបក្សកាន់អំណាចបន្តក្តោបក្តាប់អំណាចតែម្នាក់ឯង។
«យើងនៅស្ងៀមក៏ដូចតែយើងជួយរុញទូក គណបក្សកាន់អំណាចហ្នឹង ឲ្យបន្តអំណាចតទៅទៀតហើយ ដូចរឿងអាណតិ្ត២០១៨ ហ្នឹងអ៊ីចឹង យើងអត់មានអី អត់មានធ្វើអីកើតទេ ក្រៅពីប្រគល់អំណាចទាំងស្រុងឲ្យទៅគណបក្សប្រជាជនធ្វើអីតាមចិត្ត ជិះសេះលែងដៃ។ ខ្មែរយើងថា ជិះសេះលែងដៃ»។
អតីតតំណាងរាស្ត្ររបស់គណបក្សជំទាស់លើកឡើងទៀតថា លោកនឹងកសាងទំនាក់ទំនងនយោបាយថ្មី ជាមួយគណបក្សថ្មីៗ ដែលទើបតែបង្កើតឡើងដោយក្រុមអតីតតំណាងរាស្ត្រគណបក្សជំទាស់ ក្នុងនោះ គឺគណបក្សខ្មែរស្រឡាញ់ជាតិរបស់លោកជីវ កត្កា និងលោក កង គឹមហាក់។
មេដឹកនាំគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែលកំពុងស្នាក់នៅក្រៅប្រទេស មិនចង់ឲ្យអ្នកដែលជាប់បម្រាមធ្វើនយោបាយជាង១០០នាក់ សុំការដកបម្រាមពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ដោយចង់ឲ្យមានការលើកបម្រាមសម្រាប់អ្នកនយោបាយទាំងអស់គ្នាតែម្តង ដោយពុំមានការស្នើសុំ។ អ្នកនយោបាយរបស់គណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ រួមមានលោក កឹម សុខា ផងដែរ ត្រូវបានកាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោយតុលាការកំពូលបានរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា យល់ឃើញថា អ្នកនយោបាយដែលសម្រេចចាកចេញពីគណបក្សសង្គ្រោះជាតិ ក្រោយទទួលបានសិទ្ធិនយោបាយឡើងវិញនោះ នឹងមិនជួបជោគវាសនាល្អទេសម្រាប់ជីវិតនយោបាយរបស់ពួកគេ។
«អ៊ីចឹងប្រសិនបើអ្នកដែលចាកចេញពីបក្ស ហើយមកឈរឈ្មោះបោះឆ្នោត មកសុំសិទ្ធិធ្វើនយោបាយវិញហ្នឹង គឺទីមួយប្រឈមនឹងបាត់បង់នូវអតីតភាព និងបាត់បង់នូវតម្លៃនយោបាយ បានន័យថា ការវិនិច្ឆ័យរបស់ពលរដ្ឋទៅលើការចូលនៅក្នុងឆាកនយោបាយទីមួយ។ ទីពីរ គាត់សមាសភាពមួយៗ ដែលលោក សុន ឆ័យ ក៏ដោយ គាត់មានតែប្រជាប្រិយភាព ប៉ុន្តែមិនទាន់មានប្រជាប្រិយភាពគ្រប់គ្រាន់នៅក្នុងការកៀរគរសំឡេងដើម្បីយកសំឡេងនៅក្នុងការបោះឆ្នោតបានទេ»។
លោកបន្តថា ការបង្កើតគណបក្សនយោបាយថ្មី នឹងមិនអាចជាជម្រើសសម្រាប់កែទម្រង់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដូចជាការទាមទាររបស់សហគមន៍អន្តរជាតិ រួមមានសហភាពអឺរ៉ុបនោះទេ។ លោកកត់សម្គាល់ថា ការបង្កើតគណបក្សថ្មី រឹតតែផ្តល់កម្លាំងឲ្យគណបក្សប្រជាជនកេងយកផលចំណេញខាងនយោបាយពីការបោះឆ្នោត។
«បរិយាកាសប្រជាធិបតេយ្យ ខ្ញុំគិតថា ប្រសិនបើស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងឆ្លើយតបទៅនឹងការលើកឡើង ការស្នើសុំរបស់សហគមន៍អឺរ៉ុប អាហ្នឹងខ្ញុំគិតថា អាចមានប្រជាធិបតេយ្យហើយ ហើយប្រសិនបើបុគ្គលមួយៗ ចេញមកធ្វើមកខំបង្កើតបក្សខ្លួនឲ្យច្រើន ដូចយន្តការមុន២០បក្សតែយើងសួរថា ហេតុអីបានជាសហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបគេមិនឲ្យតម្លៃថា អាហ្នឹង ជាប្រជាធិបតេយ្យ? បាទ អាហ្នឹង គឺជាហេតុផលមួយពាក់ព័ន្ធនឹងប្រជាធិបតេយ្យពិតប្រាកដ និងប្រជាធិបតេយ្យគ្រាន់តែជារូបភាព គ្រាន់តែជាឡប់ឡែទៅវិញទេបាទ»។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅឯក្រៅប្រទេសនោះ បានរិះគន់ការស្នើសុំសិទ្ធិធ្វើនយោបាយរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិទាំង៣ខាងលើថា នឹងធ្វើឲ្យក្រុមអ្នកបោះឆ្នោតឲ្យគណបក្សជំទាស់កាលពីឆ្នាំ២០១៣ និង២០១៧ ខកចិត្ត និងផ្តល់ភាពស្របច្បាប់ដល់ការរំលាយគណបក្សជំទាស់។
«មានន័យថា យើងបានធ្វើ។ យើងមានទោស។ យើងមានកំហុសដ៏ធំមួយដែលតុលាការគេកាត់ទោស។ ហើយតុលាការដែលកាត់ទោសដកគណបក្សសង្គ្រោះជាតិ ជាតុលាការរបស់អ្នកណា? ជាតុលាការរបស់លោក ហ៊ុន សែន»។
លោកស្រីបន្ថែមថា អ្នកទទួលបានសិទ្ធិនយោបាយមកវិញនោះ នឹងមិនមានសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនទេ ពោល គឺដូចលោកកឹម សុខា ដែលមានសិទ្ធិដើរហើរក្នុងប្រទេស តែគ្មានសិទ្ធិប្រមូលផ្តុំខាងនយោបាយ។
«ទោះបីគេឲ្យសិទ្ធិហ្នឹងមកវិញក៏ដោយ គេប្រទានសិទ្ធិហ្នឹងមកវិញក៏ដោយ គេមិនឲ្យយើង១០០ភាគរយទេ។ គេដាក់កំណត់ច្បាស់ណាស់ ដូចជាលោកប្រធាន កឹម សុខា ឃើញគេដាក់កំណត់ទេ? ថ្មីៗនេះ តុលាការគេ បានប្រាប់ហើយរំឭកលោកប្រធានទៀតថា កុំឲ្យដើរហួសព្រំដែនហ្នឹង! អត់បានទេ»។
សម្រាប់លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយរូបដែលមិនជាប់បម្រាមមិនឲ្យធ្វើនយោបាយអះអាងថា លោកមិនអាចទៅចូលរួមជាមួយគណបក្សនយោបាយថ្មី ដែលគ្មានការគាំទ្រពីមេដឹកនាំគណបក្ស គឺលោក កឹម សុខា និងលោក សម រង្ស៊ី នោះទេ។ លោកជឿថា គណបក្សថ្មីដែលបង្កើតឡើងដោយគ្មានការគាំទ្រពីមេដឹកនាំនយោបាយជំទាស់ទាំងពីរនេះ នឹងមិនអាចទាក់ទាញចិត្តអ្នកបោះឆ្នោតបានទេ។
«ចាំទាល់យើងមានពេលវេលាណាមួយសមស្រប ហើយមានការឲ្យគេថាឲ្យភ្លើងខៀវ ឬក៏គាំទ្រដោយលោក កឹម សុខា លោក សម រង្ស៊ី ថាហ្នឹងជាឈាមថ្មី ជាអ្នកបន្តវេនរបស់បក្សសង្គ្រោះជាតិ អាហ្នឹងបានយើងជោគជ័យ។ ប៉ុន្តែសម្រាប់គេដែលទៅធ្វើនយោបាយ បើកបក្សបើកអី អាហ្នឹង ជារឿងសិទ្ធិរបស់គេ យើងអត់អាចទៅថា គេ ទៅចោទគេបាន។ ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំដាច់ខាត គឺខ្ញុំនៅជ្រោងដួងព្រលឹងសង្គ្រោះជាតិដដែល»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងបានទទួលលិខិតស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោក សុន ឆ័យ និងអតីតសមាជិកគណៈកម្មាធិការនាយកពីររូបទៀតរបស់គណបក្សជំទាស់។ លោកមានប្រសាសន៍ថា លោកមិនទាន់មានព័ត៌មានថ្មីទៅលើសំណើរបស់អ្នកទាំងបីទេ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក សុន ឆ័យ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បានទេនៅថ្ងៃច័ន្ទនេះ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប បានប្រកាសជាផ្លូវការព្យួរឋានៈអនុគ្រោះពន្ធ គ្រប់មុខទំនិញ លើកលែងសព្វាវុធ (EBA) ចំនួន២០ភាគរយលើផលិតផលនាំចេញមួយចំនួនរបស់កម្ពុជា ដែលមានដូចជាសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងស្ករស។
ការសម្រេចរបស់គណៈកម្មការអឺរ៉ុប ធ្វើឡើងក្រោយពីមានការស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុប ដែលបានរកឃើញថា កម្ពុជាបាន«រំលោភបំពានធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធ» លើសិទ្ធិមូលដ្ឋានជាច្រើន ជាពិសេសការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ ការរំលាយបក្សប្រឆាំង ការហាមឃាត់សកម្មភាពនយោបាយរបស់សមាជិក និងការគាបសង្កត់អង្គការសង្គមស៊ីវិល និងសារព័ត៌មាន៕