ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald J. Trump បានបង្ហើបឲ្យដឹងនាពេលថ្មីៗនេះថា លោកកំពុងពិចារណាជ្រើសរើសសមាជិកព្រឹទ្ធសភារដ្ឋផ្លរីដា (Florida) លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសនៅពេលខាងមុខ ខណៈលោក Rubio ត្រូវគេស្គាល់ថា ជាអ្នកមានជំហរនយោបាយការបរទេសតឹងរ៉ឹងចំពោះប្រទេសចិន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហដ្ឋអាមេរិក។
អ្នកវិភាគ និងអ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជា ផ្តល់ទស្សនៈផ្សេងៗគ្នាថា លោក Rubio ដែលជាអ្នកអភិរក្សនិយមនៅក្នុងគណបក្សសាធារណរដ្ឋអាចជាជម្រើសសមស្របរបស់លោក Trump ដែលអាចដាក់ចេញកម្មវិធីនយោបាយដើម្បីកាត់បន្ថយឥទ្ធិពលចិនក្នុងវិស័យពាណិជ្ជកម្ម និងការទូត។
អ្នកតាមដានភូមិសាស្រ្ដនយោបាយ លោក សេង វណ្ណលី ប្រាប់វីអូអេថា លោក Rubio គឺជាអ្នកប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងចិន ដែលស្របនឹងគោលនយោបាយការបរទេសរបស់លោក Trump ដែលជាអ្នកអភិរក្សនិយមជ្រុលមួយរូបរបស់គណបក្សសាធារណរដ្ឋ ហើយមានចក្ខុវិស័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់អាមេរិកឡើងវិញ ពេលលោកមកកាន់តំណែងប្រធានាធិបតីជាលើកទីពីរ។
លោកថ្លែងថា៖ «បើសិនលោកជារដ្ឋមន្ត្រីការបរទេស។ យើងនឹងឃើញហើយថា លោកជាមនុស្សដែលរាងម៉ឺងម៉ាត់ ហើយរាងតឹងរ៉ឹង ជាពួកដែលចូលចិត្តបុក។ ហើយខ្ញុំគិតថា បើសិនលោក Marco Rubio ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសមែន វាមិនមែនជារឿងចម្លែកទេ សម្រាប់រដ្ឋបាល Trump ដោយសារលោក Marco Rubio ជាពួក hardline [ដែលប្រកាន់តឹងរ៉ឹង] របស់ពួកអភិរក្សនិយម នៅក្នុងគណបក្សសាធារណរដ្ឋ។ ហើយបើយើងមើលអំពីការណ៍ដែលលោកជា បេក្ខជនប្រធានាធិបតីនៅក្នុងគណបក្សសាធារណរដ្ឋ ប្រកួតប្រជែងជាមួយនឹងលោក Donald Trump អាណត្តិទីមួយនោះ យើងឃើញហើយថា លោក Marco Rubio គឺជាមនុស្សដែលរាងមានភាពម៉ឺងម៉ាត់ ជាពិសេសទៅលើគោលនយោបាយប្រឆាំងនឹងចិន»។
លោកមានសុទិដ្ឋិនិយមថា លោក Rubio នឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក បើមើលទៅលើគោលជំហរនយោបាយរបស់លោកជំទាស់នឹងចិន និងការត្រៀមខ្លួនរបស់លោក Trump ក្នុងការប្រជែងពាណិជ្ជកម្មជាមួយចិន និងបណ្តាប្រទេសផ្សេងទៀត ដោយការដំឡើងពន្ធលើទំនិញនាំចូលសហរដ្ឋអាមេរិក ការកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មរបស់អាមេរិកជាមួយនឹងបណ្តាប្រទេសដៃគូ និងការបន្ថយឥទ្ធិពលរបស់ទីក្រុងប៉េកាំង។
បើតាមលោក សេង វណ្ណលី លោក Rubio និងលោក Trump មានអត្តចរិតស្រដៀងគ្នា ដែលអាចរួមដំណើរការងារជាមួយគ្នាបាន។
លោកបន្ថែមថា៖ «ខ្ញុំមិនដឹង លោក Marco Rubio នឹងត្រូវបាន ឯកភាពពីព្រឹទ្ធសភាឬទេ ប៉ុន្តែខ្ញុំគិតថា ដោយសារបច្ចុប្បន្ននេះ យើងមើលហើយឃើញថា គណបក្សសាធារណរដ្ឋក្តោបក្តាប់ទាំងព្រឹទ្ធសភា និងរដ្ឋសភា ដូច្នេះឱកាសដែលលោក Marco Rubio នឹងឡើង វាក៏ខ្ពស់ដែរ ដោយសារតែអត្តចរិតនៃគោលនយោបាយការបរទេសដែលមានទំនោរ ពួក hawkish [ដែលនិយមប្រើឥទ្ធិពលក្នុងទំនាក់ទំនងនយោបាយ] ពួក hardline [ដែលប្រកាន់តឹងរ៉ឹង] របស់ពួកអភិរក្សនិយមរបស់សាធារណរដ្ឋហ្នឹង វាមានអត្តចរិត គាត់មានអត្តចរិតដូចលោក Trump អ៊ីចឹងហើយអាចធ្វើការជាមួយគ្នាបាន»។
ក្រៅពីជំហរប្រឆាំងនឹងចិន លោក Rubio ជាអ្នកស្ថិតក្នុងក្រុមអ្នកធ្វើច្បាប់របស់អាមេរិកដែលបានសហការគ្នាស្នើ «សេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ ២០២៣»។
សេចក្តីព្រាងច្បាប់នេះ មានបំណង «លើកកម្ពស់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្ស និងដើម្បីគោលបំណងផ្សេងៗទៀត» ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយដាក់ទណ្ឌកម្មនានាលើមន្ត្រីរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឲ្យចូលសហរដ្ឋអាមេរិក និងមិនឲ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្រ្ដនយោបាយ ជឿថាលោក Rubio នឹងផ្តួចផ្តើមគំនិតឲ្យមានការដាក់សម្ពាធខ្លះៗមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ ដើម្បីឲ្យមានការស្តារឡើងវិញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោកថ្លែងថា៖ «ថ្វីត្បិតតែបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សវាមិនមែនជាអាទិ ភាពនៃគោលនយោបាយការបរទេសរបស់អាមេរិកក៏ដោយ ក៏ប៉ុន្តែចំពោះលោក Marco Rubio ដោយសារតែលោកជាមនុស្សដែលធ្លាប់ធ្វើការទៅលើរឿងកម្ពុជា ហើយលោកដឹងច្បាស់អំពីស្ថានភាពសិទ្ធិមនុស្ស ដែលខុសអំពីរដ្ឋមន្ត្រីការបទេសមួយចំនួនផ្សេងទៀត។ ខ្ញុំជឿជាក់ថា នៅមានការដាក់សម្ពាធបន្ថែមមិនត្រឹមតែក្នុងវិស័យសេដ្ឋកិច្ចសង្គម នយោបាយទេ បញ្ហាសិទ្ធិមនុស្ស និងការជំរុញឲ្យបើកលម្ហប្រជាធិបតេយ្យក៏ជារបៀបវារៈមួយដែលខ្ញុំគិតថា លោក Marco Rubio នឹងលើកឡើងជាពិសេសនៅក្នុងទំនាក់ទំនងរវាងកម្ពុជា ជាមួយអាមេរិក»។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាត្រូវបានគេវាយតម្លៃថា មានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៨ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាផ្តើមការបង្ក្រាបលើអង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មានឯករាជ្យ ក្រុមជំទាស់ និងអ្នករិះគន់រដ្ឋាភិបាល។ កាលពីឆ្នាំ ២០១៧ គណបក្សជំទាស់ដ៏ធំមួយ គឺគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោល។
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានបង្ហាញក្តីរីករាយក្នុងប្រព័ន្ធទំនាក់ទំនងសង្គម X ចំពោះដំណឹងដែលលោ កRubio នឹងអាចក្លាយជារដ្ឋមន្ត្រីការបរទេស ដោយសារលោកបានជួយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាច្រើនឆ្នាំមកហើយ។ កញ្ញារំពឹងទៅលើភាពជាអ្នកដឹកនាំរបស់លោកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសនានា។
លោក Trump ដែលទើបតែទទួលបានជ័យជម្នះលើអនុប្រធានាធិបតីអ្នកស្រី Kamala Harris ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអង្គារ សប្តាហ៍មុន បាននិងកំពុងសម្ងំជាមួយក្រុមជំនួយការនៅឯគេហដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida របស់លោក ដើម្បីគិតគូរអំពីជម្រើសរបស់លោក។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋបាលថ្មីនឹងប្រឈមជាមួយនឹងពិភពលោកដែលកាន់តែគ្រោះថ្នាក់ និងអសិ្ថរភាពជាងមុនពេលលោក Trump ចូលកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ ២០១៧ ខណៈសង្គ្រាមកាន់តែឆាបឆួលខ្លាំងនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាប្រទេស ហើយចិនកំពុងសម្របខ្លួនកាន់តែកៀកនឹងសត្រូវរបស់សហរដ្ឋអាមេរិក គឺរុស្ស៊ី និងអ៊ីរ៉ង់។
វិបត្តិនៅប្រទេសអ៊ុយក្រែននឹងជារបៀបវារៈកំពូលរបស់លោក Rubio។ ក្នុងវ័យ ៥៣ឆ្នាំ លោក Rubio បានថ្លែងក្នុងបទសម្ភាសន៍ជាច្រើននាពេលថ្មីៗនេះថា អ៊ុយក្រែនចាំបាច់ត្រូវស្វះស្វែងរកការព្រមព្រៀងគ្នាដែលអាចចរចាបានជាមួយប្រទេសរុស្ស៊ី ជាជាងផ្តោតលើការទារយកមកវិញទឹកដីដែលរុស្ស៊ីបានដណ្តើមយកកាលពីទសវត្សរ៍មុន។
លោក Rubio គឺជាសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋម្នាក់ក្នុងចំណោម ១៥ នាក់ដែលបានបោះឆ្នោតជំទាស់នឹងកញ្ចប់ជំនួយយោធាចំនួន ៩៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងដៃគូសហរដ្ឋអាមេរិកផ្សេងទៀត ដែលត្រូវបានអនុម័តកាលពីខែមេសា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក Rubio ត្រូវបានជាប់ឆ្នោតនៅព្រឹទ្ធសភាក្នុងឆ្នាំ ២០១០ ហើយបានរក្សាតួនាទីជាអ្នកមានភាពវាងវៃក្នុងនយោបាយការបរទេស ដោយប្រកាន់ជំហរតឹងរ៉ឹងជាពិសេស ជាមួយនឹងប្រទេសចិន អ៊ីរ៉ង់ វ៉េណេសុយអេឡា និងគុយបា។ នេះបើតាមកាសែត New York Times របស់សហរដ្ឋអាមេរិក។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា ភាពស្មោះត្រង់ខាងនយោបាយគឺជាការចង់បានរបស់លោក Trump ដែលជាមេដឹកនាំឲ្យតម្លៃលើការសម្រេចចិត្តរបស់ខ្លួនជាធំ ហើយការសម្រេចចិត្តនោះទៀតសោតច្រើនកើតឡើងនៅនាទីចុងក្រោយ។ ជាមួយនឹងហេតុផលនេះ លោក Trump អាចនឹងមានជម្រើសផ្សេងពីលោក Rubio ក្នុងការតែងតាំងរដ្ឋមន្ត្រីការបរទេសដែលមានឥទ្ធិពលច្រើនក្នុងការលើកមុខមាត់សហរដ្ឋអាមេរិកក្នុងឆាកនយោបាយសាកល។
លោកថ្លែងថា៖ «តួនាទីក្នុងនាមប្រមុខការទូត របស់សហរដ្ឋអាមេរិក Secretary of State [រដ្ឋមន្ត្រីការបរទេស] មានតួនាទីសំខាន់ណាស់ ក្នុងពិភពលោក ហើយបើសិនជា រើសចំបុគ្គលដែលមិនសូវស្វាហាប់ មិនសូវមានចក្ខុវិស័យសម្រាប់ការបរទេស ខ្ញុំគិតថា ប្រហែលជាសហរដ្ឋអាមេរិកមិនសូវជាមានឥទ្ធិពលអ៊ីចឹង»។
ទោះយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានរួមចំណែកច្រើនដល់ការអភិ វឌ្ឍនៅប្រទេសកម្ពុជា ដូច្នេះលោកសង្ឃឹមថា រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសមហាអំណាចមួយនេះនឹងបន្តជួយប្រទេសកម្ពុជាបន្ថែមទៀតក្នុងវិស័យជាអាទិភាពក៏ដូចជាការ ធ្វើឲ្យមានភាពចំរើនទៅមុខក្នុងប្រព័ន្ធប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងនៅតែមើលឃើញថា សហរដ្ឋអាមេរិក គឺជាអ្នកដែលជួយកម្ពុជាច្រើន ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការអភិវឌ្ឍផ្សេងៗទៀត»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា ការតែងតាំងមន្ដ្រីក្រោមការដឹកនាំរដ្ឋបាលលោក Donald Trump នៅពេលខាងមុខ ជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក ដែលមិនអាចមានការបកស្រាយ ឬផ្តល់ជាមតិនោះឡើយ។
លោកបន្តថា៖ «ឡើងយ៉ាងម៉េចក៏ដោយគាត់មានគោលជំហរយ៉ាងម៉េចក៏ដោយអាហ្នឹងគាត់ធ្វើតាមនយោបាយរបស់រដ្ឋបាលរបស់ប្រធានាធិបតីរបស់គាត់ អ៊ីចឹងទេយើងមិនអាចមានមតិអីទៅលើសិទ្ធិសម្រេចរបស់ប្រធានាធិបតីជាប់ឆ្នោតនោះទេ»។
បើតាមកាសែត New York Times លោក Rubio ស្ថិតក្នុងចំណោមសមាជិកព្រឹទ្ធសភាដែលនិយាយឥតសំចៃមាត់អំពីសេចក្តីត្រូវការរបស់អាមេរិកឲ្យមានភាពគឃ្លើននឹងចិន។ ជាឧទាហរណ៍ នៅពេលបំពេញការងារជាសមាជិកសភាក្នុងរដ្ឋបាលទីមួយរបស់លោក Trump លោកបានចាប់ផ្តើមតស៊ូមតិក្នុងនយោបាយឧស្សហកម្មដែលជាមធ្យោបាយជួយឲ្យអាមេរិកអាចប្រកួតប្រជែងប្រសើរជាងមុន ជាមួយសេដ្ឋកិច្ចដែលចង្អុលបង្ហាញដោយរដ្ឋចិន។
កាលពីឆ្នាំ ២០១៩ លោកបានបញ្ចុះបញ្ចូលលោក Trump ឲ្យអនុម័តនយោបាយដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងនឹងប្រទេសវ៉េណេសុយអេឡា ដើម្បីដកចេញពីតំណែងមេដឹកនាំផ្តាច់ការឆ្វេងនិយមរបស់ប្រទេសនេះ គឺប្រធានាធិបតី Nicolás Maduro។ បើទោះបីពលរដ្ឋវ៉េណេសុយអេឡាបានរងផលប៉ះពាល់ពីទណ្ឌកម្មផ្សេងៗរបស់អាមេរិកក្តី លោក Maduro នៅតែបន្តស្ថិតក្នុងអំណាចដដែល៕