អ្នក​តាមដាន​រិះគន់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​​លើ​ផ្ទាំង​ប៉ាណូ​តាមដង​ផ្លូវ​នៅ​កម្ពុជា

រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

អ្នក​តាម​ដាន​សង្គម​រិះគន់​ និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​ផ្ទាំង​ប៉ាណូ ​និង​ផ្ទាំង​ពាណិជ្ជ​កម្ម​ផ្សេងៗ​តាម​ដង​ផ្លូវ ​ដោយ​ហេតុ​ថា​ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គឺ​ជា​កត្តា​ជំរុញ​ឱ្យ​មនុស្ស​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន ​ហើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង​នៅ​តែ​ជា​បញ្ហា​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។​

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព​ ប្រាប់​វីអូអេ​ថា​ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្មគ្រឿង​ស្រវឹង​លើ​បដា​ផ្ទាំង​ប៉ាណូ​នៅ​តាម​ដង​ផ្លូវ​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​សង្គម ​ជាពិសេស​ក្នុង​ចំណោម​យុវជន ​ព្រោះ​លោក​យល់​ថា​ នេះ​ជា​ការ​ជំរុញ​ឱ្យ​យុវជន​ពិសា​គ្រឿង​ស្រវឹង ​ហើយ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារ​ការ​ពិសា​គ្រឿង​ស្រវឹង។ ​លោក​បន្ថែម​ថា ​អាជ្ញាធរ​គួរ​តែ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​ផ្ទាំង​ប៉ាណូ​លើ​ដង​ផ្លូវ ​ព្រោះ​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​មិន​អាច​ប្រៀប​ធៀប​នឹ​ផល​ប៉ះពាល់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ថា​ អាជ្ញាធរ​មិន​គួរ​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្សាយ​គ្រឿង​ស្រវឹង​នេះ​ទេ​ ហើយ​ការ​ដែល​(យក)​ពន្ធ​ពី​គ្រឿង​ស្រវឹង​មិន​បាន​ធ្វើ​ឱ្យ​រដ្ឋ​ចំណេញ​នោះ​ទេ ​បើ​ធៀប​នឹង​ផល​ប៉ះពាល់​ដែល​កើត​ឡើង។ ​ខ្ញុំ​ឧទាហរណ៍​ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង ​ដែល​បុក​មនុស្ស​ស្លាប់ ​៤​នាក់ ​នៅ​ជិត​ស្ពាន​បាឡេ​ នៅ​ខណ្ឌ​ឫស្សីកែវ​ហ្នឹង​ ថា​តើ​យើង​គិត​មើល​ថា ​ចំណូល​ពន្ធ​ប៉ុន្មាន ​ហើយ​បើ​ករណី​បែប​ហ្នឹង ​ករណី​ដែល​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ​ដែល​ក្រសួង​មហាផ្ទៃ​ប្រកាស​ថា​ ដល់​បន្ទាត់​ក្រហម​ហើយ​ហ្នឹង​ តើយក​លុយ​ពន្ធ​ហ្នឹង ​ចំណូល​ហ្នឹងទៅ​ទប់​ជាប់​ទេ? ​ទៅ​ដោះ​ស្រាយ​បញ្ហា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​បាន​ទេ?»​

លោក ​យង់ គិមអេង ​យល់​ថា​ ការ​ផ្សព្វផ្សាយ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​គឺ​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ប្រើប្រាស់ ​និង​អាច​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារ​គ្រឿង​ស្រវឹង។​

យោង​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព ​កាល​ពី​ចុង​ឆ្នាំ​ ២០២៣ ​ប្រជា​ពលរដ្ឋ​ ៩៨,៧% ​ដែល​ឆ្លើយ​ក្នុង​ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​ផ្ទាំង​ប៉ាណូ​លើ​ដង​ផ្លូវ ​និង​តាម​បណ្ដាញ​សង្គម​ ហើយ​ស្នើ​ឱ្យ​មាន​ការ​លុប​បំបាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង។​ នេះ​បើ​តាម​លោក ​យង់ គិម​អេង។​

ចំណែក​លោក​ គី សេរីវឌ្ឍន៍ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​សង្កេត​ឃើញ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​មាន​ច្រើន​កន្លែង​ទាំង​នៅ​រាជធានី​ភ្នំពេញ ​និង​តាម​បណ្ដា​ខេត្ត។​ លោក​បន្ថែម​ថា ​បើ​ទោះបី​ការ​ផ្សព្វផ្សាយ​ទាំង​នោះ​ផ្តល់​ចំណូល​ចូល​រដ្ឋ ​ប៉ុន្តែ​វា​ក៏​មាន​ផល​ប៉ះ​ពាល់​ដល់​សង្គម​ច្រើន​ដែរ។

រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

រូបភាពនៃផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

លោក​ថ្លែង​ថា៖ ​«ការ​ផ្សព្វ​ផ្សាយ​ផ្ទាំង​ប៉ាណូ​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ស្គាល់​ប្រភេទ​ស្រាបៀរ ​និង​សេព​គ្រឿង​ស្រវឹង​ច្រើន​ ដែល​កន្លង​មក​យើង​ឃើញ​ថា​ ផល​ប៉ះ​ពាល់​នៃ​ការ​សេព​គ្រឿង​ស្រវឹង​ទៅ​លើ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាពិសេស​នៅ​តំបន់​ទី​ប្រជុំជន»។​

លោក​បន្ថែម​ថា៖ ​«បាទ! ​ធម្មតា​កាល​ណា​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​ហ្នឹង​ វា​ធ្វើ​ឱ្យ​បាត់​ចំណូល​រដ្ឋ​អស់​មួយ​ចំនួន​ ក៏​ប៉ុន្ដែ​រដ្ឋ​ក៏​ត្រូវ​ថ្លឹង​ថ្លែង​ដែរ​ថា​ កាល​ណា​បាត់​ចំណូល​រដ្ឋ​គឺ​ជា​ផ្នែក​មួយ​នៃ​ចំណូល​ជាតិ ហើយ​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​ដែល​រៀន​បាន​ឆ្នាំ​ទី៣ ​ទី៤ ​ការ​ស្លាប់​ជា​បន្ដ​បន្ទាប់​នេះ​ក៏​ជា​កម្លាំង​ចលករ​របស់​ជាតិ​ដូច​គ្នា។ ​ហើយ​នៅ​ពេល​ដែល​គាត់​ស្លាប់​ទៅ ​ឪពុកម្ដាយ​ស្លាប់​ទៅ​ ហើយ​អត់​មាន​អ្នក​រក​ចំណូល​ចូល ​គ្រួសារ​នឹង​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋ​បន្ថែម»។​

ខណៈ​មាន​ការ​រិះ​គន់ទាក់​ទង​នឹង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថា្នក់​ចរាចរណ៍​នា​ពេល​កន្លង​មក ​បណ្ដា​ខេត្ត​មួយ​ចំនួន​ចាប់​ផ្ដើម​រុះ​រើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង។​

កាល​ពី​ថ្ងៃ​ទី ​២២​ ខែ​មករា ​ឆ្នាំ ​២០២៤ ​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ ២០២៣ រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ​អភិបាល​ខេត្ត​កែប ​លោក ​សោម ពិសិដ្ឋ ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពិនិត្យ​មើល​និង​រុះរើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ដែល​មើល​ទៅ​ស្អេក​ស្កះ​តាម​ដង​ផ្លូវ ​និង​តាម​សួន​ច្បារ ​ដើម្បី​គិត​គូរ​ដល់​សីលធម៌​សង្គម ​គ្រោះថ្នាក់​សង្គម ​ហានិភ័យ​សង្គម​ ដែល​កើត​ចេញពី​គ្រឿង​ស្រវឹង។ ​នេះ​បើ​តាម​ការ​ផ្សាយ​ផ្ទាល់​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អភិបាល​ខេត្ត​កែប។​

លោក​ថ្លែង​ថា៖ ​«បច្ចុប្បន្ន​នេះ ​ថ្មីៗ​នេះ ​យើង​មាន​សេចក្ដី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ពាក់ព័ន្ធ​នឹង​ស្រាបៀរ។ ​សូម​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្នហើយ​យក​មក​ថ្លឹង​ថ្លែង​ពិចារណា។ ​អ៊ីចឹង​នៅ​ក្នុង​ភូមិសាស្រ្ដ​ក្រុង​ប៉ុន្មាន​ថ្ងៃ​នេះ​ យើង​ឃើញ​ហើយ​សេវា​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ សេវា​រដ្ឋ ​ទោះ​យ៉ាង​ណា​ខ្ញុំ​បាន​បញ្ជា​ណែ​នាំ​ឱ្យ​រុះរើ»។​

អភិបាល​រង​រាជ​ធានី​ភ្នំពេញ ​លោក​ កើត ឆែ ​ប្រាប់​វីអូអេ​ថា ​អ្នក​ដែល​រិះគន់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​នៅ​លើ​ផ្ទាំង​ប៉ាណូ​អាច​ដាក់​សំណើ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​រដ្ឋបាល​អាច​ពិនិត្យ​មើល​ករណី​នេះ។ ​លោក​មិន​អាច​បញ្ជាក់​អំពី​ទិន្នន័យថា ​តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​រក​ចំណូល​បាន​ប៉ុន្មាន​ពី​ការ​ផ្សព្វ​ផ្សាយ​ស្រាបៀរ​តាម​ផ្ទាំង​ប៉ាណូ ​និង​ថា​ ​តើ​ផ្ទាំង​ប៉ាណូ​មួយមាន​តម្លៃ​ប៉ុន្មាន ​នៅ​ពេល​ក្រុមហ៊ុន​ស្រា​បៀរ​ចង់​ផ្សព្វ​ផ្សាយ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក ​ទេព អស្នារិទ្ធ​ ប្រាប់​វីអូអេ​តាម​រយៈតេឡេក្រាម​ថា ​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ចាំបាច់​ត្រូវ​មាន​ការ​ចូល​រួម​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ។​

លោក​បន្ថែម​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​ក្រើន​រំឭក​ជា​ថ្មី​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ ម្ចាស់​ក្រុមហ៊ុន​ផលិត​នាំចូល ​ចែក​ចាយ ​និង​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ទាំង​អស់​ ត្រូវ​អនុវត្ត​តាម​សារាចរ​ណែនាំ​ និង​គោល​ការណ៍​ក្រម​ប្រតិបត្តិ​ស្តីពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​របស់​ក្រសួង​ព័ត៌មាន ​ដើម្បី​ទប់ស្កាត់ ​និង​លុប​បំបាត់​នូវ​រាល់ភាព​អសកម្ម​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ ​និង​សុខុមាល​ភាព​សង្គម។​

ជាទូទៅ ​នៅ​លើ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជ​កម្ម​ស្រាបៀរតែង​តែ​មាន​សារ​ភ្ជាប់​នៅ​ពី​លើ​ថា​«ពិសា​ដោយ​ការ​ទទួល​ខុស​ត្រូវ»។​

លោក ​គឹម មាសសុខសីហា ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​និង​ជា​អ្នក​នាំពាក្យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ ក្រសួង​មិន​មាន​តួនាទី​ក្នុង​ការ​ផ្ដល់​អាជ្ញា​បណ្ណ ​ឬ​លិខិត​អនុញ្ញាត​ ការ​គ្រប់​គ្រង​ផ្ទាំង​ប៉ាណូ​ពាណិជ្ជ​កម្ម ​និង​ការ​គ្រប់​គ្រង​សេវា​ពាណិជ្ជ​កម្ម​ទៅ​លើ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជ​កម្ម​នានា​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ នេះ​ជា​តួនាទី​របស់​រដ្ឋបាល​រាជធានី ​ស្រុក​ ខេត្ត ​ខណ្ឌ ​និង​ក្រសួង​ព័ត៌មាន។ ​

លោក ​មាស សុខសេនសាន ​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​ប្រាប់​វីអូអេ​ជា​អក្សរ​តាមតេឡេក្រាម​ថា​ ការ​ផ្សាយ​ផ្ទាំង​ប៉ាណូពាណិជ្ជ​កម្ម​នៅ​តាម​ដង​ផ្លូវ​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​សេដ្ឋកិច្ច​ឡើយ ​ហើយ​លោក​ក៏​មិន​ទាន់​អាច​បញ្ជាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ស្រាបៀរ​បាន​ដែរ។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទងសុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ស្រាបៀរ​មួយ​ចំនួន​ដូចជា ​Khmer Beverages​ ដែល​ផលិត​ស្រា​បៀរ​កម្ពុជា ​ក្រុមហ៊ុន​វឌ្ឍនៈ​ដែល​ផលិត​ស្រាបៀរ​វឌ្ឍនៈ​និង​គ្រុឌ​ និង​ក្រុមហ៊ុន​ហនុមាន​ ប៉ុន្តែមិន​ទាន់​អាច​ទាក់​ទងបាន​នៅ​ឡើយ​ទេ៕​