អ្នកតាមដានជំរុញឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹង និងហ្មត់ចត់បំផុតចំពោះការប្រើប្រាស់បារីអេឡិចត្រូនិច ឬហៅថាVape ក្នុងចំណោមសិស្សានុសិស្ស និងយុវជន ដោយបារម្ភថាវាអាចជះផលអវិជ្ជមានដល់ការលូតលាស់នៃសុខភាពនិងការសិក្សារបស់ពួកគេ។
ការព្រួយបារម្ភនិងអំពាវនាវឱ្យមានវិធានការតឹងរ៉ឹងនេះ ក្រោយមានករណីនគរបាលរាជធានីភ្នំពេញចាប់បានសិស្សអាយុក្រោម១៤ឆ្នាំនៅសាលារៀន ដែលបានប្រើប្រាស់បារីអេឡិចត្រូនិច។
បើតាមការចុះផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមិថុនា អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានសហការជាមួយថ្នាក់ដឹកនាំសាលាបឋមសិក្សាអនុវត្ត និងសង្កាត់ទឹកល្អក់៣ ដោយបានប្រមូលសិស្សរៀនក្នុងសាលាសរុប៥១នាក់ មានស្រី៧នាក់ ដែលសង្ស័យប្រើប្រាស់បារីអេឡិចត្រូនិច។ បន្ទាប់ពីការសាកសួរ សមត្ថកិច្ចបានរកឃើញសិស្សចំនួន៨នាក់ ស្រី១នាក់ដែលមានអាយុក្រោម១៤ឆ្នាំ មានឧបករណ៍បារីអេឡិចត្រូនិច។
នគរបាលបញ្ជាក់ថា៖ «កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការដកហូតឧបករណ៍បារីអេឡិចត្រូនិចចំនួន៩ដើម និងបានធ្វើការអប់រំពីផលប៉ះពាល់ចំពោះការប្រើប្រាស់គ្រឿងញៀនក៏ដូចជាការជក់បារីអេឡិចត្រូនិច ដោយបានឱ្យអាណាព្យាបាលសិស្សទាំងនោះចូលរួមស្តាប់ផងដែរ»។
រូបភាពនៃការឃាត់សិស្សានុសិស្សនេះត្រូវបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហាញក្តីព្រួយបារម្ភអំពីអនាគតយុវជនកម្ពុជាដែលប្រើប្រាស់បារីអេឡិចត្រូនិចនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ចំណាត់ការចុះទៅណែនាំ និងត្រួតពិនិត្យចំពោះសិស្សានុសិស្សដែលប្រើប្រាស់បារីអេឡិចត្រូនិចជារឿងល្អនិងត្រូវតែបន្តយកចិត្តទុកបន្ថែម ពីព្រោះវាជាបញ្ហាប្រឈមពាក់ព័ន្ធនឹងសុខភាពរបស់សិស្សានុសិស្ស។ បើតាមលោក សេក សុជាតិ មូលហេតុដែលបណ្តាល ឬនាំឱ្យយុវជនមកប្រើប្រាស់បារីអេឡិចត្រូនិច ដោយសារតែកង្វះនៃការរៀបចំរបស់សាលារៀន និងការមិនយកចិត្តទុកពីសំណាក់អាណាព្យាបាលមកលើកូនៗរបស់ពួកគេ។ លោកបន្ថែមថាកម្សោយនៃការគ្រប់គ្រងការនាំចូលផលិតផលបារីអេឡិចត្រូនិច និងការជះឥទ្ធិពលពីយុវជនគ្នាឯង នាំឱ្យពួកគេសម្រេចប្រើប្រាស់បារីអេឡិចត្រូនិចនេះ។
លោកប្រាប់វីអូអេថា៖ «ប្រសិនជាយើងមើលពីបរិបទសង្គមគឺដោយសារសង្គមរបស់យើងមានកន្លែងផ្គត់ផ្គង់ និងចែកចាយនូវបារីអេឡិចត្រូនិចហ្នឹងវាពាសវាលពាសកាលពេក ដែលបញ្ហាទាំងអស់ហ្នឹងវាបង្ហាញអំពីកម្សោយនៅក្នុងការគ្រប់សន្តិសុខ ហើយនិងការគ្រប់គ្រងការនាំចូលបារីអេឡិចត្រូនិចទាំងអស់ហ្នឹង»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវរូបនេះក៏ជំរុញដល់រដ្ឋាភិបាលឱ្យមានការបង្កើតគោលនយោបាយច្បាស់លាស់មួយក្នុងការគ្រប់គ្រងការនាំចូលបារីអេឡិចត្រូនិចទាំងអស់នោះ។ លោកក៏ស្នើឱ្យមានការរឹតបន្តឹងលើការអប់រំ វិន័យ និងសីលធម៌ទៅដល់សិស្សានុសិស្សទាំងអស់នៅតាមសាលារៀនទាំងរដ្ឋ និងឯកជន ដោយយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត។
លោកថ្លែងថា៖ «រដ្ឋាភិបាលត្រូវចេញគោលនយោបាយត្រូវចេញគោលនយោបាយឱ្យបានច្បាស់លាស់ ហើយមន្រ្តីមានសមត្ថកិច្ចត្រូវអនុវត្តឱ្យបានតឹងរ៉ឹង ហើយខាងគយដែលនាំចូលក៏ត្រូវចាត់វិធានការឱ្យបានហ្មត់ចត់ ជាពិសេសអាជ្ញាធរ និងភាគីពាក់ព័ន្ធផ្សេងៗទៀតត្រូវទប់ស្កាត់ និងរកមុខអ្នកនាំចូល Vape បារីអេឡិចត្រូនិចហ្នឹង និងដាក់ទោសពួកគាត់ធ្ងន់ធរបំផុតតាមដែលអាចធ្វើទៅបាន»។
ស្រដៀងគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថាការប្រើប្រាស់បារីអេឡិចត្រូនិចផ្តល់ផលអវិជ្ជមានជាច្រើនចំពោះសុខភាពក្មេងជំទង់។ លោកបន្ថែមថាចំណាត់ការចុះបង្រ្កាប និងណែនាំរបស់សមត្ថកិច្ចនៅតាមសាលារៀននេះជារឿងដែលត្រឹមត្រូវ ប៉ុន្តែលោកថាសមត្ថកិច្ចក៏គួរតែចុះទៅកន្លែងដែលលក់បារីអេឡិចត្រូនិចនោះផងដែរ ពីព្រោះវាជាកន្លែងឬសគល់ដែលនាំឱ្យក្មេងយកថវិកាទៅទិញបារីអេឡិចត្រូនិចមកប្រើប្រាស់។
លោកថ្លែងថា៖ «តាមយោបល់ខ្ញុំ ខ្ញុំយល់ថាគួរតែមានការបិទកុំឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ព្រោះកន្លងមកយើងឃើញមានការបង្ហាញផលប៉ះពាល់ហ្នឹងច្រើនជុំវិញបញ្ហានេះ។ ខ្ញុំយល់ថាការទៅបង្ក្រាបក្មេងអត់ជោគជ័យទេ ជាសកម្មភាពមួយដូចវែកចកហ្នឹង ដល់ពេលសមត្ថកិច្ចមកវិញទៅវិញដដែលទៀត ព្រោះអាកន្លែងហ្នឹងវានៅជិតសាលា វាងាយនឹងទៅ អ៊ីចឹងវាអត់សូវបានផលទេ ផលដែលមានប្រសិទ្ធភាពគឺបិទកន្លែងបារីអេឡិចត្រូនិចហ្នឹងចោល»។
លោក យង់ គិមអេង ក៏ជំរុញឱ្យអាណាព្យាបាលគួរតែមានការយកចិត្តទុកដាក់ និងតាមដានសកម្មភាពរបស់កូន ក៏ដូចជាបង្កើនទំនាក់ទំនងជាមួយសាលាក្នុងការត្រួតពិនិត្យសកម្មភាពនៃការសិក្សារបស់កូនៗរបស់ពួកគេផងដែរ។
នៅតាមហាងកាហ្វេមួយចំនួនដែលស្ថិតនៅតាមដងផ្លូវតូចៗ និងកន្លែងលេងកីឡាបាល់ទះ បាល់ដក់ គេសង្កេតឃើញក្មេងៗសិស្សសាលាជក់បារីជាបន្តបន្ទាប់។
អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេថាពាក់ព័ន្ធនឹងការឃាត់ និងអប់រំណែនាំសិស្សនៅតាមសាលារៀនដែលប្រើប្រាស់បារីអេឡិចត្រូនិច គឺកម្លាំងនគរបាលរាជធានីភ្នំពេញបានសហការជាមួយនាយកសាលាក្នុងការត្រួតពិនិត្យ និងទប់ស្កាត់បញ្ហាក្មេងទំនើង និងការប្រើប្រាស់បារីអេឡិចត្រូនិចទាំងនៅក្រៅ និងក្នុងបរិវេណសាលា។
លោក សំ វិច្ឆិកា បន្តថានៅពេលដែលរកឃើញមានសិស្សប្រើប្រាស់បារីអេឡិចត្រូនិច សមត្ថកិច្ចនឹងអប់រំណែនាំពីផលប៉ះពាល់ និងហៅអាណាព្យាបាលរបស់សិស្សទាំងនោះមកទទួល និងធ្វើកិច្ចសន្យា។ លោកបញ្ជាក់ថាកម្លាំងសមត្ថកិច្ចក៏ចុះផ្សព្វផ្សាយពីផលប៉ះពាល់នានាពីការប្រើប្រាស់បារីអេឡិចត្រូនិចទាំងតាមសាលារៀន និងសហគមន៍ក្នុងរាជធានីភ្នំពេញផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងសព្វថ្ងៃនេះកម្លាំងសមត្ថកិច្ចយើងបានចុះធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នៅតាមបណ្តាសាលារៀន ក៏ដូចជាតាមបណ្តាសហគមន៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទី១ លុបបំបាត់បញ្ហាក្មេងទំនើង ទី២បញ្ហាសិស្សសាលាដែលគេចពីការសិក្សាទៅប្រមូលជួបជុំគ្នានៅខាងក្រៅហើយជក់បារីអេឡិចត្រូនិច ឬលួចប្រើប្រាស់នៅក្នុងសាលាគឺយើងធ្វើការដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព»។
ជុំវិញបញ្ហាការប្រើប្រាស់បារីអេឡិចត្រូនិចរបស់សិស្សានុសិស្សនេះ នាយកវិទ្យាល័យបាក់ទូក លោក តូច កន្តាល់ ប្រាប់វីអូអេថាលោកតែងតែណែនាំទៅកាន់សិស្សគ្រប់រូបនៅក្នុងសាលារៀនពីផលប៉ះពាល់របស់បារីអេឡិចត្រូនិចដែលអាចប៉ះពាល់ដល់សុខភាព និងការសិក្សារបស់ពួកគេ។
លោកថ្លែងថា៖ «យើងផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួងអប់រំ គឺផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិច និងការប្រើប្រាស់ដែលធ្វើឱ្យរំខានដល់ការសិក្សា ជាពិសេសបញ្ហាសុខភាព»។
នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ លើកឡើងថាការប្រើប្រាស់បារីអេឡិចត្រូនិកបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើក្រុមយុវជនដែលសិ្ថតនៅក្នុងវ័យកំពុងលូតលាស់។ លោកថាការប្រើប្រាស់បារីអេឡិចត្រូនិកនេះអាចធ្វើឱ្យការសិក្សារបស់សិស្សអន់ថយ និងបង្កឱ្យមានជំងឺផ្សេងៗដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
លោកប្រាប់វីអូអេថា៖ «វាប៉ះពាល់ទៅដល់សួត ទៅដល់បេះដូងរបស់កុមារ អ៊ីចឹងធ្វើឱ្យកុមារ ហើយនិងយុវជនដែលកំពុងជាវ័យដែលលូតលាស់ហ្នឹង គាត់ត្រូវបង្អាក់ ឬកាត់បន្ថយការលូតលាស់ដោយសារផលិតផលអ៊ីចឹងៗ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាននៅឡើយទេ។
កាលពីខែមិថុនា ឆ្នាំ២០២២ ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកដែលបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជាបង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ហើយក្រសួងណែនាំឱ្យឈប់ប្រើបារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ផ្សេងៗ៕