រដ្ឋបាលជលផលអះអាងថា ឧបករណ៍នេសាទដែលមានរាងដូចព្រួញ ឬហៅថា «លបឡុក» ដែលកំពុងត្រូវបានដាក់ព្រោងព្រាតក្នុងផ្ទៃទឹក ក្នុងឃុំផាត់សណ្តាយ ខេត្តកំពង់ធំនោះជាឧបករណ៍ស្របច្បាប់ តែព្រមានចាត់វិធានការចំពោះការដាក់លបលើសប្រវែង និងខុសទំហំក្រឡាមង។
ទន្ទឹមនឹងការអះអាងរបស់រដ្ឋបាលជលផល សង្គមស៊ីវិលក៏ស្នើឱ្យក្រសួងកសិកម្មត្រួតពិនិត្យឱ្យបានច្បាស់ពាក់ព័ន្ធនឹងឧបករណ៍នេសាទរាងព្រួញ ដែលអ្នកប្រើបណ្តាញសង្គមចែករំលែកតៗគ្នាភ្ជាប់នឹងការបារម្ភថា វាអាចបណ្តាលឱ្យបាត់បង់ធនធានមច្ឆជាតិ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មចេញនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា ឧបករណ៍របាំងលបទាំងនោះជាឧបករណ៍នេសាទស្របច្បាប់ ហើយថា ទីតាំងនោះជាផ្នែកតូចមួយនៃបឹងទន្លេសាប ដែលមានឈ្មោះថា «កន្លុកបាយក្អែក»។
សេចក្តីប្រកាសព័ត៌មាននោះបន្ថែមតាមន័យដើមថា៖ «កន្លុកបាយក្អែក នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវដែលត្រីឆ្លងកាត់ឡើយ»។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ប្រជានេសាទនៃបឹងទន្លេសាបតែងតែប្រើប្រាស់ឧបករណ៍ដែលមានរាងដូចព្រួញនោះសម្រាប់នេសាទដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
កញ្ញា អ៊ឹម រចនា ប្រាប់វីអូអេជាអក្សរតាមបណ្តាញទំនាក់ទំនងតេឡេក្រាមនៅថ្ងៃពុធនេះថា៖ «នេះជាឧបករណ៍នេសាទស្របច្បាប់ ដោយកំណត់ប្រវែង និងក្រឡាមង តែប្រជានេសាទមួយចំនួនដាក់លើសប្រវែង និងប្រើប្រាស់ក្រឡាមងតូចជាងអ្វីដែលមានកំណត់ក្នុងច្បាប់»។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបន្ថែមថា មន្ដ្រីជំនាញដែលប្រចាំការនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តទាំង ៥ នឹងចាត់វិធានការបង្ក្រាបទាក់ទងនឹងការដាក់លបលើសប្រវែង និងខុសទំហំក្រឡាមងទាំងនោះ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបាននៅឡើយទេ។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា យល់ថា រូបភាពឧបករណ៍នេសាទ ដែលមានរាងដូចជាព្រួញប្រទាក់ក្រឡាគ្នាស្អេកស្កះលើផ្ទៃទឹកនោះ ធ្វើឱ្យមានការព្រួយបារម្ភខ្លាំងថា វាអាចបង្កផលប៉ះពាល់ដល់ធនធានមច្ឆជាតិ និងនិរន្តភាពធនធានមច្ឆជាតិក្នុងតំបន់នោះ។
លោកស្នើក្រសួងកសិកម្មស៊ើបអង្កេត ត្រួតពិនិត្យ និងរកមធ្យោបាយ ឬកំណត់ឱ្យច្បាស់លាស់នូវទំហំ និងវិសាលភាពចំពោះការប្រើប្រាស់ឧបករណ៍លប ការពង្រាយមង និងការដាក់ពង្រាយស្បៃ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ និងរំខានដល់ការចល័ត ឬការធ្វើដំណើររបស់មច្ឆជាតិ។ លោកស្នើឱ្យដាក់ទោសបុគ្គលដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ បណ្តាលឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងធនធានមច្ឆា។
លោកប្រាប់វីអូអេថា៖ «ការស៊ើបអង្កេត ការស្វែងយល់ឱ្យបានច្បាស់លាស់ ជារឿងមួយដែលត្រូវធ្វើ ហើយការជំរុញឱ្យមានការអនុវត្តច្បាប់ ដោយម៉ឺងម៉ាត់ជាទីបំផុត គឺត្រូវតែធ្វើ ដើម្បីធានានូវនិរន្តរភាពធនធានមច្ឆជាតិ ហើយធានាបានថា ត្រីរបស់យើងមិនរងការបំផ្លិចបំផ្លាញ»។
លោកបន្ថែមថា កត្តាគំរាមកំហែងដល់ធនធានមច្ឆជាតិជាច្រើនករណីទៀតនៅបឹងទន្លេសាបនោះ មិនត្រឹមតែជាការដាក់ពង្រាយមងនោះទេ គឺមានទាំងការនេសាទខុសច្បាប់ ការប្រើប្រាស់ម៉ូទ័រឆក់ និងការទន្ទ្រានព្រៃលិចទឹក ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងទប់ស្កាត់។
បើតាមក្រសួងកសិកម្ម ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ គណៈកម្មការអន្តរក្រសួងបានទប់ស្កាត់ និងបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងខេត្តចំនួន ៦ ដែលជាប់បឹងទន្លេសាប ដោយក្នុងនោះមានឧបករណ៍របាំងសាច់អួន និងស្បៃមុង ប្រវែងជាង ១លាន ៦សែន ៥ម៉ឺនម៉ែត្រ លបនិងលូជាង ១ម៉ឺន ៥ពាន់គ្រឿង ឧបករណ៍ឆក់ក្តៅ និងឆក់ត្រជាក់ ប្រមាណ ១៥០០គ្រឿង អួនអូសទឹកសាបចំនួន ៥៣វង់ អួនហ៊ុនចំនួន ៣៣វង់ និងឧបករណ៍ខុសច្បាប់មួយចំនួនទៀត៕