ការ​ប្រកាស​​របស់​​លោក​អូបាម៉ា​កាត់​បន្ថយ​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រតិកម្ម​​ចម្រុះ

ទាហាន​ថត​រូប​ជាមួយ​លោក​ប្រធានាធិបតី​ Barack Obama ក្រោយ​ពី​លោក​បាន​ថ្លែង​សុន្ទរកថា​នៅ​មូលដ្ឋាន​ទ័ព​អាកាស Bagram ក្នុង​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៤។

លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា ​បាន​ប្រកាស​ផែនការ​កាត់​បន្ថយ​កងទ័ព​សហរដ្ឋ​អាមេរិក​យ៉ាង​ច្រើន​ក្នុងប្រទេស​អាហ្វហ្គានីស្ថាននៅ​ត្រឹម​ចុង​ឆ្នាំ​២០១៤​នេះ​ហើយ​បន្ទាប់​មកនឹងយកកងទ័ពទាំងអស់មក​កាន់​មាតុភូមិ​វិញ​នៅ​ឆ្នាំ​២០១៦។ ​ការ​ប្រកាសរបស់​ប្រធានា​ធិបតី​អូបាម៉ា​កាល​ពី​ថ្ងៃ​អង្គារ ​បាន​កើត​មានឡើង​នៅ​ពេល​ដែល​ពលរដ្ឋអាហ្វហ្គានីស្ថាន ​ប្រុងប្រៀបបោះឆ្នោត​ជុំ​ទី​២​ដែល​នឹង​ជ្រើសរើស​ប្រធានា​ធិបតីថ្មី​ដើម្បី​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន អំ​ពីអនាគតនៃ​វត្តមាន​យោ​ធា​សហរដ្ឋ​អាមេរិកក្នុង​អាហ្វហ្គានីស្ថាន។ ​តើ​ការ​ប្រកាស​នេះ ​នឹង​មាន​ន័យ​យ៉ាង​ដូចម្តេច​សម្រាប់​រដ្ឋាភិបាល​ថ្មី​ក្នុង​ទីក្រុង​កាប៊ុល​នោះ។

«នៅ​ដើម​ឆ្នាំ​២០១៥ ​យើង ​នឹងមាន​ទាហាន​ប្រហែល​៩​ពាន់​៨រយ​នាក់​នៅផ្នែក​នានានៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ​រួម​ជាមួយ​សម្ព័ន្ធ​មិត្តអង្គការ​អូតង់​របស់​យើង​ហើយ​នឹង​ដៃ​គូ​ផ្សេងៗ​ទៀត»។

ការ​ប្រកាស​របស់​លោក​អូបាម៉ា ​ហាក់​ដូច​ស្រប​គ្នាជាមួយ​នឹង​ផែនការ​នៃ​ការ​ដក​កងទ័ព​ដែលគេ​រំពឹងទុក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​។ ​ក៏ប៉ុន្តែ ​ពួក​អ្នក​ជំនាញ ដូចជា​លោកស្រី​ Lisa Curtis ​នៃ​មូលនិធិ Heritage Foundation ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ ​ជឿ​ជាក់​ថា ​ចំនួន​កងទ័ព​ដែល​នៅ​សល់​តិ​ច​ពេក​។

«ខ្ញុំភ័យ​ខ្លាច​ថា ​កងទ័ព​ចំនួន​៩.៨០០​រយ​នាក់​នេះ ប្រាកដ​ជា​ចំនួន​អប្បបរមា​ដែល​អាច​ទៅ​រួច​ដើម្បី​អាចជួយ​គាំទ្រ​កងកម្លាំង​អាហ្វហ្គានីស្ថាន ​ដើម្បី​បំពេញ​បេសកកម្ម​ប្រឆាំង​ភេរវកម្ម​ហើយ​នឹងហ្វឹកហាត់កងកម្លាំង​អាហ្វហ្គានីស្ថាន»។ ក៏ប៉ុន្តែ ​អ្នក​ជំនាញ​ការ​ខ្លះ ​ជឿ​ជាក់​ថា ​ប្រសិន​បើ​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​គ្រប់​គ្រាន់ ​កងទ័ព​អាហ្វហ្គា​នី​ស្ថាន ​អាច​បំពេញការ​ទទួល​ខុសត្រូវខាង​សន្តិសុខរបស់​ប្រទេស​ពួកគេ។ ​លោក Omar Samad ​ជា​អតីត​ឯក​អគ្គរដ្ឋ​ទូតអាហ្វហ្គានីស្ថាន​ប្រចាំ​ប្រទេស​បារាំង​និង​ប្រទេស​កាណាដា។

«ខ្ញុំ​គិត​ថា រដ្ឋាភិបាល​និងកម្លាំង​សន្តិសុខអាហ្វហ្គានីស្ថាន​នឹង​អាច​ដោះស្រាយស្ថានការណ៍​នេះ​បាន ​ក៏ប៉ុន្តែ ​ខ្ញុំ​ក៏​នឹង​មាន​ប្រយ័ត្នប្រយ៉ែង​ដែរ​ថា យើង​ចាំ​បាច់​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា ​ការ​ហ្វឹក​ហាត់​ ​ការ​បំពាក់​អាវុធដល់​កងទ័ព​អាហ្វហ្គានីស្ថាន ​មិនមែន​ត្រឹម​តែ​ទាហាន​ទេ​ ក៏​ប៉ុន្តែ​ត្រូវ​បំ​ពាក់​ដល់​ប៉ូលិស​ដែរ​ ហើយ​សំខាន់​បំផុតគឺ​ កងទ័ព​អាកាស ​ត្រូវ​តែធ្វើ​ឡើង​ស្រប​ទៅ​តាមការ​សន្យានៅ​សន្និសីទ​របស់​អង្គការ​អូតង់​ក្នុង​ឆ្នាំ​២០១២​នៅ​ទីក្រុង​ឈីកាហ្គោ»។

លោក​ប្រធានា​ធិបតីអូបាម៉ា ​ក៏​បាន​មាន​ប្រ​សាសន៍​ដែរ​ថា ​វត្តមាន​កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​ឆ្នាំ២០១៤ ​អាច​ត្រូវ​រក្សាទុក​ល្គឹកណា​តែ​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀងសន្តិសុខ​មួយ​ដើម្បី​កំណត់​តួនាទីរបស់​កងទ័ព​អាមេរិកាំង​ក្នុង​ប្រទេស​នោះ។ ​បេក្ខជន​ទាំង​២នៅ​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិបតី​ជុំ​ទី​២នាពេល​ខាង​មុខ​របស់​អាហ្វហ្គានីស្ថាន ​បាន​បង្ហាញពី​ឆន្ទៈ​របស់​ខ្លួនដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​។ ​លោក Ali Jalali ​អតីត​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ​បាន​និយាយទៅ​កាន់ទូរទស្សន៍ Ashna របស់ VOA ​អំពី​ការ​ប្រកាស​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា។

«តួនាទីដ៏​សំខាន់របស់​កងទ័ព​អាមេរិក​ដែល​នៅ​សល់​ ​គឺ​អាច​ជួយ​ហ្វឹកហាត់កង​កម្លាំងអាហ្វហ្គានីស្ថាន ហើយ​នឹង​ផ្តល់​ឱវាទដល់​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​កងកម្លាំង​អាហ្វហ្គានីស្ថានទាំង​នោះ​»។

ក៏ប៉ុន្តែ ​អ្នក​ជំនាញ​ការខ្លះ​ ​បាន​ព្រមាន​ពី​ការ​គំរាមកំហែង​ពី​ពួក​តាលីបានហើយ និយាយ​ថា ​ដោយ​គ្មាន​វត្តមានដ៏​សកម្ម​របស់កងទ័ព​សហរដ្ឋអាមេរិក​ ​ប្រវត្តិ​សាស្រ្ត​ អាច​កើតឡើង​ម្តង​ទៀត។

លោកស្រី Lisa Curtis ​បាន​និយាយ​ម្តង​ទៀត​ថា៖ «ប្រសិនបើ ​យើង ​ក្រឡេក​ទៅ​មើល​ឆ្នាំ​១៩៨៩​វិញ នៅពេលដែល​សហរដ្ឋ​អា​មេ​រិក យល់​ខុស​មិនអើ​ពើ​ដល់​តំបន់​នោះ​ ការណ៍​នេះ ​បាន​ផ្តល់​កន្លែង​នៅចន្លោះ​ប្រហោងដែល​បាន​ត្រូវ​បំពេញ​ដោយពួក​អ៊ីស្លាម​ជ្រុល​និយម​គឺ ដូចជា​ពួក​តាលី​បានដែល​អាច​ឡើង​កាន់​អំណាច»។

ខណៈ​ដែល​មាន​ការ​ខ្វែង​គំនិតអំពី​ចំនួន​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​គួរនៅ​សល់ក្នុងអាហ្វហ្គានីស្ថាន​នោះ ​មាន​ការ​មូល​មតិ​គ្នាថា ​អនាគត​អាហ្វហ្គានីស្ថាន​អាច​ត្រូវ​ការពារ​បាន​តែដោយ​កង​កម្លាំង​សន្តិសុខ​និង​ប្រជាពលរដ្ឋ​អាហ្វហ្គានី​ស្ថានខ្លួន​ឯង​ប៉ុណ្ណោះ៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន