ខ្មែរ​នៅ​អាមេរិក​មួយ​ចំនួន​គាំទ្រ​ផែនការ​អន្តោប្រវេសន៍​របស់​លោក​អូបាម៉ា

លោក​យាយ Maria Jacome អាយុ​៧៨ មក​ពី​រដ្ឋ​វ៉ាស៊ីនតោន​ ហើយ​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អេក្វាទ័រ ញញឹម​ក្នុង​ពេល​ចូល​រួម​បាតុកម្ម​មួយ​គាំទ្រ​​បទ​បញ្ជា​នីតិប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​នៅ​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​គាំទ្រ​គម្រោង​របស់​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ក្នុង​ការ​ធ្វើ​ច្បាប់​ផ្តល់​សិទ្ធិ​រស់​នៅ​ដល់​ជន​អន្តោប្រវេសន៍​ខុសច្បាប់។​ ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ចង់​ឃើញ​សភា​កែ​ប្រែ​ច្បាប់​ជន​អន្តោប្រវេសន៍​ដែល​អាច​ផ្តល់​សិទ្ធិ​ដល់​ជន​អន្តោប្រវេសន៍​បាន​រស់​នៅ​ជួបជុំ​គ្រួសារ​ក្នុង​ប្រទេស​អាមេរិក​បន្ទាប់​ពី​ពួកគេ​បាន​ប្រឹងប្រែង​ឆ្លង​កាត់​ការ​រស់​នៅ​ដ៏​លំបាក​ជា​ច្រើន​ឆ្នាំ​មក​នោះ។ ​

ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​ថ្លែង​ថា ​សហរដ្ឋ​អាមេរិក​ជា​ពិសេស​គណបក្ស​ទាំង​ពីរ​គួរ​តាក់​តែង​ច្បាប់​យ៉ាងណា​ដែល​អាច​អនុញ្ញាតិ​ដល់​ក្រុម​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន​ជ្រក​កោណ​ក្នុង​ប្រទេស​អាមេរិក​និង​រួច​ផុត​ពី​ការ​បណ្តេញ​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​វិញ។

អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​គឺ​យោង​ទៅ​លើ​បទបញ្ជា​និតិប្រតិបត្តិ​របស់​លោក​ ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​ដែល​អាច​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​គ្មានសំបុត្រ​ស្នាម​រាប់​លាន​នាក់​ជៀស​ផុត​ពី​ការ​បណ្តេញ​ចេញ​ពី​សរអា។​ រឿង​នេះ​ត្រូវ​ក្រុម​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ដែល​នឹង​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់​តាំង​ចិត្ត​ថា​នឹង​តប​ត​ហើយ​សម្តែង​នូវ​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

លោក​ អ៊ិន សួន​ អាយុ​៦១ឆ្នាំ​មានស្រុក​កំណើត​នៅ​ឃុំ​ស្វាយចេក ​ខេត្ត​បន្ទាយមានជ័យ។​ ក្នុង​ឆ្នាំ​១៩៨២​ លោក​បាន​មក​រស់​នៅ​ក្នុង​ក្រុង​អូកឡែន​ (Oakland) រដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រទេស​អាមេរិក។ លោក​បាន​អះអាង​ថា ​ការ​បណ្តេញ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​ប្រទេស​ដើម​វិញ​ចោល​ក្រុមគ្រួសារ​ កូន​កើត​ក្នុង​ប្រទេស​នេះ​នឹង​មាន​ផល​វិបាក​ច្រើន​ដូច​ជា​ការ​ប៉ះ​ទង្គិច​ដល់​ជីវភាព​និង​ការ​រស់​នៅ ​ហើយ​ជា​ពិសេស​ការប៉ះ​ទង្គិច​ផ្លូវចិត្ត។

«ទី​២​ គួរ​តែ​កុំ​ដេញ​គ្នា​ទៅ​វិញ​អី ​កុំ​និរទេស​គ្នា​ទៅ​វិញ​អី ​គឺ​គួរ​រក​វិធានការ​ ត្រូវ​តែ​ជួយ​សង្គ្រោះ​ពួក​គេ ​ហើយ​មាន​កិច្ចការ​សង្គមកិច្ច​ជាច្រើន​ត្រូវ​តែ​លៃលក​ឲ្យ​បាន​ ដិត​ដល់»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក​គាំទ្រ​ឲ្យ​មាន​ការ​បញ្ជូន​ទៅ​វិញ​ចំពោះ​ជន​ដែល​ ប្រព្រឹត្ត​អំពី​ឧក្រិដ្ឋ​ តែ​មិន​មែន​ជន​អន្តោប្រវេសន៍​ដែល​ខំ​ប្រឹង​ធ្វើ​ការ​និង​តស៊ូ​ ដោយ​គ្រាន់​តែ​ចង់​បាន​កា​ររស់​នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ​ទេ។

«ខ្ញុំ​ពិចារណា​មើល​ការ​យក​មក​ជជែក ​ដេញ​ដោល​អំពី​ជន​អន្តោប្រវេសន៍​ហ្នឹង​គឺ​ ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ដែល​ជន​អន្តោប្រវេសន៍​ប្រព្រឹត្ត​ហើយ​ពិបាក​នឹង តាមដាន ​ពិបាក​នឹង​រក។ ​នេះទី​១។​ ហើយ​ទី២​ វា​ដូច​ជា​មាន​ភាព​រញ៉េ​រញ៉ៃ​ ជា​ពិសេស​ដូច​ខាង​ខ្ញុំ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ហ្នឹង​ វា​មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ខ្លះ​ លប​លាក់​លួច​នៅ​ធ្វើ​ការងារ ​ហើយ​ផ្នែក​ខាង​ឈ្មួញ ​ផ្នែក​ខាង​ក្រុមហ៊ុន​ ដែល​បើក​តូចតាច​ធ្វើ​កិច្ចការ​ហ្នឹង​ យក​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ហ្នឹង​មក​ធ្វើ​ការ​ដល់​មក​ធ្វើ​ការ​ទៅ​អត់​បាន​បង់​ពន្ធដារ​ជូន​រដ្ឋាភិបាល»។

លោក​បាន​បន្ទរ​តាម​ការ​អះអាង​របស់​មន្ត្រី​លោក​ប្រធានាធិបតី​ខ្លះ​ដែល​ថា​ ការ​អនុញ្ញាតិ​ដល់​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ស្នាក់​នៅ​ក្នុង​ប្រទេស​អាមេរិក​ដោយ​ការ​ធ្វើ​ច្បាប់​នោះ​អាច​ធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​ ពួក​គេ​ធ្វើ​ការ​បង់ពន្ធ​បង្កើន​សេដ្ឋកិច្ច​ប្រទេស ​ប្រសិន​បើ​គេ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​នានា។ ​ឧទាហរណ៍​ដូច​ជា​ការ​បេះ​ផ្លែ​ឈើ​ ធ្វើ​ជាង​សំណង់​ជាដើម​ដែល​លោក​ អ៊ិន សួន​ ថា​ ពន្ធដារ​កន្លង​មក​បាត់​យ៉ាង​ច្រើន​ដោយសារ​តែ​គ្មាន​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ច្បាស់លាស់។

លោក​ ហ៊ូ តេង ​អាយុ​៦៩​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។​ លោក​មក​ រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពីឆ្នាំ​១៩៨២ ​ជា​ជាង​សំណង់​ចូល​និវត្តន៍។​ បច្ចុប្បន្ន​លោក​រស់​នៅ​ក្នុង​ក្រុង​ហ្វ៊ីឡាឌែលហ្វា​ (Philadelphia) រដ្ឋ​ភេនស៊ីនវេនៀ (Pennsylvania)។​ លោក​ថា​ច្បាប់​មនុស្ស​អ្នក​ធ្វើ ​ហើយ​មនុស្ស​ក៏​អាច​កែប្រែ​បាន​ដែរ ដែល​លោក​ថា​ជា​ការ​ល្អ​ដែល​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​រួមគ្នា​ដើម្បី​រក​ច្រក​ចេញ​ណា​មួយ​ចំពោះ​ការ​អនុញ្ញាតិ​ឲ្យ​ជន​អន្តោប្រវេសន៍​បាន​រស់​នៅ​ស្រប​ច្បាប់។

«គំនិត​របស់​ខ្ញុំៗ​ជឿ​ជាក់​ថា​យើង​ធ្វើ​យ៉ាង​ណា​បង្កើត​ច្បាប់​ថ្មី​ឲ្យ​គ្នា​មាន​សិទ្ធិ​ជ្រកកោណ​ រស់​នៅ​ឲ្យ​ពេញ​លក្ខណៈ​ដូច​ជា​មនុស្ស​ប្រជាធិបតេយ្យ​ ដូច​គេ​ដូច​ឯង​នៅ​ក្នុង​សាកលលោក​ ដែល​គេ​កាន់​លទ្ធិប្រជាធិបតេយ្យ​ ហើយ​ការ​បញ្ជូន​ទៅ​នឹង​ក៏​ខ្ញុំ​ជឿ​ថា​វា​ខុស​ឆ្គង​ចំពោះ​ច្បាប់​សិទ្ធិ​មនុស្ស​របស់​យើង​ហ្នឹង​ព្រោះ​គ្នា​មក​រស់​នៅ​៥ឆ្នាំ​១០ឆ្នាំ​ឬ​ក៏​កើត​នៅ​ទីនេះ​អញ្ចឹង ​ហើយ​ដល់​យើង​បញ្ជូន​ទៅ​ហាក់​ដូច​ជា​មិន​សមរម្យ​ចំពោះ​ខ្ញុំ»។

លោក​បាន​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​ហាក់​បី​ដូច​ជា​មិន​មែន​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ទេ​ប្រសិន​បើ​គេ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយ​ពី​គេ​បាន​រស់​នៅ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​ហើយ​នោះ។

«កាល​ណា​គ្នា​រស់​នៅ​ទីនេះ​បាន​សេចក្តី​ថា​គ្នា​ខំ​រក​ការងារ​ធ្វើ​រក​ទីជម្រក​ ហើយ​គ្នា​ដែល​ខំ​រត់​ពួន​ពី​ណា​ពី​ណី​ ខំ​រត់​មក​នៅ​ទីនេះ​ទាំង​ខុស​ច្បាប់ ​បាន​សេចក្តី​ថា ​ដូច​គ្នា​ដល់​ត្រើយ​ហើយ។​ បាន​សេចក្តី​ថា​ដល់​ពេល​គ្នា​ដល់​ត្រើយ​ហើយ​យើង​ បញ្ជូន​គ្នា​ទៅ​វិញ​ វា​ហាក់​ដូច​ជា​ខកចិត្ត​ធំ​សម្បើម​ដែរ​សម្រាប់​ជីវិត​គ្នា​ម្នាក់ៗ។ យើង​ប្រៀបធៀប​ថា​ ឧបមា​ថា​ខ្លួន​យើង​វិញ ​ធ្វើ​អញ្ចឹង​វិញ ​ពេល​គេ​ចាប់​បញ្ជូន​ទៅ​វិញ​តើ​យើង​ខកចិត្ត​ប៉ុន្មាន?»

ពី​ទី​ក្នុង​ក្រុង​ស៊ីអាថល (Seattle) ​ រដ្ឋ​វ៉ាស៊ីនតោន​ លោក​ លែរី សេង​ ជា​បុគ្គលិក​ក្រុមហ៊ុន​ប៊ូអ៊ីង ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ ហើយ​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​អាមេរិក​ក្នុង​ឆ្នាំ​១៩៨៨។

លោក​បាន​ថ្លែង​ថា​ ជា​ការ​ល្អ​ប្រសិន​បើ​សភា​អាមរិកាំង​កែប្រែ​ច្បាប់​ឲ្យ​ស្រប​តាម​ ស្ថានការណ៍​បច្ចុប្បន្ន​ និង​ផ្តល់​ឱកាស​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន​រស់​នៅ​ សម​ស្រប​តាម​ច្បាប់​វិញ។ ​ហើយ​លោក​បាន​កោត​សរសើរ​ដល់​លោក​ប្រធានាធិបតី​អូបាម៉ា​និង​គណបក្ស​ប្រជាធិបតេយ្យ​មាន​បំណង​កែ​ច្បាប់​ដើម្បី​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន​រស់​នៅ​ស្រប​ច្បាប់​ ប្រកប​កិច្ចការ​បង់​ពន្ធ​ជូន​រដ្ឋ​បាន​មាន​ជីវភាព​និង​សុខភមង្គល​ក្នុង​គ្រួសារ​បាន។

«ស្ថានការណ៍​ហ្នឹង​ ខ្ញុំ​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​ម្នាក់​មក​រស់​នៅ​លើ​ទឹកដី​សរអា​នេះ​ ខ្ញុំ​មាន​ការ​ពិសោធ​ច្រើន​ក្នុង​ជីវិត​ពីព្រោះ​ជនភៀស​ខ្លួន​នីមួយៗ​ដែល​រត់​ចេញ​ពី​ ប្រទេស​របស់​ខ្លួន​ហ្នឹង​ដោយ​សារ​មាន​ការ​រស់​នៅ​មិន​ប្រកប​ទៅ​ដោយ​សេរីភាព​ ជីវភាព​ហ្នឹង​ដុនដាប​ ម្ល៉ោះ​ហើយ​គ្នា​ស្វែងរក​ទីកន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ សុភមង្គល​សម្រាប់​គ្រួសារ​និង​អនាគត​របស់​កូនចៅ»។

យ៉ាង​ណា​ក៏​ដោយ​លោក ​យ័ប គឹមទឹង ​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋ​វីជីនៀ​ ហើយ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​ការ​បញ្ជូន​ចេញ​ក្រុម​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​វិញ​ជា​រឿង​ធ្វើ​លំបាក​ផ្លូវ​ចិត្ត​និង​បាត់​សុភមង្គល​ក្នុង​គ្រួសារ។​ តែ​លោក​បាន​ឃើញ​ថា ​សរអា​មាន​ការ​គោរព​ច្បាប់​និង​ជជែក​វែកញែក​ខ្លាំង​រឿង​ផ្លូវ​ច្បាប់ ​មិន​អាច​ស្ថាប័ន​ណា​មួយ​ចេះ​តែ​មាន​អំណាច​ធ្វើ​អ្វី​តាម​ចិត្ត​បាន​ទេ។

«វា​ពិបាក​ដែរ ​តែ​ពួក​នោះ​ចូល​មក​នៅ​ស្រុក​គេ​ខុស​ច្បាប់​ ម្ល៉ោះ​ហើយ​គេ​ត្រូវ​អនុវត្ត​ ច្បាប់​ដើម្បី​ជំរុញ​ពួក​ហ្នឹង​ចេញ​ទៅ​វិញ​ តែ​នៅ​សរអា​ ខ្ញុំ​ឃើញ​ម្យ៉ាង​គឺ​ថា ​គេ​មិន​ ទាត់​ធាក់​ប្រជាជន​ គេ​ឲ្យ​ប្រជាជន​មាន​សិទ្ធិ​ដូច​ថា​ រក​មេធាវី​ រក​អី​តាម​ច្បាប់​ដើម្បី​ ធ្វើ​តំណាង​គេ។ ម្ល៉ោះ​ហើយ​គេ​មិន​ធ្វើ​របៀប​ឃោរឃៅ​ដូច​យើង​ធ្លាប់​ឃើញ​នៅ​ក្នុង​ ប្រទេស​ផ្សេងៗ​ទៀត»។

លោក​បាន​បន្ថែម​ថា​ ជា​ការ​ល្អ​មួយ​ក្នុង​ប្រទេស​អាមេរិក​ដែល​មន្ត្រី​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ចៅហ្វាយ​ ជជែក​គ្នា ​ដេញដោល​គ្នា​ឲ្យ​ពលរដ្ឋ​បាន​ដឹង​និង​ពិចារណា។

«ប៉ុន្តែ​ ខ្ញុំ​យល់​ថា​ នេះ​ជា​ការ​ល្អ ​ពីព្រោះ​ការ​គោរព​ច្បាប់​ ចេះ​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​ មក ​អញ្ចឹង​ជា​ការ​ល្អ​ព្រោះ​ បើ​មិន​អញ្ចឹង​ទេ​ អ្នក​ដែល​មាន​អំណាច​ច្រើន​តែ​ រំលោភ​សិទ្ធិ​ប្រជាជន​ឬ​មួយ​ក្រុម​មួយ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​អត់​មាន​យុត្តិធម៌។​ ដល់​ ពេល​នៅ​ស្រុក​អាមេរិកាំង​គេ​មាន​ច្បាប់​អញ្ចឹង​ទៅ​ ទោះ​បី​ជា​ប្រធានាធិបតី​យើង​មើល​ទៅ​ឃើញ​ថា​មាន​អំណាច​ខ្លាំង​មែន​ក៏ដោយ​ ក៏ប៉ុន្តែ​ត្រូវ​តែ​គោរព​ច្បាប់​ បើ​មិន​គោរព​ច្បាប់​ទេ ​គេ​អាច​ធ្វើ​បាប​ប្រធានាធិបតី​ហ្នឹង​បាន»។

ពលរដ្ឋ​ខ្មែរ​ជិត​កន្លះ​លាន​នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អាមេរិក​ក្រោយ​ពី​ភៀស​ខ្លួន​មក​ពី​ប្រទេស​កំណើត​ដោយសារ​សង្គ្រាម​ ដោយសារ​របប​ខ្មែរក្រហម​និង​ ដោយសារ​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ផ្សេងៗ ​ដែល​គេ​ដឹង​មាន​មួយ​ចំនួន​ក៏​កំពុង​រស់​នៅ​ ខុស​ច្បាប់​ឬ​គ្មាន​សញ្ជាតិ​អាមេរិកាំង​ដែរ​ ហើយ​ពួកគេ​អាច​ទទួល​ផល​ប្រយោជន៍​ ពី​បទ​បញ្ជា​និតិប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ដែរ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ បាន​ចោទ​លោក​ប្រធានាធិបតី​ ថា​បាន​រៀបចំ​ឲ្យ​មាន​ការ​លើកលែង​ទោស​ ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ ដែល​ជា​ការ​រំលោភ​លើ​អំណាច​របស់​លោក។​ តែ​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋសភា ​និង​ក្នុង​ព្រឹទ្ធសភា​បាន​សរសើរ​លោក​ប្រធានាធិបតី​អូបាម៉ា ​ចំពោះ​សេចក្តី​ក្លាហាន​របស់​លោក​ ហើយ​បាន​និយាយ​ថា​ លោក​រក្សា​សេចក្តី​ថ្លៃថ្នូរ​ក្នុង​គ្រួសារ ​ដោយ​បញ្ឈប់​ការ​បែក​បាក់​គ្រួសារ ​ដោយសារ​ការ​បណ្តេញ​ចេញ​ពី​ប្រទេស​នោះ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សភា​ទាំង​ពីរ​ថ្នាក់​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង ភាគ​ច្រើន​នោះ​ អាច​នឹង​ធ្វើ​ការ​ប្រឆាំង​នឹង​បទបញ្ជា​នីតិប្រតិបត្តិ​សប្តាហ៍​មុន​របស់​លោក​ប្រធានាធិបតី​ ក្រោយ​ពេល​បុណ្យ​អរ​ព្រះ​គុណ​របស់​អាមេរិកាំង​ (Thanksgiving) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៧​ ខែ​វិច្ឆិកា​នេះ៕