លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានទទួលស្វាគមន៍មេដឹកនាំខាងវឌ្ឍនភាពគឺលោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងទៅនេះ។
លោកអូបាម៉ាបានមានប្រសាសន៍ថា «គេនិយាយថា អ្នកអាចជ្រើសរើសមិត្តភក្តិបាន ប៉ុន្តែអ្នកមិនអាចជ្រើសរើសប្រទេសជិតខាងបាននោះទេ។ តាមលក្ខណៈភូមិសាស្រ្ត សហរដ្ឋអាមេរិក និងប្រទេសកាណាដាមានសំណាងណាស់ដែលបាននៅក្បែរគ្នា ប៉ុន្តែតាមជម្រើស ប្រទេសទាំង២គឺជាសម្ព័ន្ធមិត្តមិនប្រែប្រួល និងជាមិត្តដ៏ជិតស្និទ្ធ»។
លោកអូបាម៉ាបានលើកឡើងអំពីតម្លៃជារួមក្នុងពិធីទទួលស្វាគមន៍លោក Trudeau នៅវាលស្មៅខាងត្បូងក្នុងបរិវេណសេតវិមាន ដោយបញ្ជាក់អំពីសុខាភិបាល សេរីភាពសាសនា និងភាពចម្រុះនៃប្រទេសទាំង២។
មនុស្សជាច្រើនយល់ថា លោកនាយករដ្ឋមន្រ្តីថ្មីរបស់កាណាដារូបនេះគឺជាលោកអូបាម៉ាទី២។ លោក Trudeau វ័យ៤៤ឆ្នាំបានឃោសនាដោយប្រើប្រាស់សារនៃក្តីសង្ឃឹម និងការផ្លាស់ប្ដូរស្រដៀងនឹងលោកប្រធានាធិបតីអាមេរិកដែរ។
គណបក្សសេរីភាពរបស់លោក Trudeau បានយកឈ្នះនៅក្នុងការបោះឆ្នោតសភាកាណាដាកាលពីខែតុលា ដោយបានយកឈ្នះលោកនាយករដ្ឋមន្រ្តី Stephen Harper និងគណបក្សអភិរក្សនិយមរបស់លោកដែលបានកាន់អំណាចតាំងពីឆ្នាំ២០០៦មក។
មេដឹកនាំទាំង២រូបបានជួបគ្នានៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក មុនពេលបើកសន្និសីទសារព័ត៌មានរួមមួយ និងចូលរួមបរិភោគអាហារពេលល្ងាចកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
មុនពេលលោក Trudeau មកដល់ សេតវិមានបានប្រកាសពីជំហានជារួមមួយចំនួនដែលសហរដ្ឋអាមេរិក និងកាណាដានឹងធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ប្រទេសជិតខាងទាំង២នេះបានប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពី៤០ទៅ៤៥ភាគរយទាបជាងកម្រិតឧស្ម័នដែលបានបញ្ចេញកាលពីឆ្នាំ២០១២ នៅក្នុងទសវត្សរ៍ខាងមុខនេះ ដោយអភិរក្សដី និងទឹកនៅមហាសមុទ្រអាកទិច និងបង្កើនការអភិវឌ្ឍបច្ចេកវិទ្យាបៃតង។
សហរដ្ឋអាមេរិក និងកាណាដាក៏បានប្តេជ្ញាក្នុងការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅក្នុងទីក្រុងប៉ារីស និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឲ្យឆាប់តាមតែអាចធ្វើបាន៕