លោក​អូបាម៉ា​​ថ្លែង​​ថា​ យើង​មិន​ធ្វើ​សង្គ្រាម​ជា​មួយ​សាសនា​​អ៊ីស្លាម​ទេ

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​អំពាវនាវ​សុំ​ឲ្យ​មេ​ដឹកនាំ​ពលរដ្ឋ​និង​សាសនា​នៅ​ជុំវិញ​ពិភពលោក​ រួប​រួម​គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​«សេចក្តី​សន្យា​បន្លំ​នៃ​ក្រុម​ជ្រុល​និយម»​ ហើយ​ច្រាន​ចោល​ការ​យល់​ថា​ក្រុម​«ភេរវករ»​ជា​អ្នក​តំណាង​ឲ្យ​សាសនា​អ៊ីស្លាម។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​អំពាវនាវ​សុំ​ឲ្យ​មេ​ដឹកនាំ​ពលរដ្ឋ​និង​សាសនា​នៅ​ជុំវិញ​ពិភពលោក​ រួប​រួម​គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​«សេចក្តី​សន្យា​បន្លំ​នៃ​ក្រុម​ជ្រុល​និយម»​ ហើយ​ច្រាន​ចោល​ការ​យល់​ថា​ក្រុម​«ភេរវករ»​ជា​អ្នក​តំណាង​ឲ្យ​សាសនា​អ៊ីស្លាម។​

នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ក្រុង​ វ៉ាស៊ីនតោន​ ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ជ្រុលនិយម​ លោក​ អូបាម៉ា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា​ «ពួក​ភេរវករ​ព្យាយាម​ដើរ​តួ​ដាក់​ខ្លួន​ជា​មេ​ដឹកនាំ​សាសនា​ ជា​យុទ្ធជន​សាសនា។​ ជន​ទាំង​នោះមិន​មែន​ជា​មេ​ដឹកនាំ​សាសនា​ទេ​ ពួក​គេ​ជា​ភេរវជន។​ យើង​មិន​ធ្វើ​សង្គ្រាម​ជា​មួយ​សាសនា​ អ៊ីស្លាម​ទេ។​ យើង​ធ្វើ​សង្គ្រាម​ជា​មួយ​មនុស្ស​ដែល​បាន​ប្រើ​សាសនា​អ៊ីស្លាម​ខុស​បទ»។​

លោក​ អូបាម៉ា​ បាន​ថ្លែង​ទៅ​ក្រុម​ប្រតិភូ​ នៅ​ក្នុង​សន្និសីទ​បី​ថ្ងៃ​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជ្រុលនិយម​ មិន​អាច​ទទួល​ជ័យ​ជំនះ​បាន​ទេ​ ដោយ​សារ​កម្លាំង​យោធា​តែ​មួយ​នោះទេ។​

លោក​ក៏​បាន​អំពាវនាវ​ដោយ​ផ្ទាល់​ដល់​មេ​ដឹកនាំមូស្លីមសំខាន់ៗ​ ឲ្យ​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​មនោគមវិជ្ជា​ហិង្សា​ឃោរឃៅ​ផង​ដែរ។​ លោក​ថ្លែង​ថា​ បុគ្គល​គ្រប់​រូប​មាន​កាតព្វកិច្ច​មួយ​ក្នុង​ការ​«និយាយ​យ៉ាង​ច្បាស់»​ ប្រឆាំង​នឹង​អំពើ​ហិង្សា​ដែល​ប្រព្រឹត្តិ​ទៅ​លើ មនុស្ស​ស្លូត​ត្រង់។​ លោក​ថ្លែង​ថា​ «មេ​ដឹកនាំមូស្លីមត្រូវ​ធ្វើការ​ឲ្យ​លើស​ ពី​ការ​គ្រាន់​តែ​បំបាត់​ការ​យល់​ឃើញ​ថា​ប្រទេស​យើង​បាន​ប្តេជ្ញា​ចង់​បង្ក្រាប​សាសនា​អ៊ីស្លាម»​៕