លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barack Obama)បានប្តេជ្ញាថាស.រ.អា.នឹងឆ្លើយតប «ឱ្យបានសម»ទៅនឹងការវាយប្រហារដោយកុំព្យូទ័រលើក្រុមហ៊ុនផលិតខ្សែភាពយន្ត Sony Pictures ដែលការិយាល័យសហព័ន្ធខាងការស៊ើបអង្កេតហៅកាត់ថា FBI បានបន្ទោសទៅលើប្រទេសកូរ៉េខាងជើង។
ថ្លែងកាលពីថ្ងៃសុក្រនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់លោកនៅដំណាច់ឆ្នាំនៅឯសេតវិមាន លោកអូបាម៉ាបានមានប្រសាសន៍ថាក្រុមហ៊ុន Sony «បានធ្វើកំហុសមួយ» ក្នុងការលុបចោលការចេញបញ្ចាំងភាពយន្តរឿងប្រឌិតកំប្លែងមួយស្តីពីការធ្វើឃាតលោក Kim Jong Un មេដឹកនាំប្រទេសកូរ៉េខាងជើងដោយសារមានការគំរាមកំហែងថានឹងមានការវាយប្រហារថែមទៀត។
លោកអូបាម៉ាបានមានប្រសាសន៍ថាលោកមានសមានចិត្តដល់កង្វល់របស់ ក្រុមហ៊ុន Sony ក៏ប៉ុន្តែលោកបានមានប្រសាសន៍បន្ថែមតាមពាក្យសម្តីផ្ទាល់របស់លោកថា"យើងមិនអាចមានសង្គមមួយដែលនៅក្នុងនោះអ្នកកាន់អំណាចផ្តាច់ការនៅកន្លែងណាមួយអាចចាប់ផ្តើមដាក់កំហិតលើការត្រួតពិនិត្យនៅទីនេះទេ។ លោកប្រធានាធិបតីក៏បានមានប្រសាសន៍ផងដែរថាគ្មានសញ្ញាថាប្រទេសកូរ៉េខាងជើងបានធ្វើការជាមួយប្រទេសមួយទៀតលើការវាយប្រហារតាម Internet នេះទេ។លោកអូបាម៉ាបានមានប្រសាសន៍ថាស.រ.អា.នឹងឆ្លើយតបនឹងការលបលួចចូលក្នុងប្រព័ន្ធ computer នេះតាម «វិធីនិងពេលវេលាមួយដែលយើងនឹងជ្រើសរើស»៕