ប្រធានាធិបតី​អូបាម៉ា​អំពាវនាវ​ឲ្យ​ពិភពលោក​«មិន​ងាក​រេ‍»​ក្នុង​ការ​ប្តេជ្ញា​ប្រយុទ្ធ​នឹង​ភេរវកម្ម​

ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​ការ​តទល់​នឹង​អំពើ​​ជ្រុលនិយម​ហិង្សា (Countering Violent Extremism (CVE) Summit) នៅ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៃ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ពិភពលោក​ទាំង​មូល​«មាន​ការ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខទោស‍​ដោយ​អំពើ​ជ្រុលនិយម​ប្រើ​ហិង្សា​និង​អំពើ​ភេរវកម្ម»។​ លោក​បាន​ថ្លែង​ដូច្នេះនៅ​ក្នុង​អំឡុង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​សន្និសីទ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​ផ្តោត​លើ​យុទ្ធសាស្ត្រ​តទល់​នឹង​លទ្ធិ​ជ្រុលនិយម​ហិង្សា។

ក្នុង​សុន្ទរកថា​ទៅ​កាន់​អ្នក​តំណាង​មក​ពី​ប្រទេស​ជាង​៦០ ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​«ឥត​ងាក​រេ‍»​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវករ។

លោក​បាន​ថ្លែង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សុន្ទរកថា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​អំពាវនាវ​ឲ្យ​ពិភពលោក​ទាំង​មូល​ទប់ទល់​នឹង​អំពើ​ជ្រុលនិយម​ប្រើ​ហិង្សា ដោយ​លោក​និយាយ​ថា ក្រុម​ជីហាត (jihadists) បាន​ផ្សព្វផ្សាយ​ពាក្យ​ភូត​កុហក​មួយ​ដែល​ថា សង្គ្រាម​វប្បធម៌​មួយ​កំពុង​កើត​មាន​ឡើង។​

លោក​អូបាម៉ា​ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​នេះ​ថា​«គំនិត​ដែល​ថា​ បស្ចិមប្រទេស​កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សាសនា​អ៊ីស្លាម​នោះ​ជា​រឿង​ភូត​កុហក​យ៉ាង​អាក្រក់។ ហើយ​យើង​ទាំង​អស់​គ្នា ទោះ​បី​ប្រកាន់​ជំនឿ​សាសនា​អ្វី​ក៏​ដោយ មាន​កាតព្វកិច្ច​បដិសេធ​គំនិត​បែប​នេះ។‍»