លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសន្យាផ្តល់ការគាំទ្ររយៈពេលយូររបស់សហរដ្ឋអាមេរិកដល់អឺរ៉ុបហើយបានជំរុញឲ្យមានឯកភាពជាតិទៅតាមអ្វីដែលលោកប្រធានាធិបតីបានមានប្រសាសន៍ថា ព្រឹត្តការណ៍ដ៏សំខាន់សម្រាប់សម្ព័ន្ធមិត្តអង្គការអូតង់និងអឺរ៉ុប។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា «នៅក្នុងពេលដ៏ប្រឈមនេះ ខ្ញុំចង់យកឱកាសនេះដើម្បីថ្លែងបញ្ជាក់ឲ្យច្បាស់ពីអ្វីដែលនឹងគ្មានការផ្លាស់ប្តូរ ហើយនេះជាការតាំងចិត្តដោយគ្មានការងាករេរបស់សហរដ្ឋអាមេរិកដល់សន្តិសុខនិងការការពារដល់តំបន់អឺរ៉ុប ដល់ទំនាក់ទំនងឆ្លងកាត់មហាសមុទ្រអាត្លង់ទិករបស់យើង ដល់ការតាំងចិត្តរបស់យើង និងដល់វិស័យការពារប្រទេសរួមរបស់យើង។លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍នៅឯការបិទសន្និសីទកំពូលរបស់អង្គការអូតង់កាលពីថ្ងៃសៅរ៍ថា មន្រ្តីសហរដ្ឋអាមេរិកបានហៅជំនួបនោះជាការសំខាន់ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។
មន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា សន្និសីទកំពូលរបស់អង្គការអូតង់ កត់សម្គាល់នូវរបត់ដ៏សំខាន់ដែលអង្គការអូតង់កំពុងផ្លាស់ប្តូពីការផ្តោតការយកចិត្តទុកដាក់របស់ខ្លួនពីការធានាអះអាងទៅជាការធ្វើឲ្យញញើត។ នៅពេលចាប់ផ្តើមសន្និសីទកំពូលកាលពីថ្ងៃសុក្រ លោកប្រធានាធិបតី អូបាម៉ា បានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ជូនកងទ័ពជិត១ពាន់នាក់ទៅកាន់ប្រទេសប៉ូឡូញដែលជាផ្នែកមួយនៃអ្វីដែលពួកមន្រ្តីបាននិយាយថា ជាកម្លាំងមានចំនួនល្មមដែលមានគោលបំណងកំញ៉ើញភាពគគ្លើនរបស់រុស្ស៊ី។
សមាជិករបស់អង្គការអូតង់ក៏បានព្រមព្រៀងគ្នាដាក់បញ្ជូនកងទ័ពបន្ថែមទៅកាន់រដ្ឋនានានៅក្នុងសមុទ្របាល់ទិករួមមាន ប្រទេស Estonia, Latvia និងប្រទេស Lithuania ដែលជាផ្នែកមួយនៃអ្វីដែលពួកមន្រ្តីអង្គការអូតង់ និយាយថា ជាការដាក់ពង្រាយរបស់សម្ព័ន្ធមិត្តដ៏ធំបង្អស់ចាប់តាំងការបញ្ចប់សង្គ្រាមត្រជាក់មក៕