មួយសប្តាហ៍ក្រោយពីប្រទេសតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង ដែលបណ្តាលឲ្យមានភាពតានតឹងនោះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កំពុងអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ហើយឲ្យមានការរួបរួមគ្នាផ្តោតទៅលើជម្លោះនៅស៊ីរីវិញ។
លោក អូបាម៉ា បាននិយាយថា៖ «យើងទាំងអស់គ្នា មានសត្រូវរួមគ្នាមួយ នោះគឺក្រុមរដ្ឋឥស្លាមឬ ISIL។ ខ្ញុំចង់ធ្វើឲ្យប្រាកដថា យើងផ្តោតទៅលើសត្រូវនោះ ហើយខ្ញុំចង់ធ្វើឲ្យប្រាកដថា យើងនៅតែផ្តោតទៅលើតម្រូវការក្នុងការនាំមកនូវដំណោះស្រាយនយោបាយមួយក្នុងប្រទេសស៊ីរី»។
លោកប្រធានាធិបតីអាមេរិកបានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃអង្គារនេះបន្ទាប់ពីជំនួបជាមួយនឹងសមភាគីតួកគីរបស់លោក គឺលោក Recip Tayyip Erdogan នៅក្រៅសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងទីក្រុងប៉ារីស។ កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរកើតឡើងមួយសប្តាហ៍ក្រោយពីប្រទេសតួកគី បានបាញ់ទម្លាក់យន្តហោះចម្បាំង SU-24 មួយគ្រឿងដោយនិយាយថា យន្តហោះរបស់រុស្ស៊ីនោះបានឆ្លងចូលដែនអាកាសរបស់តួកគី។
ប្រទេសរុស្ស៊ីបានទទូចថា យន្តហោះរបស់ខ្លួនមិនបានឆ្លងចូលព្រំដែនតួកគីទេ ហើយរុស្ស៊ីក៏បានតបតរវិញដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងក្រុងអង់ការ៉ា (Ankara) របស់តួកគី៕