អូបាម៉ា​ជំរុញ​ឲ្យ​ពូទីន​ផ្អាក​ការវាយ​ប្រហារ​តាម​អាកាស​លើ​ក្រុម​ប្រឆាំងស៊ីរី

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry និង​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​ Sergei Lavrov នៅ​ក្នុង​សន្និសីទ​កាសែត​ នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ បន្ទាប់​ពី​កិច្ច​ប្រជុំ​អន្តរជាតិ​នៃ​ក្រុម​គាំទ្រ​ស៊ីរី​ នៅ​ក្នុង​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់។​

លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់​ អូបាម៉ា​ បាន​ពិភាក្សា​វិបត្តិ​ស៊ីរី​ជាមួយ​លោក​ប្រធានាធិបតី​រុស្សី​ Vladimir Putin ដោយ​លោក​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ ដែល​បំពេញ​«មុខ​នាទី​មួយ​ប្រកប​ដោយ​ការ​ស្ថាបនា​ដោយ​បញ្ឈប់​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​ប្រឆាំង​នឹង​កង​កម្លាំង​ប្រឆាំង​មិន​និយម​ជ្រុល​នៅ​ក្នុង​ប្រទេស​ស៊ីរី»។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​និយាយ​ថា​ មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ «ពិភាក្សា​គ្នា​អំពី​សេច​ក្តី​សម្រេច​ចិត្ត​និង​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ឡើង​នៅ​ក្នុង​ការប្រជុំកាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​នៃ​ក្រុម​អន្តរជាតិ​គាំទ្រ​ប្រទេស​ស៊ីរី​ហៅ​កាត់​ថា​ ISSG និង​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ឱ្យ​បាន​ទៅ​ដល់​តំបន់​ត្រូវ​ឡោម​ព័ទ្ធ​នៃ​ប្រទេស​ស៊ីរី»។​

នៅ​ក្នុង​ការប្រជុំ​របស់​ក្រុម​ ISSG ក្នុង​ក្រុង​ Munich កាល​ពី​សប្តាហ៍​មុន​ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry និង​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​ Sergei Lavrov បាន​ប្រកាស​អំពី​ផែនការ​មួយ​ដើម្បី​ឱ្យ​មាន​ «ការបញ្ឈប់​អរិភាព» នៅ​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​រយៈពេល​មួយ​អាទិត្យ​ជាមួយ​កិច្ច​ឈប់​បាញ់​គ្នា​ជា​ផ្លូវការ​នៅ​ពេល​បន្ទាប់​មក​ទៀត។

ប្រទេស​រុស្សី​បាន​ចា​ប់ផ្តើម​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ចុង​ខែ​កញ្ញា ​ដោយ​ប្រកាស​ថាគោលដៅ​កាត់​បន្ថយ​កង​កម្លាំង​រដ្ឋឥស្លាម។​

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បស្ចិម​ប្រទេស​និយាយ​ថា​ ការវាយ​ប្រហារ​ភាគ​ច្រើន​របស់​រុស្ស៊ី​បាន​យក​ពួក​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ដែល​មិន​និយម​ជ្រុល ​ជា​ទីដៅ​នៃ​ការវាយ​ប្រហារ។

រដ្ឋាភិបាលក្រុង​ម៉ូស្គូ​បាន​ច្រានចោល​ការរិះ​គន់​នេះហើយ៕